២ របា‌ក្សត្រ 27

27
រាជ្យ​របស់​ព្រះបាទ​យ៉ូថាម
1កាល​ព្រះបាទ​យ៉ូថាម​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ថា​យេរូសា ជា​បុត្រី​សាដុក។ 2ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះបាទ​អូសៀស​ជា​បិតា​បាន​ធ្វើ​ដែរ តែ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ទេ ឯ​បណ្ដា‌ជន គេ​នៅ​តែ​ប្រព្រឹត្ត​ខូច​អាក្រក់​នៅ​ឡើយ។ 3ទ្រង់​ធ្វើ​ទ្វារ​ខាង​លើ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក៏​សង់​កំផែង​អូផែល​ឡើង​ជា​ច្រើន។ 4មួយ​ទៀត ទ្រង់​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​ភ្នំ​យូដា ហើយ​នៅ​ក្រុង​ព្រៃ ទ្រង់​ក៏​សង់​បន្ទាយ និង​ប៉ម​ផង។ 5ទ្រង់​ក៏​ច្បាំង​ឈ្នះ​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នៅ​ឆ្នាំ​នោះ ពួក​កូន​ចៅ​អាំម៉ូន​ក៏​ថ្វាយ​ប្រាក់​មួយរយ​ហាប ស្រូវ​ភោជ្ជ‌សាលី​មួយ​ម៉ឺន​រង្វាល់ និង​ស្រូវ​ឱក​មួយ​ម៉ឺន​រង្វាល់​ដល់​ទ្រង់។ ដល់​ឆ្នាំ​ទី​ពីរ ហើយ​ទីបី គេ​ក៏​ថ្វាយ​ប៉ុណ្ណោះ​ដល់​ទ្រង់​ទៀត។ 6ដូច្នេះ យ៉ូថាម​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ឲ្យ​ត្រឹម‌ត្រូវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់។ 7រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​ពី​ព្រះបាទ​យ៉ូថាម និង​ចម្បាំង​របស់​ទ្រង់ ហើយ​អំពើ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​រឿង​ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ។ 8ពេល​ទ្រង់​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ព្រះវស្សា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់​ប្រាំមួយ​ឆ្នាំ។ 9ព្រះបាទ​យ៉ូថាម​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អ័ហាស​ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 27: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល