កិច្ចការ 17:16-25

កិច្ចការ 17:16-25 គកស១៦

កាល​លោក​ប៉ុលកំពុងរង់​ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្រុង​អាថែន វិញ្ញាណ​របស់​លោក​ពុះ​កញ្ជ្រោល​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ។ ដូច្នេះ លោក​ក៏​ជជែកវែក​ញែក​នៅ​ក្នុង​សាលា​ប្រជុំជាមួយ​សាសន៍​យូដា និង​ពួក​អ្នក​ដែល​គោរព​កោត​ខ្លាចព្រះ ហើយ​រាល់​ថ្ងៃនៅ​ទី​ផ្សារ​ជា‌មួយ​អស់​អ្នក​ដែល​ជួប​ជាមួយ​លោក។ មាន​ទស្សនវិទូ​ខ្លះ​ខាង​អេពីគួរ និង​ខាង​ស្តូអ៊ីក ក៏​បាន​សន្ទនា​ជាមួយ​លោក ខ្លះ​ពោល​ថា៖ «តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ចង់​និយាយ​ពី​អ្វី?» ខ្លះ​ទៀត​ពោល​ថា៖ «មើល​ទៅ​ដូច​ជា​គាត់​ប្រកាស​ពី​ព្រះ​ពួក​បរទេស»។ ដ្បិត​លោក​កំពុង​ប្រកាស​អំពី​ព្រះ‌យេស៊ូវ និង​អំ‌ពី​ការ​រស់​ពី​ស្លាប់។ គេ​ក៏​នាំ​លោក​ទៅ​ភ្នំ​អើរី‌យ៉ូស សួរ​ថា៖ «តើ​យើង​អាច​ដឹង​ពី​សេចក្ដី​បង្រៀន​ថ្មី ដែល​លោក​ប្រកាស​នេះ​បាន​ឬ​ទេ? ដ្បិត​យើង​បាន​ឮលោក​ប្រកាស​យ៉ាង​ចម្លែក ដូច្នេះ យើង​ចង់​ដឹង​សេចក្តី​ទាំង​នេះ​មាន​ន័យ​ដូចម្ដេច»។ ពួក​អ្នក​នៅ​ក្រុង​អាថែន និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅក្រុង​នោះ​ទាំង​ប៉ុន្មាន មិន​ចំណាយ​ពេល​ធ្វើ​អ្វី​ក្រៅ​តែ​ពី​និយាយ ឬ​ស្តាប់​រឿង​ថ្មី​ប៉ុណ្ណោះ​ឡើយ។ ដូច្នេះ លោក​ប៉ុល​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស មាន​ប្រសាសន៍​ថា៖ «អស់​លោក​អ្នក​ក្រុង​អាថែន​អើយ ខ្ញុំ​យល់​ឃើញ​ថា គ្រប់​ផ្លូវទាំង​អស់ អស់​លោកខ្នះ​ខ្នែង​កាន់​សាសនា​ខ្លាំង​ណាស់។ ដ្បិត ពេល​ខ្ញុំ​ដើរ​កាត់ ខ្ញុំ​សង្កេត​ឃើញ​គ្រឿង​សក្ការៈ​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​ឃើញ​អាសនា​មួយ ដែល​មាន​ចារឹកអក្សរ​ថា "ព្រះដែល​មិន​ស្គាល់"។ ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​ពី​ព្រះ ដែល​អស់​លោក​គោរព​បូជា ដោយ​មិន​ស្គាល់​ហ្នឹង​ហើយ។ ព្រះ​ដែល​បង្កើត​ពិភព‌លោក និង​អ្វីៗ​សព្វ​សារពើ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បម្រើ​ព្រះ‌អង្គ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ហ្នឹង​ហើយ​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម និង​មាន​អ្វីៗ​សព្វ​សារពើ។

អាន កិច្ចការ 17