២ សាំ‌យូ‌អែល 2

2
ដាវីឌ​ត្រូវ​អភិសេក​ធ្វើ​ជា​ស្តេច​នៅ​ស្រុក​យូដា
1ក្រោយ​មក ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ឡើង​ទៅ​ទី​ក្រុង​របស់​ស្រុក​យូដា​ណា​មួយ​ឬ?»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​ចុះ» រួច​ដាវីឌ​ទូល​សួរ​ថា៖ «តើ​ឲ្យ​ទូល‌បង្គំ​ឡើង​ទៅ​ឯ​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ហេប្រុន»។ 2ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ​ដល់​ទី​នោះ នាំ​ប្រពន្ធ​របស់​គាត់​ទាំង​ពីរ​នាក់​ទៅ​ជា‌មួយ​ដែរ គឺ​អ័ហ៊ី‌ណោម​ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល​ជា​អ្នក​ស្រុក​កើមែល ដែល​ជា​ប្រពន្ធ​របស់​ខ្មោច​ណា‌បាល ។ 3ដាវីឌ​បាន​នាំ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀង​ខ្លួន​ឡើង​ទៅ​ដែរ គេ​បាន​តាំង​ទី​លំ​នៅ​ក្នុ​ង​តំបន់​នៃ​ក្រុង​ហេប្រុន។
4ពេល​នោះ អ្នក​ស្រុក​នាំ​គ្នា​មក ហើយ​ចាក់​ប្រេង​តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​យូដា។ មាន​គេ​ទូល​ដល់​ដាវីឌ​ថា៖ «ពួក​ដែល​បញ្ចុះ​អដ្ឋិ​របស់​ស្ដេចសូល នោះ​គឺ​ជា​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស-កាឡាត »។ 5ដាវីឌ​បាន​បញ្ជូន​សារ​ទៅ​ពួក​ក្រុង​យ៉ាបេស-កាឡាត ប្រាប់​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​អ្នក​រាល់​គ្នា​បាន​សម្ដែង​សេចក្ដី​សប្បុ‌រស​ដល់​ស្ដេច​សូល ជា​ចៅ‌ហ្វាយ​របស់​អ្នក ដោយ​បញ្ចុះ​អដ្ឋិ​ទ្រង់ 6ឥឡូវ​នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្ដែង​សេចក្ដី​សប្បុរស និង​សេចក្ដី​ទៀង​ត្រង់​ដល់​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​ក៏​នឹង​សង​ដល់​អ្នក​រាល់​គ្នា​ដោយ​សប្បុ‌រស​នោះ​ដែរ។ 7ដូច្នេះ សូម​អ្នក​រាល់​គ្នា​មាន​កម្លាំង​ដៃ​ឡើង ហើយ​មាន​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ស្តេច​សូល ជា​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា ទ្រង់​អស់​ព្រះ‌ជន្ម​ហើយ មួយ​ទៀត ពួក​ជន‌ជាតិ​យូដា បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ​វិញ»។
អ័ប៊ី‌នើរ​តែង‌តាំង​អ៊ីស-បូសែត​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល
8ឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​ស្តេច​សូ​ល បាន​នាំ​យក​អ៊ីស-បូសែត ជា​បុត្រា​របស់​ស្ដេចសូល ទៅ​ក្រុង​ម៉ាហា‌ណែម 9ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រាអិម និង​ពួក​បេនយ៉ាមីន និង​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ 10ឯ​អ៊ីស-បូសែត ជា​បុត្រា​របស់​ស្ដេច​សូល​នេះ ទ្រង់​មាន​ព្រះ‌ជន្ម​សែសិប​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​ចាប់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ទ្រង់​ក៏​សោយ‌រាជ្យ​បាន​ពីរ​ឆ្នាំ តែ​ពួក​ជន‌ជាតិ​យូដា​បាន​ប្រតិ‌បត្តិ​តាម​ដាវីឌ​វិញ។ 11ហើយ​គ្រា​ដែល​ដាវីឌ​សោយ‌រាជ្យ​លើ​ជន‌ជាតិ​យូដា នៅ​ក្រុង​ហេប្រុន នោះ​ទាំង​អស់​បាន​ប្រាំពីរ​ឆ្នាំ​ប្រាំមួយ​ខែ។
សង្គ្រាម​រវាង​យូដា​នឹង​អ៊ីស្រា‌អែល​នៅ​គីបៀន
12ឯ​អ័ប៊ី‌នើរ ជា​កូន​នើរ និង​ពួក​ខាង​អ៊ីស-បូសែត​ជា​បុត្រា​របស់​ស្ដេចសូល គេ​ក៏​ចេញ​ពី​ម៉ា‌ហា‌ណែម ទៅ​ឯ​គីបៀន 13ហើយ​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​ពួក​ខាង​ដាវីឌ​ក៏​ចេញ​ទៅ​ប្រទះ​គ្នា​នៅ​ត្រង់​ស្រះ​គីបៀន គេ​អង្គុយ​នៅ​ទាំង​សង​ខាង​ស្រះ គឺ​ម្ខាង​មួយ​ពួក ម្ខាង​មួយ​ពួក។ 14នោះ​អ័ប៊ី‌នើរ​និយាយ​ទៅ​យ៉ូអាប់​ថា៖ «ចូរ​ឲ្យ​ពួក​កំលោះៗ​ក្រោក​ឡើង​ល្បង​គ្នា​នៅ​មុខ​យើង​ទៅ» យ៉ូអាប់​ក៏​ឆ្លើយ​ថា៖ «ចូរ​ឲ្យ​គេ​ក្រោក​ឡើង​ចុះ»។ 15នោះ​គេ​ក៏​ក្រោក​ឡើង​ទៅ​តាម​ចំនួន​ដែល​បាន​កំណត់ គឺ​មាន​ដប់​ពីរ​នាក់​ដំណាង​ខាង​ពួក​បេនយ៉ាមីន និង​អ៊ីស-បូសែត​ជា​បុត្រា​របស់​ស្ដេចសូល ហើយ​ដប់ពីរ​នាក់​ដំណាង​ខាង​ពួក​ដាវីឌ។ 16គ្រប់​គ្នា​ក៏​ចាប់​ក្បាល​គូ​គេ​រៀង​ខ្លួន ហើយ​ចាក់​គ្នា​ត្រង់​ចំហៀង​ដោយ​ដាវ ដួល​ស្លាប់​ទាំង​អស់​គ្នា​ទៅ ដូច្នេះ គេ​ហៅ​ទី​នោះ​ថា ហេល‌កាត-ហា‌ស៊ូ‌រីម ដែល​នៅ​ត្រង់​គីបៀន។ 17នៅ​ថ្ងៃ​នោះ ចម្បាំង​សាហាវ​ណាស់ ហើយ​អ័ប៊ី‌នើរ និង​ពួក​ខាង​អ៊ីស្រា‌អែល ត្រូវ​ចាញ់​ដៃ​ពួក​ខាង​ដាវីឌ។
18កូន​ប្រុស​ទាំង​បី​នាក់​របស់​អ្នក​ស្រី​សេរូយ៉ា គឺ​យ៉ូអាប់ អ័ប៊ី‌សាយ និង​អេ‌សា‌អែល ក៏​នៅ​ទី​នោះ​ដែរ។ រីឯ​អេ‌សា‌អែល​មាន​ជើង​លឿន​ណាស់ ដូច​ជា​ប្រើស​ព្រៃ។ 19គាត់​ក៏​ដេញ​តាម​អ័ប៊ី‌នើរ​ទៅ ឥត​បង្អង់​ដោយ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ 20នោះ​អ័ប៊ី‌នើរ​ក៏​ក្រឡេក​មើល​មក​ក្រោយ សួរ​ថា៖ «តើ​ឯង​ជា​អេ‌សា‌អែល​ឬ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​នេះ​ហើយ!»។ 21ដូច្នេះ អ័ប៊ី‌នើរ​ប្រាប់​គាត់​ថា៖ «ចូរ​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ដើម្បី​ចាប់​យុវជន​ណា​ម្នាក់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​គេ​វិញ» តែ​អេ‌សា‌អែល​ចេះ​តែ​ដេញ​តាម​លោក​ទៅ មិន​ព្រម​បែរ​ចេញ​ឡើយ។ 22អ័ប៊ី‌នើរ​ក៏​ប្រាប់​ទៅ​អេ‌សា‌អែល​ម្តង​ទៀត​ថា៖ «ចូរ​ឯង​បែរ​ចេញ​លែង​តាម​ខ្ញុំ​ទៅ ត្រូវ​ឲ្យ​ខ្ញុំ​វាយ​ឯង​ឲ្យ​ដួល​ដល់​ដី​ធ្វើ​អី បើ​ដូច្នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​បាន​ងើប​មុខ​នៅ​ចំពោះ​យ៉ូអាប់​ជា​បង​ឯង​បាន?» 23ប៉ុន្តែ គាត់​មិន​ព្រម​បែរ​ចេញ​សោះ​ឡើយ បាន​ជា​អ័ប៊ី‌នើរ​កាន់​លំពែង​បុះ​ទៅ​ក្រោយ ត្រូវ​ត្រង់​ពោះ​គាត់ ដោយ​ចុង​ដង​លំពែង ធ្លុះ​ចេញ​មក​ក្រោយ ហើយ​គាត់​ដួល​ស្លាប់​នៅ​ទី​នោះ​ឯង ឯ​អស់​អ្នក​ដែល​មក​តាម​ក្រោយ ដល់​កន្លែង​អេ‌សា‌អែល​ដួល​ស្លាប់​នោះ គេ​ក៏​ឈប់​នៅ។
24យ៉ូអាប់ និង​អ័ប៊ី‌សាយ​ចេះ​តែ​ដេញ​តាម​អ័ប៊ី‌នើរ​ទៅ កាល​គេ​មក​ដល់​ភ្នំ​អាំ‌ម៉ា ដែល​នៅ​ប្រទល់​មុខ​នឹង​គីយ៉ា តាម​ផ្លូវ​កាត់​ទី​រហោ‌ស្ថាន​គីបៀន នោះ​ថ្ងៃ​ក៏​លិច។ 25ចំណែក​ពួក​ខាង​បេនយ៉ាមីន​បាន​មូល​ផ្តុំ​គ្នា​ជា​ពួក​មួយ​អ័ប៊ី‌នើរ ក៏​ឈរ​នៅ​លើ​កំពូល​កូន​ភ្នំ​មួយ។ 26នោះ​អ័ប៊ី‌នើរ​បាន​ស្រែក​ហៅ​ទៅ​យ៉ូអាប់​ថា៖ «តើ​ត្រូវ​ឲ្យ​ដាវ​ស៊ី​បំផ្លាញ​ជា​រៀង​រហូត​ឬ? តើ​មិន​ដឹង​ទេ​ថា ដល់​ចុង​បំផុត​នឹង​មាន​សេចក្ដី​ជូរ​ចត់? ដូច្នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត ទើប​ប្រាប់​ដល់​ពួក​ពល​ឲ្យ​ត្រឡប់​វិល​ទៅ​វិញ លែង​ដេញ​តាម​បង‌ប្អូន​គេ​នោះ?» 27យ៉ូអាប់​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា បើ​ឯង​មិន​បាន​និយាយ​ទេ ដល់​ព្រឹក​ឡើង គង់​តែ​ពួក​ពល​ទាំង​ប៉ុន្មាន​ចេញ​ទៅ លែង​ដេញ​តាម​បង‌ប្អូន​គេ​រៀង​ខ្លួន​ហើយ»។ 28ដូច្នេះ យ៉ូអាប់​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​ពួក​ពល​ឈប់​នៅ​ស្ងៀម គេ​លែង​ដេញ​តាម​ពួក​អ៊ីស្រា‌អែល​ត​ទៅ ក៏​មិន​បាន​ច្បាំង​គ្នា​ទៀត​ឡើយ។ 29ឯ​អ័ប៊ី‌នើរ ព្រម​ទាំង​ពួក​ពល​ទ័ព​របស់​លោក គេ​ដើរ​កាត់​ស្រុក​វាល ពេញ​មួយ​យប់​នោះ រួច​គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​ក៏​ដើរ​កាត់​ស្រុក​ប៊ីត្រោន​ទៅ​ដល់​ម៉ា‌ហា‌ណែម​វិញ។
30យ៉ូអាប់​ក៏​វិល​ត្រឡប់​មក​ពី​ដេញ​តាម​អ័ប៊ី‌នើរ​ដែរ ហើយ​កាល​លោក​បាន​ប្រមូល​ពួក​ពល​ខាង​ដាវីឌ​ទាំង​អស់​មក នោះ​ឃើញ​បាត់​តែ​ដប់​ប្រាំបួន​នាក់ និង​អេ‌សា‌អែល​ប៉ុណ្ណោះ។ 31តែ​ពួក​ពល​របស់​ដាវីឌ បាន​វាយ​សម្លាប់​ខាង​ពួក​បេនយ៉ាមីន និង​ពួក​អ័ប៊ី‌នើរ​អស់​បីរយ​ហុកសិប​នាក់។ 32រួច​គេ​នាំ​យក​សព​របស់​អេ‌សា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ឪពុក​គាត់ ដែល​នៅ​បេ‌ថ្លេ‌ហិម​ទៅ នោះ​យ៉ូអាប់ ព្រម​ទាំង​ពួក​លោក​ក៏​ដើរ​ពេញ​មួយ​យប់ ទៅ​ដល់​ក្រុង​ហេប្រុន​នៅ​ពេល​ថ្ងៃ​ទើប​នឹង​ភ្លឺ។

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល