២ សាំ‌យូ‌អែល 1

1
ព្រះបាទ​ដាវីឌ​កាន់​ទុក្ខ​ចំពោះ​ស្តេច​សូល និង​យ៉ូណាថាន
1ក្រោយ​ពី​ស្តេច​សូល​បាន​សុគត​ទៅ ពេល​ដាវីឌ​បាន​ត្រឡប់​មក​ពី​វាយ​ពួក​អាម៉ាឡេក​វិញ ហើយ​បាន​នៅ​ក្រុង​ស៊ីក‌ឡាក់​អស់​ពីរ​ថ្ងៃ 2នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ស្ដេច​សូល ទាំង​មាន​សម្លៀក‌បំពាក់​រហែក ហើយ​មាន​ដី​នៅ​លើ​ក្បាល។ ពេ​ល​បាន​ជួប​ដាវីឌ គាត់​ក៏​ក្រាប​ចុះ​ដល់​ដី​ដោយ​គោរព។ 3ដាវីឌ​សួរ​ថា៖ «តើ​អ្នក​មក​ពី​ណា?» គាត់​ជម្រាប​ថា៖ «ខ្ញុំ​បាន​រត់​ចេញ​ពី​ជំរំ​អ៊ីស្រា‌អែល»។ 4ដាវីឌ​សួរ​ទៀត​ថា៖ «តើ​យ៉ាង​ម៉េច​ទៅ​ហើយ? សូម​ប្រាប់​ខ្ញុំ​មើល៍!» គាត់​ជម្រាប​ថា៖ «កង‌ទ័ព​បាន​រត់​ចេញ​ពី​សមរភូមិ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ដួល​ស្លាប់​ដែរ ឯ​ស្តេច​សូល និង​យ៉ូណាថាន​ជា​បុត្រា​ទ្រង់ បាន​សុគត​ហើយ»។ 5រួច​ដាវីឌ​សួរ​យុវជន​ដែល​នាំ​ដំណឹង​មក​ជម្រាប​នោះ​ថា៖ «ម្តេច​បាន​ជា​អ្នក​ដឹង​ថា ស្តេច​សូល និង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ បាន​សុគត?» 6យុវជន​នោះ​ជម្រាប​ថា៖ «ហេតុ‌ការណ៍​នោះ​កើត​ឡើង ពេល​ខ្ញុំ​កំពុង​នៅ​លើ​ភ្នំ​គីលបោ បាន​ឃើញ​ស្ដេច​សូល​ច្រត់​លើ​លំពែង​របស់​ទ្រង់ ឯ​ពល​រទេះ និង​ពល​សេះ​របស់​គេ​ក៏​តាម​ទ្រង់​យ៉ាង​ប្រកិត។ 7ពេល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា "ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់"។ 8រួច​ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា "ឯង​ជា​អ្នក​ណា?" ខ្ញុំ​ទូល​ឆ្លើយ​ថា "ទូល‌បង្គំ​ជា​សាសន៍​អាម៉ា‌ឡេក"។ 9ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា "ចូរ​មក​ជិត​នេះ សម្លាប់​យើង​ទៅ ដ្បិត​យើង​រស់​នៅ​វេទនា​ខ្លាំង​ណាស់ ក៏​កាន់​តែ​ល្វើយ​ណាស់​ហើយ"។ 10ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​ជិត ធ្វើ​គុត​ទ្រង់​ទៅ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ដែល​ទ្រង់​ដួល​ដូច្នេះ នោះ​នឹង​គង់​ព្រះ‌ជន្ម​នៅ​មិន​បាន​ឡើយ ឯ​មកុដ​ដែល​នៅ​លើ​ព្រះ‌សិរ និង​កង​ដែល​នៅ​ព្រះ‌ហស្ត​របស់​ទ្រង់ ក៏​ខ្ញុំ​បាន​យក​មក​ជូន​លោក​ជា​ម្ចាស់​ខ្ញុំ»។
11ពេល​នោះ ដាវីឌ​បាន​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ក៏​ធ្វើ​ដូច្នោះ​ដែរ។ 12គេ​នាំ​គ្នា​កាន់​ទុក្ខ ព្រម​ទាំង​យំ តម​អាហារ​រហូត​ដល់​ល្ងាច ដោយ​ព្រោះ​ស្តេច​សូល យ៉ូណា‌ថាន​បុត្រា​ទ្រង់ និង​ពួក​ទ័ព​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​បាន​ដួល​ស្លាប់​ដោយ​ដាវ។ 13បន្ទាប់​មក ដាវីឌ​សួរ​យុវជន​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «តើ​អ្នក​ជា​សាសន៍​អ្វី?» គាត់​ជម្រាប​ថា៖ «ខ្ញុំ​ជា​កូន​របស់​សាសន៍​ដទៃ​ម្នាក់ គឺ​សាសន៍​អាម៉ា‌ឡេក»។ 14ដាវីឌ​សួរ​គាត់​ថា៖ «ម្តេច​ក៏​អ្នក​មិន​ខ្លាច​ដែល​លូក​ដៃ​ទៅ​សម្លាប់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង?» 15ពេល​នោះ ដាវីឌ​បាន​ហៅ​យុវជន​ម្នាក់​មក​ប្រាប់​ថា៖ «ចូល​មក សម្លាប់​អ្នក​នេះ​ចោល​ទៅ» ដូច្នេះ គាត់​ក៏​ប្រហារ​ជីវិត​អ្នក​នោះ​ឲ្យ​ស្លាប់​ទៅ។ 16ដាវីឌ​មាន​ប្រ‌សាសន៍​ថា៖ «សូម​ឲ្យ​ឈាម​របស់​អ្នក​ធ្លាក់​លើ​ក្បាល​អ្នក​វិញ​ចុះ ដ្បិត​មាត់​អ្នក​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា "ខ្ញុំ​បាន​សម្លាប់​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង"»។
17ដាវីឌ​បាន​លើក​បទ​ទំនួញ​មួយ​អំពី​ស្តេច​សូល និង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ 18(លោក​បាន​បង្គាប់​ឲ្យ​គេ​បង្រៀន​បទ​ចម្រៀង​អំពី​ធ្នូ នេះ​ដល់​ពួក​កូន​ចៅ​យូដា បទ​នេះ​សឹង​មាន​កត់​ទុក​នៅ​ក្នុង​សៀវភៅ​របស់​យ៉ា‌ស៊ើរ) ថា៖
19ឱ​សាសន៍​អ៊ីស្រា‌អែល​អើយ
សិរី‌ល្អ​របស់​ឯង​ត្រូវ​គេ​សម្លាប់
នៅ​លើ​ទី​ខ្ពស់​របស់​ឯង
ម្តេច​បាន​ជា​ពួក​ខ្លាំង​ពូកែ​ដួល​ស្លាប់​ដូច្នេះ?
20កុំ​ថ្លែង​ប្រាប់​នៅ​ក្រុង​កាថ
កុំ​ប្រកាស​ប្រាប់​តាម​ផ្លូវ
នៅ​ក្នុង​ក្រុង​អាស‌កាឡូន​ឡើយ
ក្រែង​ពួក​កូន​ស្រី​របស់​សាសន៍​ភីលី‌ស្ទីន
បាន​រីក‌រាយ​សប្បាយ
ហើយ​ក្រែង​កូន​ស្រី​របស់​ពួក​មិន​កាត់​ស្បែក​នោះ
បាន​អរ​សាទរ។
21ឱ​ភ្នំ​គីល‌បោ​អើយ
កុំ​ឲ្យ​មាន​សន្សើម
ឬ​ភ្លៀង​ធ្លាក់​មក​លើ​ឯង​ឡើយ
ក៏​កុំ​ឲ្យ​មាន​ភោគ​ផល​ទៀត​ដែរ
ដ្បិត​នៅ​ទី​នោះ ខែល​របស់​ពួក​ខ្លាំង​ពូកែ
ត្រូវ​គេ​បន្ទាប​បន្ថោក គឺ​ខែល​របស់​ស្តេច​សូល
ដែល​មិន​បាន​ចាក់​ប្រេង​តាំង
ត​ទៅ​ទៀត​ឡើយ។
22ធ្នូ​របស់​យ៉ូណា‌ថាន​មិន​រា​ថយ​ឡើយ
បើ​មិន​បាន​បង្ហូរ​ឈាម
ឬ​ខ្លាញ់​របស់​មនុស្ស​ខ្លាំង​ពូកែ
ហើយ​ដាវ​របស់​ស្ដេច​សូល​ក៏​មិន​ដែល​ត្រឡប់​មក​វិញ
ដោយ​ទទេ​ដែរ។
23ស្ដេច​សូល និង​យ៉ូណា‌ថាន​គួរ​ឲ្យ​ស្រឡាញ់
និង​គួរ​រាប់អាន​ណាស់​កាល​នៅ​រស់
ហើយ​ពេល​ទ្រង់​សុគត​ទៅ​ក៏​មិន​ឃ្លាត​ពី​គ្នា​ដែរ
ទ្រង់​រហ័ស​ជាង​សត្វ​ឥន្ទ្រី
ហើយ​ខ្លាំង​ជាង​សត្វ​សិង្ហ។
24ឱ​ពួក​កូន​ស្រី​សាសន៍​អ៊ីស្រា‌អែល​អើយ
ចូរ​យំ​សោក​នឹង​ស្ដេច​សូល
ដែល​ទ្រង់​បាន​ចាត់​ចែង​ឲ្យ​ឯង​ស្លៀក‌ពាក់
សំពត់​ក្រហម​យ៉ាង​រុងរឿង
ហើយ​តែង​សម្លៀក‌បំពាក់​ឲ្យ​ឯង
ដោយ​គ្រឿង​មាស។
25ម្តេច​ក៏​អ្នក​ខ្លាំង​ពូកែ​ត្រូវ​ដួល​ស្លាប់
នៅ​ក្នុង​ចម្បាំង​ដូច្នេះ
យ៉ូណា‌ថាន​ត្រូវ​គេ​សម្លាប់
នៅ​លើ​ទី​ខ្ពស់​របស់​ឯង។
26ឱ​យ៉ូណា‌ថាន បង​អើយ ខ្ញុំ​ឈឺ​ចាប់​ណាស់
បង​ជា​ទី​ពេញ​ចិត្ត​របស់​ខ្ញុំ
បង​ស្រឡាញ់​ដល់​ខ្ញុំ​ខ្លាំង​ណាស់
លើស​ជាង​សេចក្ដី​ស្រឡាញ់
របស់​ស្រីៗ​ទៅ​ទៀត។
27ម្តេច​ក៏​ពួក​ខ្លាំង​ពូកែ​ត្រូវ​ដួល​ស្លាប់
និង​អស់​ទាំង​គ្រឿង​សស្ត្រាវុធ
ត្រូវ​វិនាស​ដូច្នេះ?

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល