កិច្ចការ 7

7
ប្រសាសន៍​របស់​លោក​ស្ទេផាន​នៅ​ចំពោះ​មុខ​ក្រុម‌ប្រឹក្សា
1បន្ទាប់​មក សម្តេច​សង្ឃ​សួរ​ថា៖ «តើមាន​ការ​ដូច្នេះ​មែន​ឬ?» 2លោក​ស្ទេផាន​ឆ្លើយ​ថា៖
«ពុក​ម៉ែ​បង‌ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន។ ព្រះ​ដ៏​មាន​សិរី​ល្អ ទ្រង់​បាន​លេច​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​បុព្វ​បុរស​របស់​យើង​ឃើញ កាល​លោក​នៅឯ​ស្រុក​មេសូ‌ប៉ូតាមា មុន​ពេល​លោកទៅ​នៅ​ស្រុក​ខារ៉ាន 3ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ "ចូរ​អ្នក​ចេញ​ពី​ស្រុក និង​ពី​ញាតិ​សន្តាន​របស់​អ្នក ទៅ​នៅ​ឯ​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក" ។ 4បន្ទាប់​មក លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់‌ដេ ទៅ​នៅ​ស្រុក​ខារ៉ាន។ ក្រោយ​ពី​ឪពុក​របស់​លោក​ស្លាប់​ទៅ ព្រះបាន​ឲ្យ​លោក​ចេញ​ពី​ទី​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ​នេះ។ 5ព្រះ​មិន​បាន​ប្រទាន​ឲ្យ​លោក​មាន​មត៌ក​អ្វី​នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មានផង តែទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​មត៌ក​ដល់​លោក និង​ពូជ​ពង្ស​របស់​លោក​ជំនាន់​ក្រោយ ទោះ​ជា​លោក​មិន​ទាន់​មាន​កូន​ក៏​ដោយ។ 6ព្រះ‌មាន​ព្រះ‌បន្ទូល​ដូច្នេះថា "ពូជ​ពង្ស​អ្នក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​យក​ពូជពង្ស​របស់​អ្នក​ធ្វើ​ជា​ទាសករ ហើយ​ធ្វើ​ទុក្ខ​ទោស​គេ​រយៈ​ពេល​បួនរយ​ឆ្នាំ"។ 7ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា "យើង​នឹង​ជំនុំ‌ជម្រះ​សាសន៍​ដែល​យក​ពួកគេ​ទៅ​បម្រើ ហើយ​ក្រោយ​មក គេ​នឹង​ចេញ​មក​គោរព​ថ្វាយ​បង្គំ​យើង​នៅ​កន្លែង​នេះ" ។ 8ព្រះ‌អង្គបាន​តាំង​សញ្ញា​ខាង​ការ​កាត់​ស្បែក​ដល់​លោក។ ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ​នៅ​ថ្ងៃ​ទី​ប្រាំបី។ លោក​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​លោក​យ៉ាកុប​បង្កើត​បុព្វ​បុរស​ទាំង​ដប់ពីរ​រូប។
9បុព្វ‌បុរស​ទាំង​នោះ​ក៏​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ​គង់​ជា‌មួយ​លោក 10ហើយ​ប្រោស​ឲ្យ​លោក​រួច​ពី​គ្រប់​ទាំង​សេចក្តី​វេទនា ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង​វៃ និង​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ផារ៉ាន​ក៏​តាំង​ឲ្យ​លោក​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​នោះ និង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល។ 11ពេល​នោះ មាន​អំណត់​កើត​ឡើង​នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ និង​ស្រុក​កា‌ណាន ហើយ​មានទុក្ខ​វេទនា​ជា​ខ្លាំង បុព្វ‌បុរស​របស់​យើង​រក​អ្វី​បរិ‌ភោគ​មិន​បាន​ឡើយ។ 12ប៉ុន្ដែ កាល​លោក​យ៉ាកុប​បាន​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ លោក​ក៏​ចាត់​បុព្វ‌បុរស​របស់​យើងឲ្យ​ទៅ​ជា​លើក​ទី​មួយ។ 13លុះ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​របស់​លោក​យ៉ូសែប​ដែរ។ 14ពេល​នោះ លោក​យ៉ូសែបក៏​ចាត់​គេឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក និង​ញាតិ​សន្តាន​ទាំង​អស់ មាន​ចំនួន​ចិតសិប​ប្រាំ​នាក់​នោះ​មក។ 15ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​លោក និងបុព្វ‌បុរស​របស់​យើងក៏​បាន​ស្លាប់​នៅ​ទី​នោះ។ 16គេ​បាន​ដង្ហែ​សព​លោកទៅ​ក្រុង​ស៊ីគែម ហើយ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញពី​កូន​ចៅ​ហេម័រ នៅក្រុង​ស៊ីគែម​នោះ។
17លុះ​ជិត​ដល់​ពេល​កំណត់​នៃ​សេចក្តី​សន្យា ដែល​ព្រះ​បាន​ស្បថ​ជាមួយ​លោក​អ័ប្រា‌ហាំ ប្រ‌ជាជន​យើង​ក៏​មានចំនួន​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​ស្រុក​អេស៊ីព្ទ 18រហូត​ដល់​មាន​ស្តេច​មួយ​ទៀត​ឡើង​សោយ​រាជ្យ តែ​ទ្រង់​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។ 19ស្តេច​នោះ​ប្រព្រឹត្ត​នឹង​ពូជ​សាសន៍​យើង​ដោយ​ឆ្លៀវ​ឆ្លាត ហើយ​បង្ខំ​ឲ្យ​បុព្វ​បុរស​របស់​យើង​បំបរ​បង់​ចោល​កូន​តូចៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​រស់​តទៅ​ទៀត។ 20នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ហើយ​លោក​ជា​កូន​ដ៏​ស្អាត​នៅ​ចំពោះ​ព្រះ។ គេ​ក៏​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​លោក អស់​រយៈ​ពេល​បី​ខែ 21កាល​គេ​យក​លោក​ទៅ​បំបរ​បង់​ចោល បុត្រី​របស់​ផារ៉ោន​ក៏​យក​លោក​ទៅ​ចិញ្ចឹម ទុក​ដូច​ជា​កូន​បង្កើត​របស់​ព្រះ​នាង។ 22លោក​បាន​រៀន​សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា​របស់​សាសន៍​អេស៊ីព្ទ ហើយ​លោក​ពូកែ​ទាំង​ការ​និយាយ​ស្ដី ពូកែ​ទាំង​ការ​ងារ។
23លុះ​លោក​មាន​អាយុ​សែសិប​ឆ្នាំ លោក​មាន​ចិត្ត​នឹក​រឭក ចង់​ទៅ​សួរ​សុខ​ទុក្ខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​លោក។ 24ពេល​លោក​ឃើញ​គេ​ធ្វើ​បាប​បង‌ប្អូន​ម្នាក់​របស់​លោក លោក​ក៏​ចេញមុខ​ការ‌ពារ ហើយ​សង​សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ទៅ។ 25លោក​នឹក​ស្មាន​ថា ពួក​បង‌ប្អូន​របស់​លោក​មុខ​ជា​យល់​ថា ព្រះ​ប្រទាន​ការ​សង្គ្រោះ​ដល់​គេ ដោយ​សារ​ដៃ​របស់​លោក តែ​គេ​មិន​យល់​ដូច្នោះ​ឡើយ។ 26នៅ​ថ្ងៃ​បន្ទាប់ លោក​ប្រទះ​ឃើញពួក​គេ​កំពុង​ឈ្លោះ​គ្នា លោក​ក៏​ព្យាយាម​សម្រុះ​សម្រួល​ពួក​គេ ដោយ​ពោល​ថា "អ្នក​រាល់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ?"។ 27ប៉ុន្តែ ម្នាក់​ដែល​កំពុង​ធ្វើ​បាប​អ្នក​ជិត​ខាង​របស់​ខ្លួននោះ ក៏​ច្រាន​លោក​ម៉ូសេ​ចេញ ទាំង​ពោល​ថា "តើ​អ្នក​ណា​បាន​តាំង​ឲ្យ​អ្នក​ធ្វើ​ជា​មេ​គ្រប់​គ្រង និង​ជា​ចៅ​ក្រម​លើ​យើង? 28តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូច​ជា​អ្នក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ពី​ម្សិល​មិញ​ដែរ​ឬ?" ។ 29កាល​លោក​ម៉ូសេ​ឮ​ដូច្នេះ លោក​ក៏​ភៀស​ទៅ​នៅ​ស្រុក​ម៉ាឌាន ហើយ​នៅ​ស្រុក​នោះ លោក​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់។
30លុះ​សែសិប​ឆ្នាំ​ក្រោយ​មក ទេវតា​របស់​ព្រះ‌អម្ចាស់​លេច​ឲ្យ​លោក​ឃើញ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​នៅ​គុម្ព​បន្លា​មួយ នៅ​ទី​រហោ‌ស្ថាន​ភ្នំ​ស៊ី‌ណាយ។ 31ពេល​លោក​ម៉ូសេ​ឃើញ លោក​ឆ្ងល់​នឹង​ទិដ្ឋភាព​នោះ ហើយ​ពេល​លោក​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល ស្រាប់​តែ​មានព្រះ​សូរ​សៀង​របស់​ព្រះ‌អម្ចាស់​ចេញ​មក​ថា៖ 32"យើង​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប" ។ លោក​ម៉ូសេ​ក៏​ញ័រ‌រន្ធត់ មិន​ហ៊ាន​មើល​ឡើយ។ 33បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា "ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​កំពុង​ឈរ​នេះ ជា​ដី​បរិសុទ្ធ។ 34យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា​រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ហើយ​ក៏​ឮ​សំឡេង​ស្រែក​ថ្ងូរ​របស់​គេ​ដែរ យើង​ចុះ​មកដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ" ។
35លោក​ម៉ូសេ​នេះ ដែល​គេ​បាន​បដិសេធ​មិន​ព្រម​ទទួល ដោយ​ពោល​ថា "តើ​អ្នក​ណា​បាន​តាំង​ឲ្យអ្នក​ធ្វើ​ជា​មេ​គ្រប់​គ្រង និង​ជា​ចៅ​ក្រម?"។ លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​មេ​គ្រប់‌គ្រង និង​ជា​អ្នក​រំដោះ ដោយ​សារ​ដៃ​របស់​ទេវតា ដែល​បាន​លេច​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ព​បន្លា។ 36លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម និង​នៅ​ទី​រហោ‌ស្ថាន រយៈ​ពេល​សែសិប​ឆ្នាំ។ 37លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ថា "ព្រះ‌នឹង​លើកឲ្យ​មាន​ហោរា​ម្នាក់​ដូច​ខ្ញុំ ពីចំណោម​ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា" ។ 38លោក​ម៉ូសេ​នេះ​ហើយ ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​រហោ‌ស្ថាន ជាមួយ​ទេវតាដែល​ថ្លែង​មក​កាន់​លោកនៅ​ភ្នំ​ស៊ី‌ណាយ និង​ជា‌មួយ​បុព្វ‌បុរស​របស់​យើង។ លោក​បាន​ទទួល​ព្រះ‌បន្ទូល​រស់ យក​មក​ប្រគល់​ឲ្យ​យើង​រាល់​គ្នា។ 39បុព្វ‌បុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គេ​ច្រាន​លោក​ចោល ហើយ​ចិត្ត​របស់​គេ គេ​បែរ​ទៅ​រក​ស្រុក​អេស៊ីព្ទ​វិញ 40ដោយ​ពោល​ទៅកាន់​លោក​អើរ៉ុន​ថា "ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង ដែល​នឹង​នាំ​មុខ​យើង ដ្បិត​លោក​ម៉ូសេ ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកនេះ យើង​មិន​ដឹង​ជា​មាន​អ្វី​កើត​ឡើង​ដល់​លោក​ទេ" ។ 41នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​មួយ រួច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយនឹង​ស្នាដៃ​របស់​ខ្លួន។ 42ប៉ុន្ដែ ព្រះ​បាន​បែរ​ចេញ ហើយ​ប្រគល់​គេ​ឲ្យ​គោរព​ថ្វាយ​បង្គំ​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ ដូច​មាន​សេចក្តី​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​ហោរា​ថា "ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ រយៈ​ពេល​សែ​សិប​ឆ្នាំ​នៅ​ទីរហោស្ថាន តើ​អ្នក​រាល់​គ្នា​បាន​សម្លាប់​សត្វ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​យើង​ឬទេ? 43អ្នក​រាល់​គ្នា​បាន​រើស​យក​ខ្ទម​របស់​ព្រះ‌ម៉ូឡុក និង​ផ្កាយ​របស់​ព្រះ‌រេមផាន់ ជា​រូប​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ថ្វាយ​បង្គំ។ ដូច្នេះ យើង​នឹង​និរទេស​អ្នក​រាល់​គ្នា ទៅ​ហួស​ស្រុក​បាប៊ី​ឡូន​ទៅ​ទៀត" ។
44បុព្វ‌បុរស​របស់​យើង​មាន​រោង​នៃ​សេចក្តី​បន្ទាល់​នៅ​ទី​រហោ‌ស្ថាន ដូច​ព្រះ‌អង្គ​បានមាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ ហើយ​បង្គាប់​លោក​ឲ្យ​ធ្វើ​តាម​គំរូដែល​លោក​បាន​ឃើញ។ 45បុព្វ‌បុរស​របស់​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​យក​មក​ជា‌មួយ​លោក​យ៉ូស្វេ ពេល​គេ​ចាប់​យក​ទឹកដីពី​សាសន៍​នានា ដែល​ព្រះ​បាន​បណ្តេញ​ចេញ​ពី​មុខ​បុព្វ‌បុរស​របស់​យើង។ រោង​នោះ នៅ​រហូត​ដល់​ជំនាន់​ព្រះបាទ​ដាវីឌ 46ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹងព្រះ‌បាទ​ដាវីឌ ហើយ​ស្តេច​បាន​ទូល​សូម​រក​ដំណាក់​មួយ​សម្រាប់​ព្រះ​របស់​លោក​យ៉ាកុប ។ 47ប៉ុន្ដែ ព្រះ‌បាទ​សាឡូ‌ម៉ូន​ឯ​ណោះ​វិញ​ទេ ដែល​បាន​សង់​ដំណាក់​មួយ​ថ្វាយព្រះ‌អង្គ។ 48ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​មិន​គង់​នៅ​ក្នុង​ដំណាក់​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ជា​ហោរា​បានថ្លែង​ថា 49"ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​យើង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​ណា​ឲ្យ​យើង ឬ​តើ​កន្លែង​សម្រាក​របស់​យើង​ជា​អ្វី? 50តើ​មិន​មែន​ដៃ​របស់​យើង​ដែល​បង្កើត​របស់​ទាំង​នេះ​ទេ​ឬ?"
51ឱ​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ! អស់​លោក​ចេះ​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា‌និច្ច មិន​ខុស​ពី​បុព្វ‌បុរស​របស់​អស់​លោក​ទេ! 52តើ​មាន​ហោរា​ណា​ម្នាក់ ដែល​បុព្វ‌បុរស​របស់​អស់​លោក​មិន​បាន​បៀត​បៀន​នោះ? ពួក​គាត់​បាន​សម្លាប់​អស់​អ្នកដែល​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ជា​មុន ពី​ដំណើរ​ដែល​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក ឥឡូវ​នេះ អស់​លោក​បាន​ត្រឡប់​ជា​អ្នក​ក្បត់ ហើយ​សម្លាប់​ព្រះ‌អង្គ​នោះ​ថែម​ទៀត​ផង។ 53អស់​លោក​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យ‌វិន័យ​តាម​រយៈ​ពួក​ទេវតា តែ​អស់​លោក​មិន​បាន​កាន់​តាម​សោះ!»។
គេ​គប់​ដុំ​ថ្ម​សម្លាប់​លោក​ស្ទេផាន
54ពេល​គេ​បាន​ឮ​ដូច្នោះ គេ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។ 55ប៉ុន្ដែ លោក​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី​ល្អ​របស់​ព្រះ និង​ព្រះ‌យេស៊ូវ​ឈរ​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ។ 56លោក​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ ហើយ​កូន​មនុស្ស​ឈរ​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ»។ 57ប៉ុន្តែ គេ​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ទាំង​យក​ដៃ​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​សង្គ្រប់​លើ​លោក។ 58បន្ទាប់​មក គេ​អូស​លោក​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ រី​ឯ​ពួក​ស្មរ​បន្ទាល់ បាន​ដោះ​សម្លៀក​បំពាក់​របស់​ខ្លួន ទុក​នៅ​ទៀប​ជើង​របស់​យុវជន​ម្នាក់ ឈ្មោះ​សុល។ 59កាល​គេ​កំពុង​គប់​លោក​ស្ទេផាន​នឹង​ដុំ​ថ្ម លោក​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​ទូល​បង្គំ​ផង!» 60បន្ទាប់​មក លោក​លុត​ជង្គង់​ចុះ ហើយ​ស្រែក​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ការ​នេះ​ជា​បាប​ដល់​គេ​ឡើយ»។ កាល​លោក​បាន​ពោល​ដូច្នេះ​ហើយ នោះ​ក៏​ដេក​លក់​ទៅ ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល