១ សាំ‌យូ‌អែល 17:32-37

១ សាំ‌យូ‌អែល 17:32-37 គកស១៦

ដាវីឌ​ទូល​ដល់​ស្ដេច​សូល​ថា៖ «សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​ចេញ​ទៅ​ត​យុទ្ធ​នឹង​សាសន៍​ភីលី‌ស្ទីន​នោះ»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ឯង​ចេញ​ទៅ​ត​យុទ្ធ​នឹង​សាសន៍​ភីលី‌ស្ទីន​នោះ​មិន​បាន​ទេ ព្រោះ​ឯង​នៅ​ក្មេង​ណាស់ ឯ​គេ​ជា​មនុស្ស​ស្ទាត់​ចម្បាំង​តាំង​តែ​ពី​ក្មេង​មក​ហើយ»។ នោះ​ដាវីឌ​ដំណាល​រឿង​ទូល​ស្ដេច​សូល​ថា៖ «ពី​ដើម​ដែល​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក បើ​ពេល​ណា​មាន​សិង្ហ ឬ​ខ្លា​ឃ្មុំ​មក​ចាប់​យក​កូន​ចៀម​ពី​ហ្វូង​ទៅ ទូល‌បង្គំ​ក៏​ដេញ​តាម​ប្រហារ​វា ដោះ​ចៀម​នោះ​ឲ្យ​រួច​ចេញ​ពី​មាត់​វា​មក បើ​កាល​ណា​វា​ស្ទុះ​មក​លើ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​បាន​ចាប់​វា​ត្រង់​ពុក​ចង្កា​វាយ​សម្លាប់​ទៅ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ និង​ខ្លា​ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលី‌ស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​ដូច​ជា​សត្វ​មួយ​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ»។ ដាវីឌ​ក៏​ទូល​ទៀត​ថា៖ «ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ និង​ខ្លា‌ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​សាសន៍​ភីលី‌ស្ទីន​នោះ​ដែរ»។ ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ចុះ សូម​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ឯង»។