១ សាំយូអែល 13
13
យញ្ញបូជាខុសច្បាប់របស់ស្ដេចសូល
1ស្តេចសូលមានព្រះជន្ម… ព្រះវស្សានៅពេលទ្រង់ឡើងសោយរាជ្យ ហើយស្ដេចសោយរាជ្យលើសាសន៍អ៊ីស្រាអែលបាន…ពីរ ឆ្នាំ។
2ស្ដេចសូលរើសពួកមនុស្សក្នុងសាសន៍អ៊ីស្រាអែល បានចំនួនបីពាន់នាក់ ក្នុងពួកនោះ មានពីរពាន់នាក់ នៅជាមួយទ្រង់ នៅត្រង់មីកម៉ាស និងលើភ្នំបេត-អែល ហើយមួយពាន់នាក់ទៀត នៅជាមួយយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯប្រជាជនដែលសល់នៅ ព្រះអង្គបានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ 3គ្រានោះ យ៉ូណាថានក៏វាយបន្ទាយរបស់ពួកភីលីស្ទីនដែលនៅត្រង់កេបា ហើយសាសន៍ភីលីស្ទីនក៏បានឮដំណឹង នោះសូលផ្លុំត្រែឡើងពេញក្នុងស្រុកដោយថា៖ «ចូរឲ្យពួកសាសន៍ហេព្រើរស្តាប់ចុះ»។ 4ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ឮថា ស្ដេចសូលបានវាយបន្ទាយរបស់ពួកភីលីស្ទីនហើយ គេក៏ដឹងថា ពួកភីលីស្ទីនស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលដែរ នោះប្រជាជនក៏ប្រមូលគ្នាទៅរកសូល នៅត្រង់គីលកាល។
5ពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចម្បាំងបីម៉ឺន ពលសេះប្រាំមួយពាន់ និងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមក បោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន។ 6ពេលពួកទ័ពខាងអ៊ីស្រាអែលឃើញថា ខ្លួនអស់ផ្លូវហើយ ព្រោះបណ្ដាទ័ពមានសេចក្ដីកង្វល់ជាខ្លាំង នោះក៏រត់ទៅជ្រកពួនក្នុងរអាង ក្នុងព្រៃញាតស្បាត ក្នុងកន្លៀតថ្ម និងក្នុងអណ្តូង ហើយនៅលើទីខ្ពស់ទាំងប៉ុន្មាន។ 7រីឯពួកហេព្រើរខ្លះ គេឆ្លងទន្លេយ័រដាន់ ទៅស្រុកកាដ និងស្រុកកាឡាតទៅ តែសូលនៅត្រង់គីលកាលនៅឡើយ ហើយបណ្ដាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។
8ស្ដេចក៏រង់ចាំនៅប្រាំពីរថ្ងៃ តាមកំណត់ដែលលោកសាំយូអែលបានសន្យា តែលោកសាំយូអែលមិនបានមកដល់គីលកាលទេ ហើយប្រជាជនក៏ខ្ចាត់ខ្ចាយចេញពីស្ដេចអស់ទៅ។ 9ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរយកតង្វាយដុតនោះមកឲ្យខ្ញុំ ព្រមទាំងតង្វាយមេត្រីផង» រួចទ្រង់ក៏ថ្វាយតង្វាយដុតនោះទៅ 10តែកាលដុតថ្វាយរួច លោកសាំយូអែលក៏មកដល់ ហើយស្ដេចសូលក៏ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក។ 11ប៉ុន្តែ លោកសាំយូអែលទូលសួរថា៖ «តើបានធ្វើអ្វីហ្នឹង?» ស្ដេចសូលឆ្លើយថា៖ «ដោយព្រោះខ្ញុំឃើញថា បណ្ដាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមកនៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមកនៅមីកម៉ាសផង 12នោះបានជាខ្ញុំនឹកថា ពួកភីលីស្ទីននឹងចុះមកលើខ្ញុំ នៅគីលកាលឥឡូវនេះហើយ ខ្ញុំក៏ឥតទាន់បានសូមអង្វរដល់ព្រះយេហូវ៉ាផង ដូច្នេះ ខ្ញុំបានបង្ខំខ្លួនឲ្យថ្វាយតង្វាយនេះទៅ»។ 13លោកសាំយូអែលឆ្លើយថា៖ «ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តិរបស់ព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យ តាំងឲ្យទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែល ជារៀងរហូតទៅ 14តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ារកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យព្រះអង្គ ហើយព្រះអង្គបានតាំងអ្នកនោះ ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គវិញ ព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ»។ 15រួចលោកសាំយូអែលក៏ក្រោកឡើង ហើយចេញពីគីលកាល ។ ប្រជាជនឯទៀតបានឡើងទៅតាមស្ដេចសូល ដើម្បីជួបកងទ័ព ពួកគេបានឡើងពីគីលកាល ទៅគីបៀរ នៅស្រុកបេនយ៉ាមីន ។
ការរៀបចំដើម្បីច្បាំង
ស្ដេចសូលបានរាប់ចំនួនប្រជាជនដែលរួមដំណើរជាមួយ មានចំនួនប្រមាណបីរយនាក់។ 16ស្ដេចសូល និងយ៉ូណាថានជាបុត្រា ព្រមទាំងប្រជាជនដែលនៅជាមួយ បោះទ័ពនៅកេបា ក្នុងស្រុកបេនយ៉ាមីន រីឯពួកភីលីស្ទីន បោះទ័ពនៅមីកម៉ាស។ 17គ្រានោះ មានពួកទ័ពបំផ្លាញបីពួក ចេញពីជំរំទ័ពរបស់ពួកភីលីស្ទីនមក គឺមួយពួកចេញតាមផ្លូវដែលទៅអូប្រា នៅស្រុកស៊ូអាល 18មួយពួកទៀតចេញតាមផ្លូវបេត-ហូរ៉ុន ហើយមួយពួកទៀតចេញតាមផ្លូវព្រំប្រទល់ ដែលមើលទៅឃើញជ្រលងភ្នំសេបោម ឆ្ពោះទៅទីរហោស្ថាន។
19នៅក្នុងស្រុកអ៊ីស្រាអែលគ្មានជាងដែកឡើយ ដ្បិតពួកភីលីស្ទីនបានជំនុំគ្នាថា ក្រែងពួកហេព្រើរធ្វើដាវ ឬលំពែងសម្រាប់ខ្លួន 20ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅរកពួកភីលីស្ទីន ដើម្បីសំលៀងផាលនង្គ័ល ចបកាប់ ពូថៅ ឬកណ្តៀវរបស់គេរៀងខ្លួន 21ហើយឈ្នួលសំលៀងផាលនង្គ័ល និងចបកាប់ មានតម្លៃពីរភាគបីសេកែល ឯឈ្នួលសំលៀងកណ្តៀវ និងពូថៅ ព្រមទាំងសម្រួចជន្លួញ មានតម្លៃមួយភាគបីសេកែល។ 22ដូច្នេះ នៅថ្ងៃចម្បាំង នោះគ្មានអ្នកណាមួយ ខាងស្ដេចសូល និងយ៉ូណាថាន ដែលមានដាវ ឬលំពែងកាន់នៅដៃឡើយ ឃើញមានតែស្ដេចសូល និងយ៉ូណាថាន បុត្រាទ្រង់ប៉ុណ្ណោះ។ 23ពួកបន្ទាយមួយរបស់សាសន៍ភីលីស្ទីន គេចេញទៅស្កាត់ផ្លូវ ដែលកាត់ភ្នំត្រង់មីកម៉ាស។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies