កិច្ចការ 19:21-40

កិច្ចការ 19:21-40 គកស១៦

ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ​មក ព្រះ‌វិញ្ញាណ​បាន​ជម្រុញ​ឲ្យ​លោក​ប៉ុល​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន ស្រុក​អាខៃ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពីខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»។ លោក​បាន​ចាត់​អ្នក​ជំនួយ​របស់​លោក​ពីរ​នាក់ គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ា‌សេដូន តែ​ឯ​លោក​វិញ លោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។ នៅ​គ្រា​នោះ មាន​ការ​ច្រួល​ច្របល់កើត​ឡើងយ៉ាង​ខ្លាំង​អំពី​ផ្លូវ​នោះ។ មាន​បុរស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ចម្លាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ពួក​ជាង​ទាំង​ប៉ុន្មានឲ្យ​បាន​កម្រៃ​ជា​ច្រើន។ គាត់​បាន​ប្រមូល​កូន​ជាង​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​ដែល​មានមុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​មាន​ទ្រព្យ​សម្បត្តិ​ដោយ​សារ​មុខ​របរ​នេះ អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​ជា​ច្រើន មិន​ត្រឹម​តែ​នៅ​ក្រុង​អេ‌ភេសូរ​នេះ​ប៉ុណ្ណោះទេ គឺ​ស្ទើរ​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល ដោយ​ពោល​ថា ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ មិន​មែន​ជា​ព្រះ​ឡើយ។ ដូច្នេះ មិន​ត្រឹម​តែ​អន្តរាយ​ដល់​មុខ​របរ​របស់​យើង ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ​ទេ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ‌វិហារ​របស់​ព្រះ‌នាង​ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី​ល្អ​នៃ​ព្រះ​របស់​យើង ដែល​អ្នក​ស្រុក​អាស៊ីទាំង​អស់ និង​ពិភព​លោក​ទាំង​មូល​ថ្វាយ​បង្គំ ក៏​នឹង​ត្រូវ​សាប​សូន្យ​ដែរ»។ ពេល​គេ​ឮដូច្នេះ គេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេ‌សូរ ទ្រង់​ធំ​វិសេស!»។ ដូច្នេះ ទីក្រុង​ក៏​មាន​ពេញ​ដោយ​ភាព​វឹក‌វរ ហើយ​គេ​លើក​គ្នា​ចាប់​អូស​លោក​កៃយុស និងលោក​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ា‌សេដូន ដែល​រួម​ដំណើរ​ជា‌មួយ​លោក​ប៉ុល សម្រុក​ចូល​ទៅ​ក្នុង​ទី​លាន​មហោ​ស្រព ។ ប៉ុន្ដែ ពេល​លោក​ប៉ុល​មានបំណង​ចូល​ទៅ​ក្នុង​ចំណោម​បណ្តា‌ជន ពួក​សិស្ស​មិន​ព្រម​ឲ្យ​លោក​ទៅ​ទេ។ សូម្បី​តែ​ពួក​មន្រ្តី​នៅ​ស្រុក​អាស៊ី​ខ្លះ ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក ក៏​បាន​ចាត់​គេ​មក​អង្វរ​លោក កុំ​ឲ្យ​ប្រថុយ​ចូល​ទៅ​ក្នុង​ទីលាន​មហោ​ស្រព​ដែរ។ នៅ​ពេល​នោះ មាន​ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​អង្គ​ប្រជុំ​ទាំង​មូល​កំពុង​ច្របូក​ច្របល់ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​ទាំង​ដឹង​ថា​គេ​ប្រជុំ​គ្នា​រឿង​អ្វី​ផង។ ពួក​សាសន៍​យូដា​បាន​ច្រាន​អ័លេ‌ក្សានត្រុស​ចេញ​ពី​ចំណោម​បណ្ដាជន ទៅ​ឈរ​ខាង​មុខ ហើយ​អ័លេ‌ក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា ព្រោះ​ចង់​ឆ្លើយ​បំភ្លឺ​នៅមុខប្រជាជន។ ប៉ុន្តែ ពេល​គេ​ដឹង​ថា គាត់​ជា​សាសន៍​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា ប្រមាណ​ជា​ពីរ​ម៉ោង​ថា៖ «ព្រះនាង​ឌីអាន​របស់​ពួក​ក្រុង​អេភេ‌សូរ​យើង ទ្រង់​ធំ​វិសេស!»។ កាល​លោក​លេខាធិការ​បាន​ឃាត់​បណ្ដា​ជន​ឲ្យ​នៅ​ស្ងៀម​ហើយ លោក​មាន​ប្រសាសន៍​ថា៖ «ពួក​ក្រុង​អេភេ‌សូរ​អើយ តើ​អ្នក​ណា​មិន​ដឹង​ថា ពួក​អ្នក​ក្រុង​អេភេ‌សូរ​នេះ ជា​អ្នក​ថែ​រក្សា​ព្រះ‌វិហារ​ព្រះ‌នាង​ឌីអាន និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ដែល​ធ្លាក់​ពី​លើ​មេឃមក​នោះ!។ ដូច្នេះ សេចក្ដី​នេះ​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ គួរ​តែ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ មិន​ត្រូវ​ធ្វើ​ដោយ​តក់​ក្រហល់​ដូច្នេះ​ឡើយ។ អ្នក​រាល់​គ្នា​បាន​នាំ​អ្នក​ទាំង​នេះ​មក ដែល​មិន​មែន​ជា​ចោរ​លួច​វិហារ ឬ​ជា​អ្នក​ប្រមាថ​ដល់​ព្រះ​របស់​យើង​ទេ។ ប្រសិន‌បើ​លោក​ដេមេ‌ទ្រាស និង​ពួក​ជាង​ដែល​មក​ជា‌មួយគាត់ មាន​រឿង​អ្វី​ទាស់​នឹង​អ្នក​ណា នោះ​មាន​សាលា​ក្តី​បើក​ចំហ​ស្រាប់ ហើយ​មាន​ទាំង​លោកអភិបាល​ជាតិ​រ៉ូម​ផង ត្រូវ​ឲ្យ​គេ​ដាក់​ពាក្យ​បណ្ដឹង​ទៅ។ ប៉ុន្ដែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់​សួរ​ពី​បញ្ហា​ផ្សេង​ទៀត នោះ​ត្រូវ​ដោះ​ស្រាយ​នៅ​ក្នុង​អង្គ​ប្រជុំ​តាម​ច្បាប់វិញ។ ដ្បិតយើង​ពិត​ជា​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់ ដោយ​ជាប់​ចោទ​ពី​រឿង​បះ‌បោរ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​នេះ ព្រោះ​គ្មាន​ហេតុ​ណា​មួយ ដែល​យើង​អាច​នឹង​ដោះសា​ពី​ការ​ប្រជុំ​គ្នា​នេះ​បាន​ឡើយ»។

អាន កិច្ចការ 19

វីដេអូសម្រាប់ កិច្ចការ 19:21-40