១ សាំ‌យូ‌អែល 21

21
ដាវីឌ និង​នំបុ័ង​បរិសុទ្ធ
1 ដាវីឌ​បាន​មក​ដល់​អ័ហ៊ី‌ម៉ាឡេក​ដែល​ជា​សង្ឃ​នៅ​ត្រង់​ណូប ឯ​អ័ហ៊ី‌ម៉ាលេក​ក៏​បាន​ចេញ​មក​ទទួល​ទាំង​ភ័យ​ញ័រ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​មក​ជា‌មួយ​ដូច្នេះ?» 2ដាវីឌ​ឆ្លើយ​ថា៖ «ស្តេច​បាន​បង្គាប់​ការ​មក​ខ្ញុំ​ថា "កុំ​ឲ្យ​អ្នក​ណា​ដឹង​អ្វី​ពី​ដំណើរ​ដែល​យើង​ចាត់​ឯង​ឲ្យ​ទៅ​ធ្វើ​នោះ ឬ​ពី​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​ឯង​ឡើយ" ឯ​ខ្ញុំ​បាន​តម្រូវ​ឲ្យ​ពួក​កំលោះៗ​នៅ​ចាំ​ត្រង់​កន្លែង​មួយ។ 3ដូច្នេះ តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​ដៃ​លោក? សូម​ឲ្យ​នំបុ័ង​ប្រាំ​ដុំ ដែល​លោក​មាន​នោះ​មក​ខ្ញុំ ឬ​របស់​អ្វី​ក៏​ដោយ ដែល​លោក​មាន​នៅ​ទី​នេះ»។ 4សង្ឃ​ឆ្លើយ​ថា៖ «ខ្ញុំ​គ្មាន​នំបុ័ង​ធម្មតា​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ​ទេ មាន​តែ​នំបុ័ង​បរិសុទ្ធ​ប៉ុណ្ណោះ ប្រសិន‌បើ​យុវជន​ទាំង​នោះ​បាន​តម​តែ​ស្រី​ប៉ុណ្ណោះ នោះ​បាន​ហើយ» 5រួច​ដាវីឌ​ឆ្លើយ​កាត់​ថា៖ «នេះ​គឺ​គេ​បាន​បង្អត់​យើង​ជា​ស្រេច តាំង​តែ​ពី​ខ្ញុំ​ចេញ​ធ្វើ​ដំណើរ​បាន​បី​ថ្ងៃ​មក​ហើយ បាន​ជា​ពួក​ខ្ញុំ​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ទេ ឯ​នំបុ័ង​នេះ​ក៏​ជា​នំបុ័ង​ធម្មតា​ម៉្យាង​ដែរ ទោះ​បើ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ចាន​នៅ​ថ្ងៃ​នេះ​ឯង​ក៏​ដោយ»។ 6ដូច្នេះ សង្ឃ​ក៏​ឲ្យ​នំបុ័ង​បរិសុទ្ធ​ទៅ​លោក ដ្បិត​នៅ​ទី​នោះ​គ្មាន​នំបុ័ង​ណា​ផ្សេង​ទៀត​ឡើយ មាន​តែ​នំបុ័ង​តាំង​ទុក​ប៉ុណ្ណោះ គឺ​ជា​នំបុ័ង​ដែល​បាន​យក​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក ដើម្បី​ដាក់​នំបុ័ង​ក្តៅ នៅ​ថ្ងៃ​ដែល​គេ​យក​នំបុ័ង​ចាស់​នោះ​ចេញ។
7នៅ​ថ្ងៃ​នោះ ក៏​មាន​ពួក​អភិបាល​ម្នាក់​របស់​សូល​នៅ​ទី​នោះ ត្រូវ​ឃាត់​ទុក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គាត់​នោះ​ឈ្មោះ​ដូអេក ជា​សាសន៍​អេដុម ធ្វើ​ជា​មេ​តម្រួត​លើ​ពួក​គង្វាល​សត្វ​របស់​សូល។
8ដាវីឌ​ក៏​សួរ​អ័ហ៊ី‌ម៉ាឡេក​ថា៖ «តើ​នៅ​ទី​នេះ​លោក​មាន​លំពែង ឬ​ដាវ​ទេ? ខ្ញុំ​មិន​បាន​ជាប់​ដាវ ឬ​គ្រឿង​សស្ត្រា‌វុធ​មក​ជា‌មួយ​ទេ ព្រោះ​ការ​របស់​ស្តេច​នេះ ជា​ការ​ប្រញាប់​ណាស់»។ 9សង្ឃ​ឆ្លើយ​ថា៖ «មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​សាសន៍​ភីលី‌ស្ទីន ដែល​លោក​បាន​សម្លាប់ នៅ​ក្នុង​ច្រក​ភ្នំ​អេឡា​ប៉ុណ្ណោះ បាន​រុំ​នឹង​សំពត់ ដាក់​នៅ​ខាង​ក្រោយ​អេផូឌ បើ​លោក​ត្រូវ​ការ សូម​យក​ចុះ ដ្បិត​គ្មាន​អ្វី​ទៀត​នៅ​ទី​នេះ​ទេ» នោះ​ដាវីឌ​ឆ្លើយ​ថា៖ «គ្មាន​ដាវ​ណា​ដូច​ដាវ​នោះ​ទេ ដូច្នេះ សូម​ឲ្យ​មក​ខ្ញុំ​ចុះ»។
ដាវីឌ​ភៀស​ខ្លួន​ទៅ​ក្រុង​កាថ
10នៅ​ថ្ងៃ​នោះ ដាវីឌ​ក៏​រត់​ចេញ​ទៅ​រក​ព្រះបាទ​អ័គីស ជា​ស្តេច​ក្រុង​កាថ ដោយ​ខ្លាច​សូល។ 11ពួក​មហា‌តលិក​របស់​ព្រះបាទ​អ័គីស​ទូល​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ជា​ដាវីឌ ជា​ស្តេច​នៃ​ស្រុក​នោះ​ទេ​ឬ? តើ​គេ​មិន​បាន​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ពី​ដំណើរ​អ្នក​នេះ ទាំង​លោត​កញ្ឆេង​ផង​ថា
"សូល​បាន​សម្លាប់​ទាំង​ពាន់
ហើយ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ"?»
12ដាវីឌ​ក៏​កំណត់​ទុក​ពាក្យ​ទាំង​នោះ​នៅ​តែ​ក្នុង​ចិត្ត ហើយ​មាន​សេចក្ដី​ភ័យ​ដោយ​ព្រោះ​ព្រះបាទ​អ័គីស ជា​ស្តេច​ក្រុង​កាថ​ជា​ខ្លាំង។ 13ដូច្នេះ លោក​ប្ដូរ​ឫក‌ពា​នៅ​មុខ​គេ ហើយដោយ​ព្រោះលោកនៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ លោក​ក៏​ក្លែង​ធ្វើ​ជា​ឆ្កួត ដោយ​ធ្វើ​ជា​គូរ‌វាស​លើ​ទ្វារ និង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា។ 14ពេល​នោះ ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ថា៖ «មើល៍! អ្នក​រាល់​គ្នា​ឃើញ​ថា មនុស្ស​នេះ​ឆ្កួត​ដែរ ម្តេច​ក៏​នាំ​វា​មក​ជួប​យើង? 15តើ​យើង​ខ្វះ​មនុស្ស​ឆ្កួត​ឬ បាន​ជា​អ្នក​រាល់​គ្នា​នាំ​អា​នេះ​មក​ឲ្យ​ឆ្កួត​នៅ​ចំពោះ​មុខ​យើង​ទៀត តើ​គួរ​ឲ្យ​វា​ចូល​មក​ក្នុង​ដំណាក់​យើង​ឬ?»

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 21: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ