កិច្ចការ 16:16-34

កិច្ចការ 16:16-34 គកស១៦

មាន​ថ្ងៃ​មួយ ពេល​យើង​កំពុងធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន យើង​បាន​ជួប​ស្រី​បម្រើ​ម្នាក់​ដែល​មាន​អារក្ស​ភីថង់​ចូល ហើយ​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​រក​កម្រៃ​បាន​យ៉ាង​ច្រើន ដោយ​ការ​ទាយ។ នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។ នាង​ចេះ​តែ​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ទាល់​តែ​លោក​ប៉ុល​មាន​ការ​រំខាន​ចិត្ត ហើយ​បែរ​ទៅ​បង្គាប់​វិញ្ញាណ​នោះ​ថា៖ «យើង​បញ្ជា​ឯង​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ចូរ​ចេញ​ពី​នាង​នេះ​ទៅ!» ហើយ​វា​ក៏​ចេញ​នៅ​វេលា​នោះ​ឯង។ ប៉ុន្តែ កាល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា គេ​អស់​សង្ឃឹម​នឹង​រក​កម្រៃ​បាន គេ​ក៏​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស អូសចូល​ទៅក្នុង​ទៅ​ទី​ផ្សារ នៅ​ចំពោះ​មុខពួក​អាជ្ញា​ធរ។ កាល​គេ​បាន​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​តម្រួត​ហើយ គេ​ជម្រាប​ថា៖ «បុរសទាំង​នេះ​ជា​សាន៍​យូដា ហើយ​គេ​បង្ក​ចលាចល​នៅ​ក្នុង​ទី​ក្រុង​របស់​យើង។ គេ​ប្រកាស​ប្រាប់​ពី​ទំនៀម​ទម្លាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​នឹង​ទទួល ឬ​កាន់​តាម​ឡើយ»។ បណ្ដាជន​ក៏​រួម​គ្នា​ទាស់​នឹង​ពួក​លោក ហើយ​ពួក​តម្រួត​ក៏​កន្ត្រាក់​សម្លៀក​បំពាក់​របស់​ពួក​លោក​ចេញ ហើយ​បង្គាប់​ឲ្យ​គេ​វាយ​ពួក​លោក​នឹង​រំពាត់។ ក្រោយ​ពី​បាន​វាយឲ្យ​មាន​ស្នាម​ជា​ច្រើន​ហើយ គេ​ក៏​យក​ពួក​លោក​ទៅ​ដាក់​គុក ទាំង​បង្គាប់​ឆ្មាំ​គុក​ឲ្យ​ការ‌ពារ​ដោយ​ប្រយ័ត្ន​ប្រយែង។ ក្រោយពី​បាន​ទទួល​បញ្ជា​នេះ​ហើយ គេ​ក៏​នាំ​យក​ពួក​លោក​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ហើយ​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង។ លុះ​ប្រមាណ​ជា​ពាក់​កណ្តាល​អធ្រាត្រ លោក​ប៉ុល និងលោក​ស៊ីឡាស បាន​អធិស្ឋាន ហើយ​ច្រៀងទំនុក​សរសើរ​តម្កើង​ព្រះ ពួក​អ្នក​ទោស​ក៏​ស្តាប់​ពួក​លោក។ រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ធ្វើ​ឲ្យ​គ្រឹះ​គុក​រញ្ជួយ​ឡើង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម ឯ​ច្រវ៉ាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។ ពេល​ឆ្មាំ​គុក​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ដោយ​ស្មាន​ថា អ្នក​ទោស​រត់​បាត់​អស់​ហើយ។ ប៉ុន្តែ លោក​ប៉ុល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី ដ្បិត​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ!»។ ឆ្មាំ​គុក​ក៏សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់​ប្រញាល់​ចូល​ទៅ​ក្នុង​គុក ហើយ​ក្រាប​ចុះនៅ​ទៀប​ជើង​លោក​ប៉ុល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។ ពេល​នោះ គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ សួរ​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​បាន​សង្គ្រោះ?» លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​ទៅ នោះលោក​នឹង​បាន​សង្គ្រោះ រួម​ទាំង​ក្រុម​គ្រួ​សារ​លោក​ផងដែរ»។ ពួក​លោក​ក៏​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ប្រាប់​គាត់ និង​ដល់​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅក្នុង​ផ្ទះ​របស់​គាត់។ នៅ​វេលា​យប់​នោះ​ឯង គាត់​បាន​យក​លោក​ទាំង​ពីរ​ទៅ​លាង​ស្នាម​របួស​ចេញ ហើយ​គាត់ និង​ក្រុម​គ្រួ​សារ​គាត់​ទាំង​អស់ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។ គាត់​បាន​នាំ​លោក​ទាំង​ពីរ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​ចំ​ម្ហូប​អាហារ​ជូន។ គាត់​មាន​ចិត្ត​អរ​សប្បាយ រួម​ជាមួយ​ក្រុម​គ្រួ​សារ​ទាំង​មូល​របស់​គាត់ ដោយ​ព្រោះ​គាត់​បាន​ជឿ​ដល់​ព្រះ។

អាន កិច្ចការ 16