២ ពេត្រុស 3:8-16

២ ពេត្រុស 3:8-16 គកស១៦

ពួក​ស្ងួន‌ភ្ងា​អើយ សូម​កុំ​ភ្លេច​សេចក្ដី​មួយ​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ទុក​ដូច​ជា​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​មួយ​ថ្ងៃ​ដែរ ។ ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ដូច​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​ចំពោះអ្នក​រាល់​គ្នា ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ។ រីឯ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ នឹង​មក​ដូច​ជា​ចោរ​ប្លន់ ហើយ​ពេល​នោះ ផ្ទៃ​មេឃ​នឹង​បាត់​ទៅ​ដោយ​សូរ​គ្រាំ​គ្រេង ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កម្ដៅ​ភ្លើង ផែនដី និងអ្វីៗ​នៅ​លើ​ផែន​ដី​នឹង​ត្រូវ​ឆេះ​អស់។ បើ​អ្វីៗ​ទាំង​អស់​ត្រូវ​រលាយ​ទៅ​យ៉ាង​នេះ​ទៅ​ហើយ តើ​អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ជា​មនុស្ស​បែប​ណា ក្នុង​កិរិយា​បរិសុទ្ធ និង​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ទាំង​ទន្ទឹង​រង់​ចាំ ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​របស់​ព្រះ​បាន​ឆាប់​មក​ដល់ ព្រោះ​ជា​ថ្ងៃ​ដែល​ផ្ទៃ​មេឃ​នឹង​ត្រូវ​ឆេះ ហើយ​រលាយទៅ ធាតុ​សព្វ​សារពើ​នឹង​ត្រូវ​រលាយ​ដោយ​កម្ដៅ​ភ្លើង! ប៉ុន្ដែ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ យើងកំពុង​ទន្ទឹង​រង់​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ។ ដូច្នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ដើម្បី​ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​រស់​នៅ​ដោយ​សុខសាន្ត។ ត្រូវ​រាប់​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​របស់​ព្រះ‌អម្ចាស់​នៃ​យើង ទុក​ជា​ការ​សង្គ្រោះ ដូច​លោក​ប៉ុល ជា​បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​យើង ក៏​បាន​សរសេរ​មក​អ្នក​រាល់​គ្នា តាម​ប្រាជ្ញា​ដែល​ព្រះ​បាន​ប្រទាន​មក​លោក ដូច​លោក​រៀប​រាប់​នៅ​ក្នុង​សំបុត្រ​ទាំង​ប៉ុន្មាន​របស់​លោក អំពី​រឿង​ទាំង​នេះ​ដែរ។ មាន​សេចក្ដី​ខ្លះ​នៅ​ក្នុង​សំបុត្រទាំង​នោះ​ដែល​ពិបាក​យល់ ហើយ​អ្នក​ល្ងង់​ខ្លៅ និង​ពួក​មិន​ខ្ជាប់‌ខ្ជួន បង្វែរ​សេចក្ដី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។

អាន ២ ពេត្រុស 3

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ពេត្រុស 3:8-16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ