១ ធីម៉ូថេ 1:1-20

១ ធីម៉ូថេ 1:1-20 គកស១៦

ប៉ុល ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ តាម​បញ្ជា​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង និង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ទី​សង្ឃឹម​នៃ​យើង មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ពិត​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​សុខ​សាន្ត ពី​ព្រះ ជា​ព្រះ‌វរ‌បិតា និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់នៃ​យើង។ កាល​ខ្ញុំ​រៀប​នឹង​ទៅ​ស្រុក​ម៉ា‌សេ‌ដូន ខ្ញុំ​បានសុំ​ឲ្យ​អ្នក​នៅ​តែ​ក្នុង​ក្រុង​អេភេ‌សូរ ដើម្បី​ឲ្យ​បាន​ហាម​ប្រាម​អ្នក​ខ្លះ កុំ​ឲ្យ​បង្រៀន​គោល​លទ្ធិ​ណា​ផ្សេង ឬ​ស្តាប់​តាម​រឿង​ព្រេង និង​ពង្សា‌វតារ ដែល​មិន​ចេះ​អស់​មិន​ចេះ​ហើយ​នោះ​ឡើយ រឿង​ទាំង​នោះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​ដេញ​ដោល ជា​ជាង​កិច្ច‌ការ​របស់​ព្រះ​ដែល​យើង​ស្គាល់ដោយ​ជំនឿ។ ហេតុ​ដែល​ហាម​ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត ពី​មន‌សិការ​ជ្រះ​ថ្លា និង​ពី​ជំនឿ​ដ៏​ស្មោះ​ត្រង់។ អ្នក​ខ្លះ​បាន​បែរ​ចេញ​ពី​សេចក្ដី​នោះ​ទៅ​ហើយ ទាំង​ងាក​ទៅ​រក​ពាក្យ​សម្ដី​ឥត​ប្រយោជន៍ គេ​ចង់​ធ្វើ​ជា​គ្រូ​ខាង​ក្រឹត្យ‌វិន័យ តែ​គេ​មិន​ទាំង​យល់​សេចក្ដី​ដែល​គេ​និយាយ ឬ​សេចក្ដី​ដែល​គេ​ប្រកាន់យក​នោះ​ផង។ រីឯ​យើង​វិញ យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន ប្រសិន‌បើ​គេ​ប្រើ​បាន​ត្រឹម​ត្រូវ ដោយ​ដឹង​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​មិន​មែន​តាំង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​សម្រាប់​មនុស្ស​ទទឹង​ច្បាប់ និង​មនុស្ស​រឹង​ចចេស សម្រាប់​មនុស្ស​ទមិឡ​ល្មើស និង​មនុស្ស​បាប សម្រាប់​មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​មិន​គោរព​ព្រះ សម្រាប់​ពួកអ្នក​សម្លាប់​ឪពុក​ម្តាយ មនុស្ស​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ជួញ​ដូរ​មនុស្ស ពួក​ភូត​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ផ្សេង​ទៀត ផ្ទុយ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ស្រប​តាម​ដំណឹង​ល្អ​ដ៏​រុង​រឿង​របស់​ព្រះ​ដ៏​មាន​ពរ ជា​ដំណឹង‌ល្អ​ដែល​ព្រះ​ផ្ញើ​ទុក​នឹង​ខ្ញុំ។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​ចម្រើន​កម្លាំង​ខ្ញុំ គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រោះ​ព្រះ‌អង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់ ទាំងតែង​តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ‌អង្គ ទោះ​បី​ពី​ដើម​ខ្ញុំ​ជា​មនុស្ស​ប្រមាថ បៀត​បៀន និង​ជា​មនុស្ស​ព្រហើន ក៏ព្រះ‌អង្គ​អាណិត​មេត្តា​ខ្ញុំដែរ ព្រោះ​កាល​ណោះ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ល្ងង់‌ខ្លៅ គ្មាន​ជំនឿ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង បាន​ចម្រើន​ហូរ​ហៀរ​ដល់​ខ្ញុំ ទាំង​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ពាក្យ​នេះ​ពិត​ប្រាកដ​មែន ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​យាង​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដែល​ខ្ញុំ​រូប​នេះ​ជា​លេខ​មួយ។ ដោយ​ហេតុ​នេះ ព្រះមាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌យេស៊ូវ‌គ្រីស្ទ បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​អត់​ធ្មត់​របស់​ព្រះ‌អង្គ​ក្នុង​ខ្ញុំ ដែល​ជា​អ្នក​លេខ​មួយ​នេះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​ដល់​ព្រះ‌អង្គ សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច។ សូម​ព្រះ​មហាក្សត្រ​ដ៏​អស់​កល្ប ដែល​មាន​ព្រះ​ជន្ម​មិន​ចេះ​សាប​សូន្យ ហើយ​មនុស្ស​មិន​អាច​មើល​ឃើញ ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ បានប្រកប​ដោយ​ព្រះ‌កិត្តិនាម និង​សិរី‌ល្អ​អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។ ធីម៉ូថេ កូន​អើយ ខ្ញុំ​សូម​ប្រគល់​ពាក្យ​បណ្ដាំ​នេះ​ទុក​នឹង​អ្នក តាម​ទំនាយ​ដែល​បាន​ថ្លែង​អំពី​អ្នក​កាល​ពី​មុន ដើម្បី​ឲ្យ​អ្នក​បាន​តយុទ្ធ​យ៉ាង​ល្អ ដោយ​សារ​សេចក្ដី​ទាំង​នេះ ព្រម​ទាំង​រក្សា​ជំនឿ និង​មន‌សិការ​ជ្រះ​ថ្លា ដែល​មនុស្ស​ខ្លះ​បាន​បោះ‌បង់​ចោល ហើយ​ជំនឿ​របស់​គេ​បាន​លិចលង់​ទៅ​ហើយ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហ៊ីមេ‌នាស និង​អ័លេ‌ក្សាន‌ត្រុស ដែល​ខ្ញុំ​បាន​ប្រគល់​ទៅ​ឲ្យ​អារក្ស​សាតាំង ដើម្បី​ឲ្យ​គេ​រៀន​ឈប់​ប្រមាថ​ព្រះ​ទៀត។

អាន ១ ធីម៉ូថេ 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ធីម៉ូថេ 1:1-20