២ ពង្សាវ‌តារ‌ក្សត្រ 11

11
ព្រះ‌នាង​អ័ថា‌លា​សោយរាជ្យ​លើ​ស្រុក​យូដា
1ពេល​ព្រះនាង​អ័ថា‌លា​ជា​មាតា​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ជ្រាប​ថា បុត្រា​សុគត​ហើយ ព្រះ‌នាង​ក៏​ចាត់​ចែង​បំផ្លាញ​ជំនួរ​វង្ស​របស់​ស្ដេច​ទាំង​ប៉ុន្មាន។ 2ប៉ុន្តែ ព្រះ​នាង​យ៉ូសេ‌បា ជា​បុត្រី​ព្រះបាទ​យ៉ូរ៉ាម និង​ជា​កនិដ្ឋា​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​លួច​យក​យ៉ូអាស ជា​បុត្រា​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​បុត្រា​របស់​ស្ដេច​ដែល​ត្រូវ​គេ​សម្លាប់។ ព្រះនាងយ៉ូសេបា បាន​ដាក់ យ៉ូអាស និងមេដោះ​នៅ​ក្នុង​បន្ទប់​ដេក។ គេ​បាន​លាក់​រាជ​កុមារ​ពី​ព្រះនាង​អ័ថា‌លា​បែប​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បាន​រួចពី​ស្លាប់។ 3បុត្រ​នោះ​ក៏​នៅ​ជា‌មួយ​នាង លាក់​ទុក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​អស់​ប្រាំមួយ​ឆ្នាំ កំឡុង​ពេល​ព្រះ‌នាង​អ័ថា‌លា​សោយ‌រាជ្យ​លើ​នគរ។
យេហូយ៉ាដា​ចាក់​ប្រេង​តាំង​កុមារ​យ៉ូអាស
4លុះ​ដល់​ឆ្នាំ​ទី​ប្រាំពីរ យេហូ‌យ៉ា‌ដា​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​ពួក​មេ‌ទ័ព ពួក​នាយ និង​ពួក​ថ្មើរ​ជើង មក​ឯ​លោក​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា លោក​ក៏​តាំង​សញ្ញា​នឹង​គេ ហើយ​ឲ្យ​គេ​ស្បថ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​បង្ហាញ​ឲ្យ​គេ​ឃើញ​បុត្រា​របស់​ស្ដេច​នោះ។ 5លោក​បង្គាប់​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​ពួក​អ្នក​រាល់​គ្នា​មួយ​ភាគ​បី ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សម្រាក ត្រូវ​ត្រួត​លើការ​ចាំ​យាម រក្សា​នៅ​មន្ទីរ​របស់​ស្ដេច 6ត្រូវ​ឲ្យ​មួយ​ភាគ​បី​ទៀត​នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ និង​មួយ​ភាគ​បី​ទៀត​នៅ​ត្រង់​ទ្វារ​ខាង​ក្រោយ​ពួក​ចាំ​យាម អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​យ៉ាង​នោះ កុំ​ឲ្យ​អ្នក​ណា​ចូល​ឡើយ។ 7អ្នក​រាល់​គ្នា​ទាំង​ពីរ​កង ដែល​ត្រូវ​វេន​នៅ​ថ្ងៃ​ឈប់​សម្រាក ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ហើយ​ការពារ​ព្រះមហា​ក្សត្រ 8អ្នក​រាល់​គ្នាត្រូ​វ​កាន់​គ្រឿង​សស្រ្តា‌វុធ​នៅ​ដៃ​រៀង​ខ្លួន នៅ​ជុំវិញ​ព្រះ​មហាក្សត្រ។ បើ​មាន​អ្នក​ណា​ចូល​មក​ជិត​ជួរ​ទ័ព​របស់​អ្នក​រាល់​គ្នា ត្រូវ​សម្លាប់​ចោល ហើយ​ត្រូវ​នៅ​ជា‌មួយ​ព្រះមហាក្សត្រ នៅ​ពេល​ដែល​ទ្រង់​យាង​ចេញ និង​ចូល​មក​ផង»។
9ពួក​មេ‌ទ័ព គេ​ធ្វើ​តាម​បង្គាប់​សង្ឃ​យេហូ‌យ៉ា‌ដា​គ្រប់​ជំពូក គេ​នាំ​យក​ពួក​កង​គេ​រៀង​ខ្លួន ជា​ពួក​ដែល​ចូល​វេន​នៅ​ថ្ងៃ​សប្ប័ទ និង​ពួក​ដែល​ចេញ​វេន​នៅ​ថ្ងៃ​សប្ប័ទ​ដែរ មក​ឯ​សង្ឃ​យេហូ‌យ៉ា‌ដា។ 10លោក​ក៏​ចែក​លំពែង និង​ខែល​របស់​ព្រះបាទ​ដាវីឌ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដល់​ពួក​មេ‌ទ័ព។ 11ដូច្នេះ ពួក​ចាំ​យាម​គេ​ក៏​កាន់​គ្រឿង​សស្រ្តា‌វុធ​នៅ​ដៃ​រៀង​ខ្លួន ឈរ​នៅ​ព័ទ្ធ​ជុំ‌វិញ​ស្ដេច ចាប់​តាំង​ពី​ខាង​ស្ដាំ​ព្រះ‌វិហារ រហូត​ដល់​ខាង​ឆ្វេង​តាម​ក្បែរ​អាស‌នា​ព្រះ‌វិហារ។ 12លោក​នាំ​បុត្រា​របស់​ស្ដេច​ចេញ​មក ហើយ​បំពាក់​មកុដ‌រាជ្យ​ថ្វាយ ព្រម​ទាំង​ប្រគល់​សេចក្ដី​បន្ទាល់ ដល់​ទ្រង់ តាំង​ឡើង​ជា​ស្ដេច ហើយ​ចាក់​ប្រេង រួច​គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយឃោស​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។
មរណភាព​របស់​ព្រះនាង​អ័ថាលា
13ពេល​ព្រះ‌នាង​អ័ថា‌លា​ឮ​សូរ​អឺង‌កង​របស់​ពួក​ចាំ​យាម និង​បណ្ដា​ជន​ទាំង​ប៉ុន្មាន នោះ​ព្រះ‌នាង​យាង​ចូល​ទៅ​ឯ​គេ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា 14ក៏​ទត​មើល​ទៅ​ឃើញ​ស្ដេច​ទ្រង់​ប្រថាប់​នៅ​លើ​វេទិកា តាម​ទំនៀម​មាន​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ ឈរ​នៅ​ជិត​ពួក​បណ្ដា​ជន ជា​អ្នក​ស្រុក​នោះ​ទាំង​អស់ ក៏​រីក‌រាយ​សប្បាយ​ឡើង ទាំង​ផ្លុំ​ត្រែ​ផង។ ដូច្នេះ ព្រះ‌នាង​អ័ថា‌លា​ក៏​ហែក​ព្រះ‌ពស្រ្ត​ស្រែក​ឡើង​ថា៖ «នេះ​ជា​ការ​ក្បត់ ជា​ការ​ក្បត់​ហើយ»។ 15ប៉ុន្តែ សង្ឃ​យេហូ‌យ៉ា‌ដា​បាន​បង្គាប់​ពួក​មេ‌ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សម្លាប់​គេ​ដោយ​ដាវ​ទៅ»។ ដ្បិត​សង្ឃ​បាន​ប្រាប់​ថា៖ «កុំ​សម្លាប់​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ឡើយ»។ 16ដូច្នេះ គេ​ក៏​ចៀស​បើក​ផ្លូវ​ឲ្យ​ព្រះ‌នាង​យាង​ចេញ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ផ្លូវ​សេះ ដែល​ចូល​ទៅ​ឯ​ដំណាក់​ស្ដេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ​ទៅ។
17រួច​មក​យេហូ‌យ៉ា‌ដា លោក​ឲ្យ​ស្ដេច និង​ពួក​ជន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ថា គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ស្ដេច និង​ពួក​រាស្ត្រ ចុះ​សញ្ញា​គ្នា​ដែរ។ 18បន្ទាប់​មក បណ្ដា​ជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ស្រុក ក៏​ចូល​ទៅ​បំផ្លាញ​វិហារ​ព្រះ‌បាល បំបាក់​បំបែក​អស់​ទាំង​អាស‌នា ព្រម​ទាំង​រូប​ព្រះ​អស់​រលីង ក៏​សម្លាប់​ម៉ាត់‌ថាន ជា​សង្ឃ​របស់​ព្រះ‌បាល នៅ​ត្រង់​មុខ​អាស‌នា រួច​សង្ឃ​យេហូ‌យ៉ា‌ដា​តាំង​ឲ្យ​មាន​ពួក​ត្រួត‌ត្រា​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ 19លោក​ក៏​នាំ​យក​ពួក​មេ‌ទ័ព ពួក​នាយ និង​ពួក​ថ្មើរ​ជើង ព្រម​ទាំង​ពួក​បណ្ដា​ជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ទៅ​ដង្ហែ​ស្ដេច​ចុះ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូល​ទៅ​ក្នុង​ដំណាក់​ហ្លួង តាម​ផ្លូវ​ទ្វារ​កំផែង ជា​ទី​របស់​ពួក​ចាំ​យាម ហើយ​ទ្រង់​ក៏​ឡើង​គង់​លើ​បល្ល័ង្ក‌រាជ្យ។ 20ដូច្នេះ ប្រជា​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក​មាន​ចិត្ត​សប្បាយ​រីក​រាយ​ទាំង​អស់​គ្នា ហើយ​ទី​ក្រុង​ក៏​មាន​សេចក្ដី​សុខ‌សាន្ដ ក្រោយ​ពី​បាន​ធ្វើ​គុត​ព្រះ‌នាង​អ័ថា‌លា​ដោយ​ដាវ នៅ​ក្នុង​ដំណាក់​ស្ដេច​មក។ 21 ព្រះបាទ​យ៉ូអាស ឡើង​សោយ‌រាជ្យ​ក្នុង​ជន្មាយុ​ប្រាំពីរ​ឆ្នាំ។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវ‌តារ‌ក្សត្រ 11: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល