កិច្ចការ 9:1-25

កិច្ចការ 9:1-25 គកស១៦

នៅ​ពេល​នោះ លោក​សុល​នៅ​តែ​គំរាម​កំហែង និង​សម្លាប់​ពួក​សិស្ស​របស់​ព្រះ‌អម្ចាស់។ គាត់​បាន​ចូលជួបសម្ដេច​សង្ឃ សុំលិខិត​អនុញ្ញាត​ចូល​ទៅ​កាន់​សាលា​ប្រជុំ​នានា នៅ​ក្រុង​ដាម៉ាស ហើយ​បើ​គាត់​រក​ឃើញ​អ្នក​ណា​ដែល​ប្រតិបត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី គាត់​នឹង​ចាប់​ចង នាំ​យក​មក​ក្រុង​យេរូ‌សាឡិម។ ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ចាំង​មក​ជុំ​វិញ​គាត់។ គាត់​ក៏​ដួល​ទៅ​ដី ហើយ​ឮ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សុល​អើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ?» គាត់​តប​វិញ​ថា៖ «ព្រះ​អ​ម្ចាស់​អើយ! តើព្រះ‌អង្គ​ជា​នរណា?» ព្រះ‌អង្គ​មានព្រះ​បន្ទូល​ថា៖ «ខ្ញុំ​នេះ​ជា​យេស៊ូវ ដែល​អ្នក​បៀត​បៀន ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នៅ​ទីនោះនឹងមាន​គេ​ប្រាប់​អ្នក​ពី​កិច្ច‌ការ​ដែល​អ្នក​ត្រូវ​ធ្វើ»។ ពួក​អ្នក​ដែល​ដើរ​ជា‌មួយ​គាត់ គេ​ឈរ​ស្ងៀម​ឥត​និយាយ​អ្វី​ឡើយ ព្រោះ​គេ​ឮ​សំឡេង តែ​មិន​ឃើញ​មាន​អ្នក​ណា​សោះ។ លោក​សុល​ក៏​ក្រោក​ពី​ដី​ឡើង ហើយទោះ​ជា​គាត់​បើក​ភ្នែក ក៏មើល​មិន​ឃើញ​អ្វី​សោះ។ ដូច្នេះ គេ​ក៏​ដឹក​ដៃ​គាត់ នាំ​ទៅ​ក្រុង​ដាម៉ាស។ រយៈ​ពេល​បី​ថ្ងៃ គាត់​មើល​មិន​ឃើញ​អ្វី​សោះ ក៏​មិន​បាន​បរិ‌ភោគ ឬ​ផឹក​អ្វីឡើយ។ នៅ​ក្រុង​ដាម៉ាស​នោះ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណា‌នាស។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់នៅ​ក្នុង​និមិត្ត​ថា៖ «អាណា‌នាស​អើយ!» គាត់​ទូលតប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​តាម​ផ្លូវ​ដែល​ហៅ​ថា "ផ្លូវ​ត្រង់" ហើយ​រក​មើល​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត មើល៍ គាត់​កំពុង​តែ​អធិស្ឋាន ហើយ​នៅ​ក្នុង​និមិត្ត គាត់​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អាណា‌នាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង​វិញ»។ អាណា‌នាស​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល​បង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដល់​ពួកបរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​នេះ គាត់​បាន​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អំពាវ​នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ»។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ទៅ​ចុះ ព្រោះ​គាត់​ជា​ឧបករណ៍​ដែល​ខ្ញុំជ្រើស​រើស ដើម្បីនាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ព្រម​ទាំង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ផង។ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។ ដូច្នេះ អាណា‌នាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ រួច​មាន​ប្រសាសន៍​ថា៖ «បង​សុល​អើយ! ព្រះ‌អម្ចាស់​យេស៊ូវ ដែល​លេច​មក​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​បង​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ»។ រំពេច​នោះ មាន​អ្វីមួយ​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​របស់​គាត់ ហើយ​គាត់​ក៏​បាន​ភ្លឺ​ឡើង​វិញ។ បន្ទាប់​មក គាត់​ក៏​ក្រោក​ឡើង ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ ក្រោយ​ពី​បាន​បរិ‌ភោគ​អាហារ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ។ លោក​ស្នាក់​នៅ​ក្រុង​ដាម៉ាសជា‌មួយ​ពួក​សិស្ស​ជា​យូរ​ថ្ងៃ ហើយ​ក៏​ចាប់​ផ្តើម​ប្រកាស​ពី​ព្រះ‌យេស៊ូវ នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ភ្លាម​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ»។ អស់​អ្នក​ដែល​ឮ​មាន​ការ​ងឿង​ឆ្ងល់ ហើយ​ពោល​ថា៖ «តើ​មិន​មែន​អ្នក​នេះ​ទេ​ឬ ដែល​បំផ្លាញ​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ព្រះ‌នាមនេះ នៅ​ក្រុង​យេរូ‌សាឡិម? តើ​គាត់​មិន​បាន​មក​ទី​នេះ ដើម្បី​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ទេឬ?»។ ប៉ុន្ដែ លោក​សុល​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ហើយ​បានផ្ចាញ់​ពួក​សាសន៍​យូដាដែល​នៅ​ក្រុង​ដា‌ម៉ាស ដោយ​បញ្ជាក់​ថា ព្រះ​យេស៊ូវ ជា​ព្រះ‌គ្រីស្ទ​ពិតមែន។ យូរ​ថ្ងៃ​ក្រោយ​មក ពួក​សាសន៍​យូដា​បាន​ពិគ្រោះ​គ្នា​សម្លាប់​លោក តែ​លោក​សុល​បាន​ជ្រាប​ពី​គម្រោង‌ការ​របស់​គេ។ ពួក​គេ​ឃ្លាំ​ចាំ​មើល​នៅតាម​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នឹង​សម្លាប់​លោក។ ប៉ុន្ដែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​ក៏​យក​លោក​ដាក់​ក្នុង​កញ្ជើ​មួយ សម្រូត​ចុះ​តាម​កំផែង​ក្រុង។

អាន កិច្ចការ 9