នៅក្រុងលីស្ត្រា មានបុរសម្នាក់ពិការជើងកំពុងអង្គុយ គាត់ខ្វិនពីកំណើត មិនដែលដើរបានឡើយ។ គាត់ស្ដាប់លោកប៉ុលមានប្រសាសន៍ ហើយលោកប៉ុលក៏សម្លឹងមើលទៅគាត់ ឃើញថា គាត់មានជំនឿល្មមនឹងបានជា លោកក៏មានប្រសាសន៍យ៉ាងខ្លាំងថា៖ «សូមក្រោកឈរឲ្យត្រង់ឡើង!» អ្នកនោះក៏ស្ទុះឡើង ហើយដើរបាន។ កាលមហាជនឃើញការដែលលោកប៉ុលបានធ្វើ គេក៏ស្រែកឡើងជាភាសាលូកៅនាថា៖ «ពួកព្រះបានកាឡាខ្លួនជាមនុស្ស ចុះមករកយើងហើយ»។ គេក៏ហៅលោកបាណាបាស ថាព្រះសេយូស ហើយលោកប៉ុល ថាព្រះហ៊ើមេស ព្រោះលោកជាមេសម្ដែង។ ពួកសង្ឃរបស់ព្រះសេយូស ដែលមានវិហារនៅទល់មុខទីក្រុងនោះ បានយកគោឈ្មោល និងភួងផ្កាមកកាន់ទ្វារក្រុង ហើយចង់ថ្វាយយញ្ញបូជារួមជាមួយមហាជន។ ប៉ុន្តែ ពេលសាវកបាណាបាស និងសាវកប៉ុលបានឮដំណឹងនោះ លោកក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយរត់ចូលទៅរកមហាជន ទាំងស្រែកឡើងថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបែរចេញពីសេចក្ដីឥតប្រយោជន៍ទាំងនេះ មករកព្រះដ៏មានព្រះជន្មរស់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីទាំងនោះ។ កាលជំនាន់មនុស្សពីបុរាណ ព្រះអង្គបានបណ្ដោយឲ្យសាសន៍ទាំងប៉ុន្មាន ដើរតាមផ្លូវរបស់គេរៀងខ្លួន។ ក៏ប៉ុន្តែ ព្រះអង្គមិនដែលខាននឹងបង្ហាញទីបន្ទាល់អំពីព្រះអង្គទ្រង់ឡើយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យសប្បុរស ដោយប្រទានឲ្យមានភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវបង្កើតផល ដើម្បីបំពេញចិត្តយើងដោយអាហារ និងអំណរ»។ ទោះជាមានប្រសាសន៍ដូច្នេះក៏ដោយ ក៏ពួកលោកឃាត់ប្រជាជនមិនឲ្យថ្វាយយញ្ញបូជាដល់ខ្លួនសឹងតែមិនបាន។
អាន កិច្ចការ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 14:8-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ