១ ថែស្សាឡូនីច 4:1-12

១ ថែស្សាឡូនីច 4:1-12 គកស១៦

ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ យើង​សូម​អង្វរ និង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា អ្នក​រាល់​គ្នា​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះយ៉ាង​ណា អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ការ​នេះ​យ៉ាង​ណា សូមឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​យ៉ាង​នោះ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​ពាក្យ​ទូន្មាន​ដែល​យើង​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌អម្ចាស់‌យេស៊ូវ ជា​យ៉ាង​ណា​ហើយ។ ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​អ្នក​រាល់​គ្នា​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​អំពើ​សហាយ‌ស្មន់ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ចេះ​គ្រប់​គ្រង​រូប​កាយ របស់​ខ្លួន ដោយ​បរិសុទ្ធ និង​ថ្លៃ​ថ្នូរ មិន​មែន​ដោយ​រំជួល​តាម​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង‌ប្អូន​ណា​ម្នាក់​ក្នុង​ការ​នេះ​ឲ្យ​សោះ ព្រោះ​ព្រះ‌អម្ចាស់​នឹង​សង​សឹក​ក្នុង​គ្រប់​ការ​ទាំងនេះ ដូច​យើង​បាន​ប្រាប់អ្នក​រាល់​គ្នា​ពីមុន ក៏​បាន​ធ្វើ​បន្ទាល់រួច​ស្រេច​ហើយ។ ដ្បិត​ព្រះ​មិន​មែន​ត្រាស់​ហៅ​យើង​មក​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​ឡើយ គឺ​មក​ក្នុង​ភាព​បរិសុទ្ធ​វិញ។ ដូច្នេះ អ្នក​ណា​ដែល​បដិសេធ​សេចក្តី​នេះ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ មក​អ្នក​រាល់​គ្នា​នោះ​វិញ។ រីឯ​សេចក្ដី​ស្រឡាញ់​ជា​បង‌ប្អូន មិន​ចាំ​បាច់​ឲ្យអ្នក​ណា​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ព្រះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្រឡាញ់​ពួក​បង‌ប្អូន​ទាំង​អស់​នៅ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន​ទាំង​មូល​ដែរ។ ប៉ុន្ដែ បង‌ប្អូន​អើយ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​នោះ កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ហើយ​ខំ​ប្រឹង​រស់​នៅ​ដោយ​ស្រគត់​ស្រគំ គិត​តែ​កិច្ច​ការ​របស់​ខ្លួន និង​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង ដូច​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នាបាន​រស់​នៅ​យ៉ាង​ត្រឹម​ត្រូវ​នៅ​ចំពោះ​អ្នក​ខាង​ក្រៅ ហើយ​មិន​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ណា​ឡើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ