កិច្ចការ 14:8-18

កិច្ចការ 14:8-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ក្រុង​លីស្ត្រា មាន​បុរស​ម្នាក់​ពិការ​ជើងកំពុង​អង្គុយ គាត់​ខ្វិនពី​កំណើត មិន​ដែល​ដើរ​បាន​ឡើយ។ គាត់​ស្ដាប់​លោក​ប៉ុល​មាន​ប្រសាសន៍ ហើយ​លោក​ប៉ុល​ក៏​សម្លឹង​មើល​ទៅ​គាត់ ឃើញ​ថា គាត់​មាន​ជំនឿ​ល្មមនឹង​បាន​ជា លោក​ក៏​មាន​ប្រសាសន៍​យ៉ាង​ខ្លាំង​ថា៖ «សូម​ក្រោក​ឈរ​ឲ្យ​ត្រង់​ឡើង!» អ្នក​នោះ​ក៏​ស្ទុះ​ឡើង ហើយ​ដើរ​បាន។ កាល​មហាជន​ឃើញ​ការ​ដែល​លោក​ប៉ុលបាន​ធ្វើ គេ​ក៏​ស្រែក​ឡើង​ជា​ភាសា​លូ‌កៅ‌នា​ថា៖ «ពួកព្រះ​បាន​កាឡា​ខ្លួន​ជា​មនុស្ស ចុះ​មក​រក​យើង​ហើយ»។ គេ​ក៏​ហៅ​លោក​បា‌ណា‌បាស ថា​ព្រះ‌សេ‌យូស ហើយ​លោក​ប៉ុល ថា​ព្រះ‌ហ៊ើមេស ព្រោះ​លោក​ជា​មេ​សម្ដែង។ ពួក​សង្ឃ​របស់​ព្រះ‌សេយូស ដែល​មាន​វិហារ​នៅ​ទល់​មុខ​ទី​ក្រុង​នោះ បាន​យក​គោ​ឈ្មោល និង​ភួង​ផ្កា​មក​កាន់​ទ្វារ​ក្រុង ហើយ​ចង់​ថ្វាយ​យញ្ញ‌បូជា​រួម​ជា‌មួយ​មហា​ជន។ ប៉ុន្តែ ពេល​សាវក​បា‌ណា‌បាស និង​សាវក​ប៉ុលបាន​ឮ​ដំណឹង​នោះ លោក​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​រត់​ចូល​ទៅ​រក​មហាជន ទាំង​ស្រែក​ឡើង​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​អ្នក​រាល់​គ្នា​ដែរ យើង​ខ្ញុំ​នាំ​ដំណឹង​ល្អ​មក​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បែរ​ចេញ​ពី​សេចក្ដី​ឥត​ប្រយោជន៍​ទាំង​នេះ មក​រក​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ទី​ទាំង​នោះ។ កាល​ជំនាន់​មនុស្ស​ពី​បុរាណ ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន ដើរ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន។ ក៏​ប៉ុន្តែ ព្រះ‌អង្គ​មិន​ដែល​ខាន​នឹង​បង្ហាញ​ទី​បន្ទាល់អំពី​ព្រះ‌អង្គ​ទ្រង់​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដោយ​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​បង្កើត​ផល ដើម្បី​បំពេញ​ចិត្ត​យើង​ដោយ​អាហារ និង​អំណរ»។ ទោះ​ជា​មាន​ប្រសាសន៍​ដូច្នេះក៏​ដោយ ក៏​ពួក​លោក​ឃាត់​ប្រជាជន​មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ដល់​ខ្លួន​សឹង​តែ​មិន​បាន។

ចែក​រំលែក
អាន កិច្ចការ 14

កិច្ចការ 14:8-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ក្រុង​លីស្ដ្រា មាន​បុរស​ម្នាក់​ពិការ​ជើង​តាំង​ពី​កំណើត​មក គាត់​មិន​អាច​ដើរ​បាន​ឡើយ គាត់​អង្គុយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍។ លោក​ប៉ូល​សម្លឹង​មើល​គាត់ ហើយ​យល់​ឃើញ​ថា គាត់​មាន​ជំនឿ​គួរ​នឹង​ជា​បាន លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ខ្លាំងៗ​ថា៖ «សុំ​ក្រោក​ឡើង ឈរ​ឲ្យ​ត្រង់!»។ បុរស​នោះ​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ដើរ​បាន។ កាល​មហា‌ជន​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​ប៉ូល​បាន​ធ្វើ គេ​ក៏​នាំ​គ្នា​ស្រែក​ហ៊ោ​ជា​ភាសា​លូកៅ‌នា​ថា៖ «ព្រះ​បាន​និម្មិត​ជា​មនុស្ស ចុះ​មក​គង់​ជា​មួយ​យើង​ហើយ!»។ គេ​ហៅ​លោក​បារណា‌បាស​ថា «ព្រះ​សេយូស» និង​ហៅ​លោក​ប៉ូល​ថា «ព្រះ​ហ៊ើមេស» ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ។ បូជា‌ចារ្យ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​ទល់​មុខ​នឹង​ទីក្រុង បាន​ដឹក​គោ​ឈ្មោល​តុប‌តែង​លំអ​ដោយ​ភួង​ផ្កា មក​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​ចង់​ធ្វើ​បូជា‌យញ្ញ​រួម​ជា​មួយ​មហា‌ជន។ កាល​សាវ័ក*​បារណា‌បាស និង​សាវ័ក​ប៉ូល បាន​ឮ​ដំណឹង​នេះ លោក​ក៏​ហែក​សម្លៀក‌បំពាក់ ហើយ​ស្ទុះ​រត់​ទៅ​រក​ប្រជា‌ជន ទាំង​ស្រែក​ឡើង​ថា៖ «ហេតុ​អ្វី​បាន​ជា​បងប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បងប្អូន​ដែរ យើង​ខ្ញុំ​នាំ​ដំណឹង‌ល្អ*​មក​ជម្រាប​ជូន​បងប្អូន គឺ​សូម​បងប្អូន​ងាក​ចេញ​ពី​ការ​ថ្វាយ‌បង្គំ​រូប​សំណាក​ឥត​ប្រយោជន៍​នេះ ហើយ​បែរ​មក​រក​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​ដែល​មាន​នៅ​ទី​ទាំង​នោះ​ផង។ នៅ​ជំនាន់​មុនៗ ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​នានា ដើរ​តាម​មាគ៌ា​រៀងៗ​ខ្លួន។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះអង្គ​នៅ​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​មិន​ដែល​អាក់‌ខាន​ឡើយ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ព្រះអង្គ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បងប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បងប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។ ទោះ​បី​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ដូច្នេះ ក៏​លោក​រក​ឃាត់​មហា‌ជន​មិន​ឲ្យ​ធ្វើ​បូជា‌យញ្ញ​ជូន​លោក​សឹង​តែ​ពុំ​បាន។

ចែក​រំលែក
អាន កិច្ចការ 14

កិច្ចការ 14:8-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ក្រុង​លីស្ត្រា មាន​មនុស្ស​ម្នាក់​មាន​ជើង​ពិការ គាត់​អង្គុយ​នៅ​ដោយ​ខ្វិន តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក មិន​ដែល​ដើរ​សោះ​ឡើយ អ្នក​នោះ​បាន​ឮ​ប៉ុល​អធិប្បាយ ហើយ​ប៉ុល​ក៏​សំឡឹង​មើល​ទៅ​គាត់ ឃើញ​ថា គាត់​មាន​សេចក្ដី​ជំនឿ​ល្មម ដើម្បី​ឲ្យ​បាន​ជា នោះ​ក៏​បន្លឺ​ជា​សំឡេង​ខ្លាំង​ថា ចូរ​ក្រោក​ឈរ​ឲ្យ​ត្រង់​ឡើង រួច​អ្នក​នោះ​ក៏​ស្ទុះ​ឡើង​ដើរ កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​ដែល​ប៉ុល​ធ្វើ នោះ​គេ​បន្លឺ​ឡើង​ជា​ភាសា​លូកៅនា​ថា ពួក​ព្រះ​បាន​កាឡា​និម្មិត​ជា​មនុស្ស ចុះ​មក​ឯ​យើង​ហើយ គេ​ក៏​ហៅ​បា‌ណា‌បាស ជា​ព្រះ‌សេ‌យូស ហើយ​ប៉ុល ជា​ព្រះ‌ហ៊ើមេស ពី​ព្រោះ​គាត់​ជា​មេ​សំដែង ហើយ​សង្ឃ​របស់​ព្រះ‌សេយូស ដែល​នៅ​មុខ​ក្រុង​គេ ក៏​នាំ​យក​គោ​ឈ្មោល ហើយ​នឹង​ភួង​ទៅ​ដល់​ខ្លោង‌ទ្វារ​ក្រុង ចង់​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​នឹង​បណ្តា​មនុស្ស កាល​បា‌ណា‌បាស នឹង​ប៉ុល ជា​សាវក​បាន​ដឹង នោះ​ក៏​ហែក​អាវ​ខ្លួន រត់​ចូល​ទៅ​កណ្តាល​ហ្វូង​មនុស្ស​ស្រែក​ឡើង​ថា អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀត យើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការ ដែល​ឥត​ប្រយោជន៍​យ៉ាង​នេះ ទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ នឹង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ក្នុង​កាល​ជំនាន់​មនុស្ស​ពី​បុរាណ នោះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គ្រប់​ទាំង​សាសន៍ ដើរ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន ប៉ុន្តែ ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះ‌អង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែង‌តែ​ផ្សាយ​ព្រះ‌គុណ​មក គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើង ដោយ​អាហារ នឹង​សេចក្ដី​អំណរ តែ​ដែល​គាត់​អធិប្បាយ​សេចក្ដី​ទាំង​នោះ​ដល់​គេ នោះ​ឃាត់​គេ មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ដល់​ខ្លួន​សឹង​តែ​មិន​បាន​ផង។

ចែក​រំលែក
អាន កិច្ចការ 14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ