១ ធីម៉ូថេ 1:1-20
១ ធីម៉ូថេ 1:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ប៉ូល ជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើង និងតាមបញ្ជារបស់ព្រះគ្រិស្តយេស៊ូ ជាទីសង្ឃឹមនៃយើង មកដល់ធីម៉ូថេ ជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿ។ សូមព្រះជាម្ចាស់ ជាព្រះបិតា និងព្រះគ្រិស្តយេស៊ូ ជាព្រះអម្ចាស់នៃយើង ប្រទានព្រះគុណ ព្រះហឫទ័យមេត្តាករុណា និងសេចក្ដីសុខសាន្តដល់អ្នក។ ខ្ញុំបានផ្ដែផ្ដាំអ្នក នៅពេលខ្ញុំចេញដំណើរទៅស្រុកម៉ាសេដូនរួចហើយថា ចូរស្នាក់នៅក្រុងអេភេសូនេះ ដើម្បីហាមប្រាមអ្នកខ្លះកុំឲ្យបង្រៀនគោលលទ្ធិណាផ្សេងទៀតឡើយ ហើយក៏កុំឲ្យជាប់ចិត្តទៅលើរឿងព្រេង និងទៅលើបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនេះបង្កឲ្យតែមានការជជែកវែកញែក ជាជាងគិតអំពីគម្រោងការរបស់ព្រះជាម្ចាស់ ដែលយើងស្គាល់តាមជំនឿ។ ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ* ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។ អ្នកខ្លះបានងាកចេញពីគោលការណ៍នេះ ហើយក៏ត្រូវវង្វេងវង្វាន់ និយាយពាក្យសម្ដីឥតខ្លឹមសារ គេចង់តាំងខ្លួនជាអ្នកប្រាជ្ញខាងវិន័យ* តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។ យើងដឹងហើយថា ក្រឹត្យវិន័យ*ល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។ យើងតោងដឹងទៀតថា ក្រឹត្យវិន័យមិនមែនចែងទុក សម្រាប់មនុស្សសុចរិត*ទេ គឺសម្រាប់មនុស្សដែលគ្មានក្រឹត្យវិន័យ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ ស្របតាមដំណឹងល្អស្ដីអំពីព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលព្រះអង្គបានផ្ញើទុកនឹងខ្ញុំ។ ខ្ញុំសូមអរព្រះគុណព្រះគ្រិស្តយេស៊ូជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ ព្រះអង្គបានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ហើយតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ។ ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត។ ប៉ុន្តែ ព្រះគុណរបស់ព្រះអម្ចាស់នៃយើងមានច្រើនពន់ប្រមាណ ព្រះអង្គប្រោសឲ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។ ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រិស្តយេស៊ូបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះជាអាទិ៍។ ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យព្រះគ្រិស្តយេស៊ូសម្តែងព្រះហឫទ័យអត់ធ្មត់គ្រប់ចំពូកដល់ខ្ញុំមុនគេ និងឲ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។ សូមឲ្យព្រះមហាក្សត្រ ដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយព្រះអង្គ មានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! ធីម៉ូថេ កូនសម្លាញ់អើយ ខ្ញុំសូមផ្ដាំផ្ញើមកអ្នក ស្របតាមព្រះបន្ទូលដែលគេថ្លែងទុកអំពីអ្នកស្រាប់។ ចូរពឹងផ្អែកលើព្រះបន្ទូលនេះ ដើម្បីពុះពារតយុទ្ធឲ្យបានល្អប្រសើរ ដោយមានជំនឿ និងមានមនសិការល្អ។ អ្នកខ្លះលែងមានមនសិការល្អបែបនេះ បណ្ដាលឲ្យជំនឿរបស់គេលិចលង់។ ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអលេក្សានត្រុសជាដើម។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់មារសាតាំង ដើម្បីឲ្យគេរៀនឈប់ប្រមាថព្រះជាម្ចាស់ទៀត។
១ ធីម៉ូថេ 1:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងព្រះយេស៊ូវគ្រីស្ទដ៏ជាទីសង្ឃឹមនៃយើងរាល់គ្នា ខ្ញុំផ្ញើមកអ្នកធីម៉ូថេ ជាកូនពិតក្នុងសេចក្ដីជំនឿ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ កាលខ្ញុំរៀបនឹងទៅឯស្រុកម៉ាសេដូន នោះខ្ញុំបានសូមឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរចុះ ដើម្បីឲ្យអ្នកបានហាមប្រាមដល់អ្នកខ្លះ កុំឲ្យគេបង្រៀនពីសេចក្ដីណាផ្សេងទៀត ឬស្តាប់តាមរឿងព្រេង នឹងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ ដែលរឿងទាំងនោះតែងបង្កើតឲ្យមានសេចក្ដីដេញដោល ជាជាងចំរើនការនៃព្រះក្នុងសេចក្ដីជំនឿ ហេតុដែលហាមយ៉ាងដូច្នោះ នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីបញ្ញាចិត្តជ្រះថ្លា ហើយពីសេចក្ដីជំនឿដ៏ស្មោះត្រង់វិញ ព្រោះអ្នកខ្លះបានជ្រួសចេញពីសេចក្ដីនោះទៅហើយ ព្រមទាំងបែរចេញ ទៅខាងពាក្យសំដី ដែលឥតប្រយោជន៍ផង គេចង់ធ្វើជាគ្រូនៃក្រិត្យវិន័យ តែគេមិនទាំងយល់សេចក្ដីដែលគេនិយាយ ឬពីសេចក្ដីដែលគេប្រកាន់នោះផង រីឯយើងៗដឹងថា ក្រិត្យវិន័យល្អមែន បើអ្នកណាប្រើតាមត្រឹមត្រូវ ដោយដឹងថា ក្រិត្យវិន័យមិនមែនតាំងសំរាប់មនុស្សសុចរិតទេ គឺសំរាប់មនុស្សទទឹងច្បាប់ នឹងមនុស្សរឹងចចេស មនុស្សទមិលល្មើស នឹងមនុស្សដែលមានបាប គឺជាមនុស្សមិនបរិសុទ្ធ នឹងមនុស្សមិនរាប់ព្រះ មនុស្សដែលវាយឪពុកម្តាយ នឹងមនុស្សដែលសំឡាប់គេ មនុស្សកំផិត លេងកូនជឹង ចាប់មនុស្សលក់ ភូតកុហក ហើយស្បថបំពានវិញ ព្រមទាំងការអ្វីដែលទាស់ទទឹងនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវដែរ នោះគឺតាមដំណឹងពីសិរីល្អនៃព្រះដ៏មានពរ ជាដំណឹង ដែលផ្ញើទុកនឹងខ្ញុំ។ ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ ដែលពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន តែទ្រង់បានអាណិតមេត្តាដល់ខ្ញុំ ពីព្រោះខ្ញុំបានប្រព្រឹត្តដោយខ្លៅល្ងង់ ឥតមានសេចក្ដីជំនឿ តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចំរើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ ដោយហេតុនោះបានជាទ្រង់អាណិតមេត្តាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសំដែងចេញ គ្រប់ទាំងសេចក្ដីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំ ដែលជាអ្នកលេខ១នោះ ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នក ដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិតអស់កល្បជានិច្ច រីឯស្តេចនៃអស់ទាំងកល្ប ដែលទ្រង់មិនចេះសុគត ហើយមើលទ្រង់មិនឃើញ គឺជាព្រះតែ១ព្រះអង្គ នោះសូមឲ្យទ្រង់បានល្បីព្រះនាម នឹងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។ ឱធីម៉ូថេ ជាកូនអើយ ខ្ញុំប្រគល់ពាក្យបណ្តាំនេះទុកនឹងអ្នក តាមសេចក្ដីទំនាយដែលបានទាយពីអ្នកជាមុន ដើម្បីឲ្យអ្នកបានច្បាំងជាចំបាំងយ៉ាងល្អ ដោយសារសេចក្ដីទាំងនោះ ព្រមទាំងរក្សាសេចក្ដីជំនឿ នឹងបញ្ញាចិត្តជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយគេបានលិចបាត់ខាងឯសេចក្ដីជំនឿផង ក្នុងពួកនោះ មានឈ្មោះហ៊ីមេនាស នឹងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅអារក្សសាតាំង ឲ្យត្រូវវាយផ្ចាល ដើម្បីឲ្យគេរាងចាលកុំឲ្យប្រមាថទៀត។
១ ធីម៉ូថេ 1:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះនៃយើង និងព្រះគ្រីស្ទយេស៊ូវ ជាទីសង្ឃឹមនៃយើង មកដល់ធីម៉ូថេ ជាកូនដ៏ពិតរបស់ខ្ញុំក្នុងជំនឿ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត ពីព្រះ ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ កាលខ្ញុំរៀបនឹងទៅស្រុកម៉ាសេដូន ខ្ញុំបានសុំឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរ ដើម្បីឲ្យបានហាមប្រាមអ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិណាផ្សេង ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ រឿងទាំងនោះបង្កឲ្យតែមានការជជែកដេញដោល ជាជាងកិច្ចការរបស់ព្រះដែលយើងស្គាល់ដោយជំនឿ។ ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។ អ្នកខ្លះបានបែរចេញពីសេចក្ដីនោះទៅហើយ ទាំងងាកទៅរកពាក្យសម្ដីឥតប្រយោជន៍ គេចង់ធ្វើជាគ្រូខាងក្រឹត្យវិន័យ តែគេមិនទាំងយល់សេចក្ដីដែលគេនិយាយ ឬសេចក្ដីដែលគេប្រកាន់យកនោះផង។ រីឯយើងវិញ យើងដឹងថា ក្រឹត្យវិន័យល្អមែន ប្រសិនបើគេប្រើបានត្រឹមត្រូវ ដោយដឹងដូច្នេះថា ក្រឹត្យវិន័យមិនមែនតាំងសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សទទឹងច្បាប់ និងមនុស្សរឹងចចេស សម្រាប់មនុស្សទមិឡល្មើស និងមនុស្សបាប សម្រាប់មនុស្សមិនបរិសុទ្ធ និងមនុស្សមិនគោរពព្រះ សម្រាប់ពួកអ្នកសម្លាប់ឪពុកម្តាយ មនុស្សសម្លាប់គេ ពួកសហាយស្មន់ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកភូតកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗផ្សេងទៀត ផ្ទុយនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ស្របតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះដ៏មានពរ ជាដំណឹងល្អដែលព្រះផ្ញើទុកនឹងខ្ញុំ។ ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលទ្រង់បានចម្រើនកម្លាំងខ្ញុំ គឺព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង ព្រោះព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ទាំងតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ ទោះបីពីដើមខ្ញុំជាមនុស្សប្រមាថ បៀតបៀន និងជាមនុស្សព្រហើន ក៏ព្រះអង្គអាណិតមេត្តាខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ គ្មានជំនឿ ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនហូរហៀរដល់ខ្ញុំ ទាំងប្រោសឲ្យខ្ញុំមានជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដែលខ្ញុំរូបនេះជាលេខមួយ។ ដោយហេតុនេះ ព្រះមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទ បានសម្តែងព្រះហឫទ័យអត់ធ្មត់របស់ព្រះអង្គក្នុងខ្ញុំ ដែលជាអ្នកលេខមួយនេះ ឲ្យខ្ញុំបានធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿដល់ព្រះអង្គ សម្រាប់ជីវិតអស់កល្បជានិច្ច។ សូមព្រះមហាក្សត្រដ៏អស់កល្ប ដែលមានព្រះជន្មមិនចេះសាបសូន្យ ហើយមនុស្សមិនអាចមើលឃើញ ជាព្រះតែមួយព្រះអង្គ បានប្រកបដោយព្រះកិត្តិនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ ធីម៉ូថេ កូនអើយ ខ្ញុំសូមប្រគល់ពាក្យបណ្ដាំនេះទុកនឹងអ្នក តាមទំនាយដែលបានថ្លែងអំពីអ្នកកាលពីមុន ដើម្បីឲ្យអ្នកបានតយុទ្ធយ៉ាងល្អ ដោយសារសេចក្ដីទាំងនេះ ព្រមទាំងរក្សាជំនឿ និងមនសិការជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយជំនឿរបស់គេបានលិចលង់ទៅហើយ។ ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅឲ្យអារក្សសាតាំង ដើម្បីឲ្យគេរៀនឈប់ប្រមាថព្រះទៀត។