២ កូរិនថូស 7

7
1ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ដោយ​មាន​សេចក្តី​សន្យា​ទាំង​នេះ ចូរ​យើង​សម្អាត​ខ្លួន​ពី​គ្រប់​ទាំង​សេចក្តី​ស្មោក​គ្រោក​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ចេញ ទាំង​ខំ​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង ដោយ​កោត​ខ្លាច​ដល់​ព្រះ។
អំណរ​របស់​លោក​ប៉ុល​ចំពោះ​ការ​ប្រែ​ចិត្ត​របស់​ក្រុម​ជំនុំ
2ចូរ​អ្នក​រាល់​គ្នា​ទទួល​យើង​ចុះ យើង​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា មិន​បាន​បង្ខូច​អ្នក​ណា ឬ​បំបាត់​អ្នក​ណា​ម្នាក់​ឡើយ។ 3ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ប្រកាន់​ទោស​អ្នក​រាល់​គ្នា​ទេ ដ្បិត​ខ្ញុំ​បាន​និយាយ​ពី​មុន​រួច​ហើយ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​យើង​ស៊ូ​ស្លាប់​រស់​ជា​មួយ​គ្នា។ 4ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​អំណរ​លើស​លុប ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា​របស់​យើង។
5ដ្បិត​កាល​យើង​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន រូប​កាយ​របស់​យើង​មិន​បាន​សម្រាក​សោះ យើង​បាន​រង​ទុក្ខ​វេទនា​គ្រប់​ជំពូក គឺ​ខាង​ក្រៅ​មាន​ការ​តតាំង ហើយ​ខាង​ក្នុង​មាន​ការ​ភ័យ​ខ្លាច។ 6ប៉ុន្តែ ព្រះ​ដែល​កម្សាន្ត​ចិត្ត​អ្នក​ទន់​ទាប ទ្រង់​បាន​កម្សាន្ត​ចិត្ត​យើង ដោយការ​មក​ដល់​របស់​លោក​ទី‌តុស 7ហើយ​មិន​មែន​ត្រឹម​តែ​ការ​មក​ដល់​របស់​គាត់​ប៉ុណ្ណោះ គឺ​ដោយការ​ក្សេម‌ក្សាន្ត​ចិត្ត ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​កម្សាន្ត​ចិត្ត​គាត់ ពេល​គាត់​បាន​ប្រាប់​យើង​ពី​ការ​ទន្ទឹង​មើល​ផ្លូវ ពី​ទុក្ខ​ព្រួយ និង​ពី​សេចក្តី​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​ចំពោះ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ត្រេក​អរ​រឹត​តែ​ខ្លាំង​ឡើង។ 8ដ្បិត​ប្រសិន‌បើ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដោយ​សារ​សំបុត្រ​របស់​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​មិន​ស្តាយក្រោយ​ដែរ (ទោះ​ជា​ខ្ញុំ​បាន​ស្តាយក្រោយ​មែន​ក៏​ដោយ) ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា សំបុត្រ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដែល​សូម្បី​តែ​មួយ​គ្រា​មែន 9តែ​ឥឡូវ​នេះ ខ្ញុំ​ត្រេក​អរ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​នោះ​ទេ តែ​ដោយ​ព្រោះ​ការ​ព្រួយ​ចិត្ត​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​នោះ​វិញ ដ្បិត​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខូច​ខាត​អ្វី​ដោយ​សារ​យើង​ឡើយ។ 10ដ្បិត​ទុក្ខ​ព្រួយ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ បង្កើត​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ដែល​នាំ​ទៅ​រក​ការ​សង្គ្រោះ ហើយ​មិន​ស្តាយ​ក្រោយ​ឡើយ តែ​ទុក្ខ​ព្រួយ​របស់​លោកីយ៍ នោះ​បង្កើត​ជា​សេចក្តី​ស្លាប់​វិញ។ 11ដ្បិត​មើល៍ អ្នក​រាល់​គ្នា​មាន​ទុក្ខ​ព្រួយ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​ដូច្នេះ មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ណា! អ្នក​រាល់​គ្នា​មាន​ចិត្ត​ខ្នះខ្នែង​ដើម្បី​ការពារ​ខ្លួន មាន​ចិត្ត​ឈឺ​ឆ្អាល មាន​ចិត្ត​កោត​ខ្លាច មាន​ការ​ទន្ទឹង​មើល​ផ្លូវ មាន​សេចក្ដី​ឧស្សាហ៍ ហើយក៏​ដាក់​ទោសមនុស្ស​អាក្រក់​ដែរ! រាល់​ការ​ទាំង​នេះ អ្នក​រាល់​គ្នា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្លួន​គ្មាន​សៅ​ហ្មង​អ្វី​សោះ​ក្នុង​រឿង​នេះ។ 12ដូច្នេះ ទោះ​ជា​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ក៏​ដោយ តែ​មិន​មែន​ដោយ​ព្រោះ​អ្នក​ដែល​ធ្វើ​ខុស ឬ​ដោយ​ព្រោះ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុសមក​លើ​ខ្លួន​នោះ​ទេ គឺ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​ចំពោះ​យើង នៅ​ចំពោះ​ព្រះ​វិញ។ 13ហេតុ​នេះ​ហើយ​បាន​ជា​យើង​បាន​ក្សាន្ត​ចិត្ត ប៉ុន្តែ លើស​ពី​ការ​កម្សាន្ត​របស់​យើង យើង​រឹត​តែ​មាន​អំណរ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​អំណរ​របស់លោក​ទីតុស ដ្បិត​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​គាត់​បាន​ធូរ​ស្បើយ។ 14ប្រសិន‌បើ​ខ្ញុំ​បាន​អួត​ពី​ការ​ខ្លះ​របស់​អ្នក​រាល់​គ្នា​ខ្លះ​ប្រាប់​គាត់ នោះ​ខ្ញុំ​មិន​ខ្មាស​ទេ ព្រោះ​សេចក្តី​ដែល​យើង​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​លោក​ទីតុស ជា​សេចក្ដី​ពិត​យ៉ាង​ណា នោះ​អ្វីៗ​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ក៏​ជា​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។ 15គាត់​មាន​ចិត្ត​ស្រឡាញ់​អ្នក​រាល់​គ្នា​រឹត​តែ​ខ្លាំង​ឡើងៗ ពេល​គាត់​នឹក​ចាំ​ពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់​គ្នា និង​ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ទទួល​គាត់ ដោយ​ចិត្ត​កោត​ខ្លាច និង​ញាប់‌ញ័រ។ 16ខ្ញុំ​ត្រេក​អរ​ណាស់ ព្រោះ​ខ្ញុំ​អាច​ទុក​ចិត្ត​អ្នក​រាល់​គ្នា​បាន ក្នុង​គ្រប់​ការ​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

២ កូរិនថូស 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល