១ សាំ‌យូ‌អែល 5

5
ហិប​សញ្ញា​នៅ​ស្រុក​ភីលី‌ស្ទីន
1ពេល​ពួក​ភីលី‌ស្ទីន​បាន​ចាប់​យក​ហិប​នៃ​ព្រះ ក៏​យក​ចេញ​ពី​អេបេន-អេស៊ើរ ទៅ​ក្រុង​អាស‌ដូឌ 2ហើយ​គេ​យក​ទៅ​ដាក់​នៅ​ក្នុង​វិហារ​នៃ​ព្រះ​ដាកុន គឺ​នៅ​ក្បែរ​ព្រះ​នោះ។ 3លុះ​ស្អែក​ឡើង ពួក​ក្រុង​អាស‌ដូឌ​បាន​ក្រោក​ពី​ព្រលឹម ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា រួច​គេ​លើក​ព្រះ​ដាកុន​ដាក់​នៅ​កន្លែង​ដើម​វិញ។ 4លុះ​ស្អែកឡើង ពេល​គេ​ក្រោក​ពី​ព្រលឹម ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ក្បាល និង​ដៃ​ទាំង​ពីរ​របស់​ព្រះ​ដាកុន ក៏​បាក់​ដាច់​នៅ​លើក្រប​ទ្វារ សល់​តែ​ដង​ខ្លួន​ព្រះ​ដាកុន​ប៉ុណ្ណោះ។ 5ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សង្ឃ​របស់​ព្រះ​ដាកុន និង​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​ដាកុន គេ​មិន​ដែល​ជាន់​លើក្រប​ទ្វារ​នៃ​វិហារ​ព្រះ​ដាកុន នៅ​ក្រុង​អាស‌ដូឌ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។
6ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សង្កត់​លើ​ពួក​ក្រុង​អាស‌ដូឌ​យ៉ាង​ធ្ងន់ ព្រះ‌អង្គ​បំផ្លាញ​គេ ហើយ​វាយ​គេ​ដោយ​ជំងឺ​ឫស‌ដូង‌បាត នៅ​ក្រុង​អាស‌ដូឌ និង​ស្រុក​ជុំ​វិញ​ទាំង​អស់។ 7នៅ​ពេល​ដែល​ពួក​អាស‌ដូឌ​ឃើញ​កើត​មាន​យ៉ាង​ដូច្នោះ នោះ​គេ​ជំនុំ​គ្នា​ថា៖ «មិន​ត្រូវ​ទុក​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជា‌មួយ​យើង​ទៀត​ឡើយ ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សង្កត់​លើ​យើង​រាល់​គ្នា​ធ្ងន់​ណាស់ ហើយ​លើ​ព្រះ​ដាកុន​ជា​ព្រះ​របស់​យើង​ដែរ»។ 8ដូច្នេះ គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំង​ប៉ុន្មាន​មក ដោយ​និយាយ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​នឹង​ហិប​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​នេះ?» គេ​ឆ្លើយ​ថា៖ «ចូរ​យកហិប​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទៅ​ក្រុង​កាថ​ទៅ» ដូច្នេះ គេ​ក៏​យក​ហិប​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ​ទី​នោះ។ 9ក្រោយ​ពី​គេ​បាន​យក​ទៅ​ដល់​ក្រុង​កាថ​ហើយ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ទី​ក្រុង​នោះ​ដែរ ដោយធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​វាយ​ពួក​ក្រុង​នោះ​ទាំង​តូច​ទាំង​ធំ ឲ្យ​កើត​ឫស‌ដូង‌បាត​ទាំង​អស់​គ្នា។ 10ដូច្នេះ គេ​ក៏​នាំ​យក​ហិប​នៃ​ព្រះ​ទៅ​ក្រុង​អេក្រុន​ទៀត។ លុះ​ហិប​នៃ​ព្រះ​បាន​ទៅ​ដល់​អេក្រុន ប្រជាជន​ក្រុង​នោះ​ក៏​ស្រែក​ឡើង​ថា៖ «គេ​យក​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​មក​ដល់​យើង ដើម្បី​សម្លាប់​ពួក​យើង​ទាំង​អស់​គ្នា​ហើយ»។ 11គេ​ចាត់​មនុស្ស​ទៅ​ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំង​ប៉ុន្មាន​មក​ជំនុំ​គ្នា​ថា៖ «ចូរ​បញ្ជូន​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​វិញ​ទៅ ឲ្យ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ដើម្បី​កុំ​ឲ្យ​យើង និង​ប្រជា​ជន​របស់​យើង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា» ដ្បិត​កើត​មាន​សេចក្ដី​វេទនា​ដែល​នាំ​ឲ្យ​ស្លាប់​សន្ធឹក នៅ​ពេញ​ក្នុង​ទី​ក្រុង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​សង្កត់​លើ​គេ​ជា​យ៉ាង​ធ្ងន់។ 12ឯ​ពួក​អ្នក​ដែល​សល់​ពី​ស្លាប់ នោះ​ក៏​កើត​មាន​ឫស‌ដូង‌បាត ហើយ​សូរ​សម្រែក​នៅ​ទី​ក្រុង​នោះ ឮ​រំពង​ដល់​ផ្ទៃ​មេឃ។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល