អេម៉ុស 2:4-16

អេម៉ុស 2:4-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​យូដា​បាន ប្រព្រឹត្ត​អំពើ​បាប​បី​បួន​លើក​ផ្ទួនៗ​គ្នា យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​បោះ​បង់​ចោល ក្រឹត្យ‌វិន័យ​របស់​យើង​ជា​ព្រះ‌អម្ចាស់ ហើយ​មិន​កាន់​តាម​ច្បាប់​របស់​យើង​ទេ។ ពួក​គេ​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ ដូច​ដូនតា​របស់​ពួក​គេ​ដែរ។ ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ស្រុក​យូដា ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ របស់​ក្រុង​យេរូ‌សាឡឹម​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អ៊ីស្រា‌អែល​បាន ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត​ដើម្បី​ប្រាក់ និង​លក់​ជន​ក្រីក្រ​ដើម្បី​ស្បែក​ជើង​មួយ​គូ។ ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​ទុគ៌ត ហើយ​រំលោភ​សិទ្ធិ​ប្រជា‌ជន​តូច‌តាច។ កូន និង​ឪពុក​រួម​ដំណេក​ជា​មួយ​ស្រី​តែ​ម្នាក់ ពួក​គេ​ធ្វើ​ដូច្នេះ ប្រមាថ​នាម​ដ៏វិសុទ្ធ​របស់​យើង។ នៅ​ក្បែរ​អាសនៈ​របស់​ពួក​គេ ពួក​គេ​ដេក​លើ​សម្លៀក‌បំពាក់​ដែល​អ្នក​ក្រ យក​មក​បញ្ចាំ។ ពួក​គេ​យក​ស្រា​ពី​អ្នក​ដែល​ត្រូវ​ពិន័យ ទៅ​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ពួក​គេ​ដែរ។ រីឯ​យើង​វិញ យើង​បាន​បំផ្លាញ​អ្នក​ស្រុក​អាម៉ូរី ដែល​មាន​កម្ពស់​ដូច​ដើម​គគីរ និង​មាន​កម្លាំង​ដូច​ដើម​ម៉ៃ‌សាក់ ឲ្យ​វិនាស​សាប‌សូន្យ​នៅ​មុខ​ពួក​គេ គឺ​យើង​បាន​បំផ្លាញ​ទាំង​ដើម ទាំង​ឫស។ យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​ដឹក​នាំ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចាប់​យក​ទឹក​ដី​អាម៉ូរី។ យើង​បាន​ធ្វើ​ឲ្យ​ពួក​ព្យាការី​ងើប​ឡើង ពី​ចំណោម​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​ឲ្យ​ពួក​ណាសា‌រីត*​ងើប​ឡើង ពី​ចំណោម​ពួក​យុវជន​របស់​អ្នក​រាល់​គ្នា តើ​ពិត​ជា​ដូច្នេះ​មែន​ឬ​កូន​ចៅ​អ៊ីស្រា‌អែល? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អក​ស្រា​ដល់​ពួក​ណាសា‌រីត* អ្នក​រាល់​គ្នា​ហាម​ពួក​ព្យាការី​មិន​ឲ្យ ថ្លែង​ពាក្យ​ក្នុង​នាម​យើង ហេតុ​នេះ យើង​នឹង​កិន​កម្ទេច​អ្នក​រាល់​គ្នា ឲ្យ​ខ្ទេច‌ខ្ទី ដូច​រទេះ​ដឹក​ស្រូវ​កិន​អ្វីៗ​ទាំង​អស់ ដែល​នៅ​ក្រោម​កង់។ អ្នក​រហ័ស‌រហួន​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ អ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា​មិន​អាច​បញ្ចេញ​កម្លាំង អ្នក​ចម្បាំង​ដ៏​អង់‌អាច​ក៏​ពុំ​អាច​សង្គ្រោះ​ជីវិត របស់​ខ្លួន​បាន​ដែរ។ អ្នក​ពូកែ​បាញ់​ធ្នូ​មិន​អាច​តទល់​បាន អ្នក​ពូកែ​រត់​ក៏​រត់​មិន​រួច អ្នក​ជិះ​សេះ​ពុំ​អាច​សង្គ្រោះ​ជីវិត របស់​ខ្លួន​បាន​ដែរ។ នៅ​ថ្ងៃ​នោះ អ្នក​ចម្បាំង​ដ៏​ក្លា‌ហាន​ជាង​គេ នឹង​រត់​ទៅ​ទាំង​ខ្លួន​ទទេ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អេម៉ុស 2

អេម៉ុស 2:4-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ពួក​យូដា អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​ច្បាប់​របស់​ព្រះ‌អង្គ​សោះ គឺ​សេចក្ដី​ភូត​ភរ​របស់​គេ​បាន​ធ្វើ​ឲ្យ​គេ​វង្វេង​ចេញ ជា​សេចក្ដី​ភូត​ភរ​បុព្វ‌បុរស​គេ​បាន​គោរព​តាម។ យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​ស្រុក​យូដា ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​ទីមាំ​មួន របស់​ក្រុង​យេរូ‌សាឡិម។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​អ៊ីស្រា‌អែល អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​មនុស្ស​សុចរិត ដើម្បី​ប្រាក់ ហើយ​លក់​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​ស្បែក​ជើង​មួយ​គូ គេ​ជាន់​ក្បាល​ជន​ក្រីក្រ​ពន្លិច​ក្នុង​ធូលីដី គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​ទុគ៌ត ទាំង​កូន​ទាំង​ឪពុក​ចូល​ទៅ​ឯ​ស្រី​តែ​ម្នាក់ ដែល​ជា​កា​រប្រមាថ​នាម​ដ៏​បរិសុទ្ធ​របស់​យើង គេ​ក្រាល​សម្លៀក‌បំពាក់​ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា ហើយ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គេ គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក ដែល​ខ្លួន​បាន​ពិន័យ។ ប៉ុន្តែ យើង​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កម្ពស់​ដូច​ដើម​តា‌ត្រៅ ហើយ​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់ នៅ​មុខ​ពួក​គេ គឺយើង​បាន​បំផ្លាញ​ទាំង​ផល​របស់​គេ​ខាង​លើ ទាំង​ឫស​របស់​គេ​នៅ​ខាង​ក្រោម។ យើង​ក៏​បាន​នាំ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំអ្នក​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​សែសិប​ឆ្នាំ ដើម្បី​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ។ យើង​បាន​តាំង​កូន​ចៅ​ខ្លះ​របស់​អ្នក​រាល់​គ្នា ឡើង​ធ្វើ​ជា​ហោរា ហើយ​កំលោះ​ខ្លះ​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​ពួក​ណាសារីត ឱ​ប្រជាជន​អ៊ីស្រា‌អែល​អើយ តើ​មិន​មែន​ដូច្នោះ​ទេ​ឬ? នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បង្ខំ​ឲ្យ​ពួក​ណាសារីត ផឹក​ស្រា ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា "កុំ​ទាយ​ឡើយ"។ មើល៍ យើង​នឹង​កិន​អ្នក​រាល់​គ្នានៅ​កន្លែង​របស់​អ្នក ដូច​រទេះ​កិន​នៅ​ពេល​ដឹក​កណ្ដាប់ស្រូវ​ពេញ​ដែរ។ អំណាច​រត់​រួចនឹង​ចេញ​បាត់​ពី​មនុស្ស​លឿន ឯ​មនុស្ស​មាន​កម្លាំងក៏​មិនអាច បញ្ចេញ​កម្លាំង​របស់​ខ្លួន​បាន ហើយ​មនុស្ស​ខ្លាំង​ពូកែ​ក៏​សង្គ្រោះ​ខ្លួន​មិន​បាន​ដែរ អ្នក​ដែល​កាន់​ធ្នូ​នឹង​មិន​អាច​ឈរ​នៅ​បាន អ្នក​ដែល​ជើង​ពូកែ​រត់ នឹង​សង្គ្រោះ​ខ្លួន​ឯង​មិន​រួច ហើយ​អ្នក​ដែល​ជិះ​សេះ ក៏​នឹង​សង្គ្រោះ​ខ្លួន​មិន​បាន​ដែរ អ្នក​ដែល​មាន​ចិត្ត​ក្លាហាន ក្នុង​ចំណោម​មនុស្ស​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេម៉ុស 2

អេម៉ុស 2:4-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​យូដា អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​បញ្ញត្ត​ច្បាប់​របស់​ទ្រង់​សោះ ឯ​របស់​កំភូត​ដែល​ពួក​ឰយុកោ​គេ​បាន​គោរព​តាម នោះ​បាន​ធ្វើ​ឲ្យ​គេ​វង្វេង​ចេញ អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ពួក​យូដា ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​នៅ​ក្រុង​យេរូ‌សាឡិម​អស់​ទៅ។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​អ៊ីស្រាអែល អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​លក់​មនុស្ស​សុចរិត ឲ្យ​បាន​ប្រាក់ ហើយ​មនុស្ស​កំសត់​ទុគ៌ត​ផង ឲ្យ​បាន​ស្បែក​ជើង​១​សំរាប់ សូម្បី​តែ​ធូលី​ដី​ដែល​នៅ​លើ​ក្បាល​មនុស្ស​កំសត់​ទុគ៌ត​នោះ គេ​ក៏​ដង្ហក់​ចង់​បាន​ដែរ ហើយ​គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​រាប​ទាប ឯ​ទាំង​កូននឹង​ឪពុក​ក៏​ចូល​ទៅ​ឯ​ស្រី​ក្រមុំ​តែ​១ ជា​ការ​ដែល​បង្អាប់​ដល់​នាម​បរិសុទ្ធ​របស់​អញ គេ​ក្រាល​សំលៀក‌បំពាក់ ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា ហើយ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នៃ​គេ នោះ​គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក ដែល​ខ្លួន​បាន​ពិន័យ​លក់​ហើយ​ដែរ។ ប៉ុន្តែអញៗ​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​តាត្រៅ ហើយ​មាន​កំឡាំង ដូច​ដើម​ម៉ៃសាក់​ចេញ​ពី​មុខ​ឯង​ទៅ គឺ​អញ​បាន​បំផ្លាញ​ទាំង​ផល​គេ​ខាង​លើ នឹង​ឫស​គេ​នៅ​ខាង​ក្រោម​ផង អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​នាំ​មុខ​ឯង​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ឲ្យ​បាន​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ អញ​បាន​តាំង​ពួក​កូន​ចៅ​ខ្លះ​របស់​ឯង​រាល់​គ្នា​ឡើង​ធ្វើ​ជា​ហោរា នឹង​ពួក​កំឡោះ​ខ្លះ​របស់​ឯង​ធ្វើ​ជា​ពួក​ន៉ាសារីត ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ តើ​មិន​មែន​ដូច្នោះ​ឬ ប៉ុន្តែ ឯង​រាល់​គ្នា​ឲ្យ​ពួក​ន៉ាសារីត​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​វិញ ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ​ឡើយ។ មើល អញ​នឹង​កិន​ឯង​រាល់​គ្នា នៅ​ទី​កន្លែង​របស់​ឯង ដូច​ជា​រទេះ​ដែល​ពេញ​ដោយ​កណ្តាប់​តែង​កិន​ដី​ដែរ នោះ​អំណាច​រត់​រួច នឹង​បាត់​ចេញ​ពី​មនុស្ស​លឿន ឯ​មនុស្ស​មាន​កំឡាំង ក៏​មិន​បាន​ចំរើន​កំឡាំង​របស់​ខ្លួន​ដែរ ហើយ​មនុស្ស​ពូកែ​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​មិន​បាន អ្នក​ណា​ដែល​កាន់​ធ្នូ​នឹង​មិន​អាច​ឈរ​នៅ​បាន ឯ​អ្នក​ដែល​មាន​ថ្វី​ជើង នោះ​មិន​បាន​រួច​ដែរ ហើយ​អ្នក​ដែល​ជិះ​សេះ​នឹង​មិន​ដោះ​ខ្លួន​ឲ្យ​រួច​បាន​ឡើយ ចំណែក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត​ក្នុង​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេម៉ុស 2