ក្រោយពីចលាចលនោះបានស្ងប់ទៅ លោកប៉ុលហៅពួកសិស្សមកលើកទឹកចិត្ត រួចលោកក៏ជម្រាបលាពួកគេ ចេញទៅស្រុកម៉ាសេដូន។ កាលលោកបានធ្វើដំណើរកាត់ស្រុកទាំងនោះ ហើយបានលើកទឹកចិត្តពួកសិស្សជាច្រើនមក លោកក៏បានមកដល់ស្រុកក្រិក។ លោកស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ តែកាលលោករៀបនឹងចុះសំពៅទៅស្រុកស៊ីរី ពួកសាសន៍យូដាមានគំនិតអាក្រក់ទាស់នឹងលោក ដូច្នេះ លោកក៏សម្រេចចិត្តវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។ អ្នកដែលរួមដំណើរជាមួយលោក មានលោកសូប៉ាត្រុស ជាកូនលោកពីរុស ពីក្រុងបេរា លោកអើរីស្តាក និងលោកសេគុនដុស ពីក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ពីក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ពីស្រុកអាស៊ី។ អ្នកទាំងនោះបានចេញដំណើរទៅមុន ហើយរង់ចាំយើងនៅក្រុងទ្រអាស ប៉ុន្តែ ចំណែកយើងវិញ យើងចុះសំពៅចេញពីក្រុងភីលីព ក្រោយថ្ងៃបុណ្យនំបុ័ងឥតដំបែ ហើយរយៈពេលប្រាំថ្ងៃ យើងបានមកជួបពួកគេនៅក្រុងទ្រអាស រួចយើងស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ ពេលយើងជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំបុ័ង លោកប៉ុលក៏មានប្រសាសន៍ទៅកាន់ពួកគេ ដោយបម្រុងនឹងចេញដំណើរនៅថ្ងៃស្អែក ហើយលោកអធិប្បាយរហូតដល់ពាក់កណ្តាលអធ្រាត្រ។ នៅបន្ទប់ខាងលើ ជាកន្លែងដែលគេជួបជុំគ្នា មានចង្កៀងជាច្រើន។ ពេលនោះ មានយុវជនម្នាក់ឈ្មោះអើទីកុស អង្គុយនៅមាត់បង្អួច ហើយពេលលោកប៉ុលអធិប្បាយយ៉ាងយូរ គាត់ក៏បានលង់លក់ រួចងោកធ្លាក់ចុះពីជាន់ទីបី។ ពេលគេលើកគាត់ឡើង គាត់បានស្លាប់ផុតទៅហើយ។ ប៉ុន្ដែ លោកប៉ុលចុះទៅក្រោម ហើយឱនពីលើគាត់ លើកត្រកងគាត់ឡើង រួចនិយាយថា៖ «កុំយំស្រែកអី ដ្បិតគាត់នៅមានជីវិតទេ!»។ កាលលោកប៉ុលបានឡើងទៅលើវិញ ហើយបានធ្វើពិធីកាច់នំបុ័ង និងបរិភោគរួចហើយ លោកបន្តមានប្រសាសន៍ជាមួយពួកគេយ៉ាងយូរ រហូតដល់ភ្លឺ ទើបចេញដំណើរទៅ។ គេក៏នាំយុវជននោះទៅវិញទាំងនៅមានជីវិត ហើយគេបានក្សាន្តចិត្តជាខ្លាំង។
អាន កិច្ចការ 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 20:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ