២ សាំយូអែល 22
22
ទំនុកតម្កើងនៃការអរព្រះគុណរបស់ព្រះបាទដាវីឌ
1នៅថ្ងៃដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវទាំងប៉ុន្មាន និងពីកណ្ដាប់ដៃរបស់ស្តេចសូល ព្រះបាទដាវីឌបានពោលទំនុកទូលព្រះយេហូវ៉ាថា៖
2ព្រះយេហូវ៉ាជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំ
ព្រះអង្គជាអ្នកជួយទូលបង្គំឲ្យរួច
3ព្រះអង្គជាថ្មដានៃទូលបង្គំ
ទូលបង្គំនឹងយកព្រះអង្គជាទីពឹង
ព្រះអង្គក៏ជាខែល
ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ
ជាជម្រកដ៏រឹងមាំ
និងជាទីជ្រកកោនរបស់ទូលបង្គំ
ព្រះអង្គជាអង្គសង្គ្រោះ ដែលសង្គ្រោះទូលបង្គំ
ឲ្យរួចពីអំពើឃោរឃៅ។
4ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា
ដែលព្រះអង្គគាប់គួរសរសើរ
យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ
ឲ្យរួចពីពួកខ្មាំងសត្រូវហើយ។
5ដ្បិតរលកនៃសេចក្ដីស្លាប់បានព័ទ្ធជុំវិញទូលបង្គំ
អំពើទុច្ចរិតបានហូរជន់ឡើង បំភ័យទូលបង្គំ។
6ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់
បានរុំជុំវិញទូលបង្គំ
ខ្សែរូតនៃសេចក្ដីស្លាប់
បានស្ទះផ្លូវទូលបង្គំហើយ។
7នៅគ្រាមានសេចក្ដីវេទនា
នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា
គឺបានស្រែករកព្រះនៃទូលបង្គំ
ទ្រង់ក៏ឮសំឡេងទូលបង្គំពីក្នុងព្រះវិហារ
របស់ព្រះអង្គ
សម្រែករបស់ទូលបង្គំ
បានឮនៅព្រះកាណ៌របស់ព្រះអង្គ។
8ពេលនោះ ផែនដីបានញ័រកក្រើក
ឫសផ្ទៃមេឃក៏រំពើក
ហើយត្រូវរញ្ជួយដោយព្រោះព្រះអង្គ
មានសេចក្ដីក្រោធ។
9មានផ្សែងហុយចេញពីព្រះនាសារបស់ព្រះអង្គ
ព្រះអង្គផ្លុំភ្លើងចេញពីព្រះឧស្ឋរបស់ព្រះអង្គ
ហើយក៏មានរងើកភ្លើងព្រួសចេញពីព្រះឧស្ឋ
របស់ព្រះអង្គមកដែរ។
10ព្រះអង្គបានបន្ទាបផ្ទៃមេឃយាងចុះមក
មានងងឹតយ៉ាងក្រាស់នៅក្រោមព្រះបាទ
របស់ព្រះអង្គ។
11ព្រះអង្គគង់លើចេរូប៊ីមហោះមក
ឃើញព្រះអង្គដូចជាគង់លើស្លាបរបស់ខ្យល់។
12ព្រះអង្គបានយកភាពងងឹតធ្វើជាព្រះពន្លា
បាំងជុំវិញព្រះអង្គ
គឺមានពពកយ៉ាងក្រាស់ពេញដោយទឹកផ្ដុំគ្នា។
13មានផ្លេកបន្ទោរភ្លឺព្រាកៗនៅពីមុខព្រះអង្គ
ហើយមានរងើកភ្លើងធ្លាក់ចុះមក។
14ព្រះយេហូវ៉ាបានបញ្ចេញផ្គរពីលើមេឃ
ព្រះដ៏ខ្ពស់បំផុតបន្លឺព្រះសូរសៀង។
15ព្រះអង្គបាញ់ព្រួញទៅកម្ចាត់កម្ចាយគេ
និងរន្ទះទៅបំបាក់គេដែរ។
16ពេលនោះ បាតសមុទ្រក៏លេចឡើង
ហើយឫសនៃលោកីយ៍ក៏បានលេចឲ្យឃើញដែរ
ដោយសារព្រះយេហូវ៉ាបានគំរាម
គឺមានខ្យល់បក់គំហុកចេញពីព្រះនាសា
របស់ព្រះអង្គ។
17ព្រះអង្គបានចាត់ពីលើស្ថានដ៏ខ្ពស់
ឲ្យមកចាប់ទូលបង្គំ
ព្រះអង្គបានស្រង់ទូលបង្គំចេញពីទឹកធំ។
18ព្រះអង្គបានរំដោះទូលបង្គំ
ឲ្យរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ
គឺពីពួកអ្នកដែលស្អប់ទូលបង្គំ
ដ្បិតគេមានកម្លាំងខ្លាំងជាងទូលបង្គំ។
19នៅថ្ងៃដែលទូលបង្គំមានសេចក្ដីអន្តរាយ
នោះគេបានមកស្ទាក់ផ្លូវទូលបង្គំ
តែព្រះយេហូវ៉ាជាជន្ទល់នៃទូលបង្គំ។
20ព្រះអង្គបាននាំទូលបង្គំចេញទៅនៅទីធំទូលាយ
ព្រះអង្គបានរំដោះទូលបង្គំឲ្យរួច
ដោយព្រោះព្រះអង្គស្រឡាញ់ទូលបង្គំ។
21ព្រះយេហូវ៉ាបានប្រទានរង្វាន់
តាមសេចក្ដីសុចរិតរបស់ទូលបង្គំ
ព្រះអង្គបានសងទូលបង្គំ
តាមសេចក្ដីបរិសុទ្ធដែលទូលបង្គំប្រព្រឹត្ត។
22ដ្បិតទូលបង្គំបានប្រតិបត្តិតាមផ្លូវ
របស់ព្រះយេហូវ៉ា
ហើយមិនដែលឃ្លាតចេញពីព្រះនៃទូលបង្គំ
ដោយប្រព្រឹត្តការអាក្រក់ឡើយ។
23ព្រោះគ្រប់បញ្ញត្តិរបស់ព្រះអង្គ
នៅចំពោះមុខទូលបង្គំ
ហើយទូលបង្គំមិនបានងាកចេញពីក្រឹត្យ
របស់ព្រះអង្គណាមួយសោះ។
24ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះព្រះអង្គ
ហើយបានរក្សាខ្លួនឲ្យរួចពីការអាក្រក់របស់ទូលបង្គំ។
25ហេតុនេះហើយបានជាព្រះយេហូវ៉ាប្រទានរង្វាន់មក
តាមសេចក្ដីទៀងត្រង់របស់ទូលបង្គំ
គឺតាមសេចក្ដីបរិសុទ្ធរបស់ទូលបង្គំ
នៅចំពោះព្រះនេត្ររបស់ព្រះអង្គ។
26ព្រះអង្គសម្ដែងសេចក្ដីមេត្តា
ចំពោះអ្នកណាដែលមានចិត្តមេត្តា
ហើយសម្ដែងសេចក្ដីគ្រប់លក្ខណ៍
ចំពោះអ្នកណាដែលគ្រប់លក្ខណ៍
27ព្រះអង្គសម្ដែងសេចក្ដីបរិសុទ្ធ
ចំពោះអ្នកណាដែលបរិសុទ្ធ
តែព្រះអង្គតយុទ្ធនឹងមនុស្សក្រវិចក្រវៀនវិញ។
28ព្រះអង្គសង្គ្រោះមនុស្សដែលបន្ទាបខ្លួន
តែព្រះនេត្ររបស់ព្រះអង្គទតមើលពួកឆ្មើងឆ្មៃ
ដើម្បីបន្ទាបគេចុះ។
29ដ្បិតឱព្រះយេហូវ៉ាអើយ
ព្រះអង្គជាចង្កៀងនៃទូលបង្គំ
ព្រះយេហូវ៉ាបំភ្លឺក្នុងទីងងឹតរបស់ទូលបង្គំ។
30ដោយសារពឹងដល់ព្រះអង្គ
នោះទូលបង្គំអាចរត់ចូលទៅតទល់នឹងកងទ័ព
ហើយដោយសារព្រះនៃទូលបង្គំ
នោះទូលបង្គំអាចលោតរំលងកំផែងបាន។
31ផ្លូវរបស់ព្រះសុទ្ធតែគ្រប់លក្ខណ៍
ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា
បានសាកមើលដែរ
ព្រះអង្គជាខែលដល់អស់អ្នកណា
ដែលជ្រកក្នុងព្រះអង្គ។
32តើអ្នកណាជាព្រះ ក្រៅពីព្រះយេហូវ៉ា?
ហើយតើអ្នកណាជាថ្មដា
ក្រៅពីព្រះនៃយើងខ្ញុំតែមួយ?
33ព្រះជាជម្រកដ៏មាំមួនរបស់ទូលបង្គំ
ព្រះអង្គនាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍។
34ព្រះអង្គធ្វើឲ្យជើងទូលបង្គំ បានដូចជាជើងក្តាន់
ហើយដាក់ឲ្យទូលបង្គំឈរលើទីខ្ពស់
របស់ទូលបង្គំ។
35ព្រះអង្គបង្ហាត់ទូលបង្គំ
ឲ្យស្ទាត់ជំនាញក្នុងចម្បាំង
រហូតដល់ដើមដៃរបស់ទូលបង្គំមានកម្លាំង
ដើម្បីដំឡើងធ្នូលង្ហិនបាន។
36ព្រះអង្គបានប្រទានខែលនៃការសង្គ្រោះ
របស់ព្រះអង្គមកទូលបង្គំ
ហើយព្រះហឫទ័យស្រទន់របស់ព្រះអង្គ
បានលើកទូលបង្គំឡើងជាធំ។
37ព្រះអង្គបានធ្វើឲ្យជំហានរបស់ទូលបង្គំ
ទូលាយចេញទៅ
ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ
38ទូលបង្គំបានដេញតាមពួកខ្មាំងសត្រូវ
ហើយបំផ្លាញពួកគេ
ទូលបង្គំក៏មិនបានវិលមកវិញ
ទាល់តែគេត្រូវវិនាសអស់រលីង។
39ទូលបង្គំបានបំផ្លាញពួកគេ ទាំងចាក់ទម្លុះគេ
មិនឲ្យក្រោកឡើងវិញឡើយ
ពួកគេបានដួលនៅក្រោមជើងទូលបង្គំ។
40ដ្បិតព្រះអង្គបានក្រវាត់ទូលបង្គំ
ដោយកម្លាំងសម្រាប់ធ្វើចម្បាំង
ឯពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ
នោះព្រះអង្គបានបន្ទន់គេ
នៅក្រោមទូលបង្គំវិញ។
41ព្រះអង្គបានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នង
នៅមុខទូលបង្គំ
ដើម្បីឲ្យទូលបង្គំបានកាត់ពួកអ្នក
ដែលស្អប់ទូលបង្គំចេញ។
42គេបានមើលជុំវិញ តែគ្មានអ្នកណាមួយ
សម្រាប់ជួយសង្គ្រោះគេឡើយ
ក៏សង្ឃឹមដល់ព្រះយេហូវ៉ា
តែព្រះអង្គមិនបានឆ្លើយមកសោះ។
43ទូលបង្គំបានវាយគេឲ្យខ្ទេចខ្ទី
ដូចធូលីដីបានជាន់ឈ្លីគេ
ដូចជាភក់នៅក្នុងផ្លូវ ហើយកម្ចាត់កម្ចាយអស់ទៅ។
44ព្រះអង្គបានជួយទូលបង្គំ
ឲ្យរួចពីការទាស់ទែងគ្នា
ក្នុងប្រជារាស្ត្រទូលបង្គំ
ព្រះអង្គបានរក្សាទូលបង្គំទុក
ឲ្យធ្វើជាមេលើប្រជាជាតិនានា
ប្រជាជនដែលទូលបង្គំមិនបានស្គាល់
គេនឹងមកចំណុះទូលបង្គំ។
45ពួកសាសន៍ដទៃនឹងចុះចូល
ស្តាប់បង្គាប់ទូលបង្គំ
កាលគេឮពាក្យបង្គាប់ជាមុនដំបូង
នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម។
46ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ
ហើយចេញពីទីពួនរបស់គេមក
ដោយញាប់ញ័រ។
47ព្រះយេហូវ៉ាមានព្រះជន្មរស់នៅ
សូមក្រាបថ្វាយបង្គំដល់ថ្មដានៃទូលបង្គំ
ហើយសូមឲ្យព្រះដ៏ជាថ្មដា
នៃសេចក្ដីសង្គ្រោះទូលបង្គំ
បានលើកជាខ្ពស់ឡើង
48គឺជាព្រះដែលសម្រេចសេចក្ដីសងសឹក
ជំនួសទូលបង្គំ
ហើយបង្ក្រាបសាសន៍ផ្សេងៗ
នៅក្រោមអំណាចទូលបង្គំ
49ព្រមទាំងនាំទូលបង្គំចេញឲ្យរួច
ពីពួកខ្មាំងសត្រូវ
ហើយលើកទូលបង្គំឡើងយ៉ាងខ្ពស់
ជាងអស់អ្នកដែលលើកខ្លួនទាស់នឹងទូលបង្គំ
ក៏ដោះទូលបង្គំឲ្យរួចពីមនុស្សច្រឡោតផង។
50ហេតុដូច្នេះ ឱព្រះយេហូវ៉ាអើយ
ទូលបង្គំសរសើរតម្កើងព្រះអង្គ
នៅកណ្ដាលអស់ទាំងសាសន៍
និងច្រៀងទំនុកសរសើរថ្វាយព្រះនាម
របស់ព្រះអង្គ។
51ព្រះអង្គបានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំ
ដល់ស្តេចរបស់ព្រះអង្គ
ហើយក៏សម្ដែងសេចក្ដីសប្បុរសដល់អ្នក
ដែលព្រះអង្គបានចាក់ប្រេងតាំង
គឺដល់ដាវីឌ និងព្រះរាជវង្ស
ជារៀងដរាបតទៅ។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 22: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies