២ សាំ‌យូ‌អែល 7

7
ព្រះ​តាំង​សញ្ញា​ជា‌មួយ​ព្រះបាទ​ដាវីឌ
1ពេល​ស្តេច​បាន​គង់​នៅ​ក្នុង​ដំណាក់ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស‌ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទិស 2ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ហោរា​ណា‌ថាន់​ថា៖ «មើល​ចុះ យើង​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តា‌ត្រៅ តែ​ហិប​របស់​ព្រះ​មាន​តែ​ក្រណាត់​សំពត់​បាំង​ប៉ុណ្ណោះ»។ 3ណាថាន់​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌ករុណា​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា ដែល​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ទ្រង់​ហើយ»។ 4តែ​នៅ​វេលា​យប់​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ណា‌ថាន់​ថា៖ 5«ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​យើង​ថា "ព្រះ‌យេហូវ៉ា​បាន​សួរ​ដូច្នេះ តើ​ឯង​នឹង​ស្អាង​វិហារ​ឲ្យ​យើង​នៅ​ឬ? 6យើង​មិន​ដែល​នៅ​ក្នុង​វិហារ​ណា​ទេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ​យើង​បាន​នៅ​តែ​ក្នុង​ត្រសាល និង​ក្នុង​រោង​ឧបោ‌សថ​ទេ។ 7នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​បាន​ដើរ​ជា‌មួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន នោះ​តើ​យើង​ដែល​និយាយ​មួយ​ម៉ាត់ ទៅ​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ណា​មួយ ដែល​យើង​បាន​បង្គាប់​ឲ្យ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ស្អាង​វិហារ​ពី​ឈើ​តា​ត្រៅ​ឲ្យ​យើង​ឬ​ទេ?" 8ដូច្នេះ ចូរ​ឯង​ប្រាប់​ដាវីឌ​អ្នក​បម្រើ​យើង​ឥឡូវ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ យើង​បាន​យក​ឯង​ពី​ក្រោល​ចៀម គឺ​ពី​ការ​ឃ្វាល​ហ្វូង​សត្វ​មក ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង 9យើង​បាន​នៅ​ជា‌មួយ​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​ប៉ុន្មាន វិនាស​ពី​មុខ​ឯង​ចេញ យើង​បាន​លើក​ឈ្មោះ​ឯង​ឲ្យ​ជា​ធំ ស្មើ​នឹង​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី។ 10យើង​បាន​តម្រូវ​ទី​កន្លែង​មួយ ឲ្យ​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ហើយ​បាន​ដាំ​គេ​ឲ្យ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​គេ ឥត​រលើង​ទៅ​ឯ​ណា​ទៀត​ឡើយ ឯ​ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធ្វើ​ទុក្ខ​គេ​ដូច​កាល​ពី​ដើម​ទេ 11ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តាំង​ពួក​ចៅ‌ហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​នោះ​ឡើយ យើង​បាន​ប្រោស​ឲ្យ​ឯង​បាន​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ។ ម្យ៉ាង​ទៀត ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង។ 12កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​ឯង នោះ​យើង​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​ឡើង​សោយ‌រាជ្យ​ជំនួស​ឯង ហើយ​យើង​នឹង​តាំង​រាជ្យ​គេ​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង 13គឺ​វា​ដែល​នឹង​ស្អាង​វិហារ​មួយ​សម្រាប់​ឈ្មោះ​យើង ហើយ​យើង​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​របស់​គេ ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​តទៅ។ 14យើង​នឹង​ធ្វើ​ជា​ឪពុក​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​កូន​របស់​យើង បើ​កាល​ណា​គេ​ប្រព្រឹត្ត​ការ​ទុច្ចរិត នោះ​យើង​នឹង​ផ្ចាញ់‌ផ្ចាល​គេ​ដោយ​ដំបង​របស់​មនុស្ស ហើយ​និង​ស្នាម​រំពាត់​របស់​ពួក​មនុស្ស​ជាតិ 15ប៉ុន្តែ សេចក្ដី​សប្បុ‌រស​របស់​យើង មិន​ដែល​ឃ្លាត​ចេញ​ពី​គេ ដូច​ជា​យើង​បាន​ដក​ចេញ​ពី​ស្ដេចសូល ដែល​យើង​បាន​ចោល​ពី​មុខ​ឯង​ចេញ​នោះ​ឡើយ ។
16នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ"» 17ណាថាន់​ក៏​ទូល​ព្រះបាទ​ដាវីឌ តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល ហើយ​តាម​ការ​ជាក់​ស្តែង​ទាំង​នោះ​គ្រប់​ជំពូក។
ការ​អធិស្ឋាន​របស់​ព្រះបាទ​ដាវីឌ
18ព្រះបាទ​ដាវីឌ​បាន​យាង​ចូល​ទៅ​គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​ជា​អ្វី ហើយ​ពូជ‌ពង្ស​ទូល‌បង្គំ​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ដល់​ត្រឹម​នេះ? 19ប៉ុន្តែ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ នេះ​ជា​ការ​យ៉ាង​តូច​នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទេ បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ រហូត​ដល់​យូរ​អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​របៀប​នេះ​មនុស្ស​អាច​យល់​ឬ​ទេ? 20តើ​ដាវីឌ​ទូល‌បង្គំ​នេះ មាន​អ្វី​ទូល​ព្រះ‌អង្គ​បាន​ទៀត? ដ្បិត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ហើយ 21ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​ធំ​ទាំង​នេះ ឲ្យ​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ដឹង ដោយ​យល់​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ ហើយ​ក៏​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែរ។ 22ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ព្រះ‌អង្គ​ធំ​ណាស់ គ្មាន​អ្នក​ណា​ស្មើ​នឹង​ព្រះ‌អង្គ​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ត្រចៀក​ទូល‌បង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ព្រះ‌អង្គ​ដែរ។ 23តើ​មាន​សាសន៍​ណា​មួយ​នៅ​ផែនដី ឲ្យ​ដូច​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ​បាន​យាង​ទៅ លោះ​ចេញ ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​ល្បី​ឈ្មោះ និង​ប្រោស​ការ​យ៉ាង​ធំ​ដល់​គេ ហើយ​ការ​គួរ​ស្ញែង​ខ្លាច​សម្រាប់​ស្រុក​គេ នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​លោះ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​រួច​ពី​សាសន៍​ដទៃ និង​ព្រះ​របស់​គេ​ផង។ 24ព្រះ‌អង្គ​ក៏​បាន​តាំង​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ជា​រៀង‌រហូត​ត​ទៅ ហើយ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ធ្វើ​ជា​ព្រះ​ដល់​គេ​ដែរ។ 25ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​បញ្ជាប់​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​ពី​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ឲ្យ​បាន​ជាប់​ជា‌និច្ច​ត​ទៅ​មុខ សូម​ទ្រង់​ធ្វើ​សម្រេច ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​នោះ​ចុះ 26សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ថ្កុំ‌ថ្កើង​ឡើង​ជា‌និច្ច ដោយ​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​សូម​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌អង្គ។ 27បពិត្រ ឱ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ដឹង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា "យើង​នឹង​តាំង​វង្សា​ឯង​ឡើង" ហេតុ​ដូច្នេះ​បាន​ជា​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មាន​ចិត្ត​ក្លាហាន​នឹង​ហ៊ាន​អធិស្ឋាន​ពាក្យ​ទាំង​នេះ ទូល​ដល់​ព្រះ‌អង្គ។ 28ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​ពិត ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ពិត​ត្រង់ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌គុណ​នេះ​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ 29ដូច្នេះ សូម​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ និង​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌អង្គ​ជា​រៀង​រហូត ដ្បិត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​សន្យា​ហើយ ដូច្នេះ ដោយ‌សារ​ព្រះ‌ពរ​ព្រះ‌អង្គ នោះ​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នឹង​បាន​ពរ​នៅ​អស់‌កល្ប​ជា‌និច្ច»។

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល