២ របា‌ក្សត្រ 4

4
គ្រឿង​តុបតែង​ក្នុង​ព្រះវិហារ
1ទ្រង់​ធ្វើ​អាស‌នា​លង្ហិន បណ្តោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ ហើយ​កម្ពស់​ដប់​ហត្ថ 2បន្ទាប់​មក ទ្រង់​ក៏​សិត​ធ្វើ​សមុទ្រ​មាន​រាង​មូល ទំហំ​ដប់​ហត្ថ​ពី​មាត់​ខាង​ទៅ​ម្ខាង ហើយ​កម្ពស់​ប្រាំ​ហត្ថ យក​ខ្សែ​វាស់​ជុំ‌វិញ​ត្រូវ​ជា​សាមសិប​ហត្ថ។ 3នៅ​ពី​ក្រោម​គែម​មាត់​សមុទ្រ​នោះ មាន​រូប​ផ្កា​ក្រពុំ​ដប់ ក្នុង​មួយ​ហត្ថ​នៅ​ព័ទ្ធ​ជុំ‌វិញ បាន​សិត​ជា​ពីរ​ជួរ​ស្រេច ក្នុង​កាល​ដែល​សិត​សមុទ្រ​នោះ។ 4សមុទ្រ​នោះ​ដាក់​នៅ​លើ​រូប​គោ​ដប់ពីរ ដែល​មាន​បី​បែរ​ទៅ​ខាង​ជើង បី​បែរ​ទៅ​ខាង​លិច បី​បែរ​ទៅ​ខាង​ត្បូង និង​បី​បែរ​ទៅ​ខាង​កើត។ សមុទ្រ​នៅ​ពី​លើ ហើយ​គោ​ទាំង​នោះ​បែរ​គូថ​ទៅ​ខាង​ក្នុង​ទាំង​អស់។ 5សមុទ្រ​នោះ​មាន​កម្រាស់​មួយ​ទះ ហើយ​គែម​ធ្វើ​ដូច​ជា​មាត់​ពែង រាង​ដូច​ជា​ផ្កា​ច័ន្ធូ​ចំណុះ​បាន​ទឹក​បី​ពាន់​បាថ ។ 6ទ្រង់​ធ្វើ​ចាន​ក្លាំ​ដប់ ដាក់​ប្រាំ​ខាង​ស្តាំ និង​ប្រាំ​ខាង​ឆ្វេង សម្រាប់​ការ​លាង​សម្អាត របស់​អ្វី​ដែល​ត្រូវ​ខាង​តង្វាយ​ដុត នោះ​គេ​លាង​ក្នុង​ចាន​ក្លាំ​ទាំង​នោះ តែ​ឯ​សមុទ្រ​នោះ សម្រាប់​ឲ្យ​ពួក​សង្ឃ​លាង​វិញ។
7ទ្រង់​ធ្វើ​ជើង​ចង្កៀង​ដប់​ពី​មាស តាម​ច្បាប់​នៃ​ជើង​ចង្កៀង​ទាំង​នោះ ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ ប្រាំ​ខាង​ស្តាំ ហើយ​ប្រាំ​ខាង​ឆ្វេង។ 8ទ្រង់​ធ្វើ​តុ​ដប់ ដាក់​ក្នុង​ព្រះ‌វិហារ ប្រាំ​ខាង​ស្តាំ ហើយ​ប្រាំ​ខាង​ឆ្វេង រួច​ធ្វើ​ផ្តិល​មាស​មួយរយ។ 9ទ្រង់​ធ្វើ​ទី‌លាន​សម្រាប់​ពួក​សង្ឃ និង​ទី‌លាន​ធំ ព្រម​ទាំង​ទ្វារ​សម្រាប់​ទី‌លាន ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​លង្ហិន។ 10ស្ដេច​ដាក់​សមុទ្រ​នៅ​ខាង​ស្តាំ នៅ​ជ្រុង​ខាង​ទិសអាគ្នេយ៍​នៃ​ព្រះ‌វិហារ។
11ហ៊ីរ៉ាម​ធ្វើ​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន​ដែរ ដូច្នេះ ហ៊ីរ៉ាម​បាន​ធ្វើ​សម្រេច​ការ​ទាំង​ប៉ុន្មាន ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ 12គឺ​សសរ​ទាំង​ពីរ តួ​ក្បាល​សសរ​ទាំង​ពីរ ដែល​នៅ​លើ​កំពូល​សសរ​នោះ ព្រម​ទាំង​ក្បាច់​រាង​ក្រឡា​អួន សម្រាប់​បាំង​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​នោះ 13និង​ផ្លែ​ទទឹម​បួនរយ​សម្រាប់​ក្បាច់​ក្រឡា​អួន​ទាំង​ពីរ គឺ​ជា​ផ្លែ​ទទឹម​ពីរ​ជួរ​ក្នុង​ក្បាច់​ក្រឡា​អួន​មួយ សម្រាប់​បាំង​តួ​ក្បាល​សសរ ដែល​នៅ​ពី​លើ​នោះ។ 14គាត់​ក៏​ធ្វើ​គ្រោង និង​ចាន​ក្លាំ ដាក់​នៅ​លើ​គ្រោង​ទាំង​នោះ 15សមុទ្រ​មួយ និង​គោ​ដប់ពីរ​ទ្រ​ពី​ក្រោម 16ឆ្នាំង ចប‌ចូក សម និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ឯ​បណ្ណា‌ការ​ទាំង​នោះ ហ៊ីរ៉ាម​ជា​មេ​ជាង បាន​ធ្វើ​ពី​លង្ហិន​យ៉ាង​ភ្លឺ ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ 17ស្ដេច​បាន​សិត​ធ្វើ​ទាំង​អស់ នៅ​ក្នុង​ពុម្ព​ដី​ឥដ្ឋ​ត្រង់​វាល​ទន្លេ​យ័រដាន់ ចន្លោះ​រវាង​ភូមិស៊ូកូថ និង​សារ‌ថាន។ 18ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​ប្រដាប់‌ប្រដា​ទាំង​នោះ​យ៉ាង​សន្ធឹក​ណាស់ ដ្បិត​លង្ហិន​ទាំង​នោះ​គេ​មិន​ដឹង​ជា​ទម្ងន់​ប៉ុន្មាន​ទេ។
19ដូច្នេះ ព្រះបាទ​សាឡូម៉ូន​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ គឺ​អាស‌នា​មាស និង​តុ​ទាំង​ប៉ុន្មាន​សម្រាប់​ដាក់​នំបុ័ង​តាំង​ទុក 20ហើយ​ជើង​ចង្កៀង និង​តួ​ចង្កៀង​ពី​មាស​សុទ្ធ សម្រាប់​ដុត​តាម​ច្បាប់ នៅ​មុខ​ទី​ទូល​សួរ​ដល់​ព្រះ 21ហើយ​ផ្កា ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​ពី​មាស​ដែរ គឺ​ជា​មាស​យ៉ាង​សុទ្ធ​បំផុត។ 22ឯ​គ្រប​ប្រឆេះ ចាន​ក្លាំ កូន​ចាន និង​ពាន ក៏​ធ្វើ​ពី​មាស​សុទ្ធ ចំណែក​ទ្វារ​ចូរ​ក្នុង​ព្រះ‌វិហារ និង​ទ្វារ​ខាង​ក្នុង​ដែល​សម្រាប់​ចូល​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ​ទាំង​ប៉ុន្មាន​នោះ សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល