២ របា‌ក្សត្រ 5:1-14

២ របា‌ក្សត្រ 5:1-14 គកស១៦

ដូច្នេះ ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​សាឡូម៉ូន​ធ្វើ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា បាន​ធ្វើ​រួច​ជា​ស្រេច ហើយ​ទ្រង់​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​ដាវីឌ ជា​បិតា​បាន​ថ្វាយ​ទាំង​ប្រាក់ ទាំង​មាស និង​គ្រឿង​ប្រដាប់​ទាំង​អស់ ចូល​ទៅ​ដាក់​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ។ បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​ប្រមូល​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់ និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មក​ក្រុង​យេរូ‌សាឡិម ដើម្បី​នាំ​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន​មក។ ដូច្នេះ ពួក​កូនចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ប្រមូល​គ្នា​មក​គាល់​ស្តេច នៅ​វេលា​បុណ្យ​ក្នុង​ខែ​ទី​ប្រាំពីរ។ ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​មក​ដែរ ហើយ​ពួក​លេវី​គេ​លើក​សែង​ហិប។ នាំ​យក​ទាំង​ហិប ត្រសាល​ជំនុំ និង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ដែល​នៅ​ក្នុង​ត្រសាល​ទាំង​អស់​ឡើង​មក គឺ​ពួក​លេវី​ជា​សង្ឃ ដែល​សែង​យក​មក។ ព្រះបាទ​សាឡូម៉ូន និង​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​បាន​នាំ​គ្នា​មក​គាល់​ទ្រង់ គេ​នៅ​មុខ​ហិប ទាំង​ថ្វាយ​យញ្ញ‌បូជា ជា​ចៀម និង​គោ​យ៉ាង​សន្ធឹក ដែល​រាប់​ចំនួន​មិន​បាន។ បន្ទាប់​មក ពួក​សង្ឃ​នាំ​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ចូល​ទៅ​កន្លែង​នៅ​ក្នុង​ទី​ទូល​សួរ​ដល់​ព្រះ​ក្នុង​ព្រះ‌វិហារ គឺ​ក្នុង​ល្វែង​បរិសុទ្ធ​បំផុត នៅ​ក្រោម​ស្លាប​ចេរូ‌ប៊ីម។ ចេរូ‌ប៊ីម​ទាំង​ពីរ​ត្រដាង​ស្លាប ពី​លើកន្លែង​សម្រាប់​ដាក់​ហិប ហើយ​ក៏​គ្រប​ពី​លើ​ហិប និង​ឈើ​ស្នែង។ ឈើ​ស្នែង​នោះ​វែង​ល្មម បាន​ជា​មើល​ពី​ត្រង់​ទី​ទូល​សួរ​ដល់​ព្រះ​ទៅ ឃើញ​ចុង​សង​ខាង​ចេញ​មក​ពី​ហិប តែ​ខាង​ក្រៅ​មិន​ឃើញ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ រីឯ​នៅ​ក្នុង​ហិប ឥត​មាន​អ្វី​ទេ មាន​តែ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​បាន​ដាក់ ពី​កាល​នៅ​ភ្នំ​ហោរែប​នៅ​ឡើយ គឺ​កាល​ព្រះ‌យេហូវ៉ា​បាន​តាំង​សេចក្ដី​សញ្ញា ជាមួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ កាល​ពួក​សង្ឃ​បាន​ចេញ ពី​ទី​បរិសុទ្ធ​មក​វិញ (ដ្បិត​ពួក​សង្ឃ​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ហើយ គេ​មិន​បាន​ចាំ​ធ្វើ​ការ‌ងារ​តាម​វេន​ទេ ឯ​ពួក​លេវី ជា​ពួក​អ្នក​ចម្រៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន យេឌូ‌ថិន ពួក​កូន​ចៅ និង​ពួក​បង‌ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាស‌នា កាន់​ឈិង ពិណ និង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​មួយរយ​ម្ភៃ​នាក់ ឈរ​ជា‌មួយ​កំពុង​តែ​ផ្លុំ​ត្រែ​ដែរ)។ នៅ​ខណៈ​នោះ កាល​ពួក​ផ្លុំ​ត្រែ និង​ពួក​ចម្រៀង គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​មួយ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈិង និង​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ «ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ នៅ​អស់​កល្ប​ជា‌និច្ច»។ ពេល​នោះ ស្រាប់​តែ​ព្រះ‌ដំណាក់របស់​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ពពក។ ដូច្នេះ ពួក​សង្ឃ​ពុំអាច​ឈរ​ធ្វើ​ការ‌ងារ​បាន​ឡើយ ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ។