១ សាំយូអែល 11
11
ស្តេចសូលវាយឈ្នះសាសន៍អាំម៉ូន
1ប្រមាណជាមួយខែក្រោយមក ណាហាសជាសាសន៍អាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស-កាឡាត ហើយមនុស្សនៅយ៉ាបេសទាំងប៉ុន្មាន បានទូលណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំនឹងបម្រើព្រះករុណា»។ 2ប៉ុន្តែ ណាហាសជាសាសន៍អាំម៉ូនឆ្លើយថា៖ «យើងព្រមចុះសន្ធិសញ្ញាជាមួយអ្នករាល់គ្នា លុះត្រាតែឲ្យយើងខ្វេះភ្នែកខាងស្តាំរបស់អ្នករាល់គ្នា ដើម្បីធ្វើឲ្យសាសន៍អ៊ីស្រាអែលត្រូវអាម៉ាស់»។ 3ពួកចាស់ទុំនៅក្រុងយ៉ាបេសក៏អង្វរថា៖ «សូមមេត្តាបង្អង់ឲ្យយើងខ្ញុំបានប្រាំពីរថ្ងៃសិន ដើម្បីចាត់គេឲ្យទៅប្រាប់គ្រប់កន្លែងក្នុងស្រុកអ៊ីស្រាអែល បន្ទាប់មក ប្រសិនបើគ្មានអ្នកណាមកជួយយើងខ្ញុំទេ នោះយើងខ្ញុំនឹងចេញមក ចុះចូលនឹងលោក»។ 4ពេលអ្នកទាំងនោះមកថ្លែងប្រាប់ឲ្យប្រជាជនស្តាប់ នៅត្រង់គីបៀរស្រុករបស់ស្ដេចសូល នោះគេក៏ស្រែកយំគ្រប់គ្នា។
5ខណៈនោះ ស្ដេចសូលកំពុងកៀងហ្វូងគោមកពីវាល ក៏សួរថា៖ «តើមានរឿងអ្វីបានជាយំដូច្នេះ?» គេក៏ជម្រាបលោកសព្វគ្រប់តាមពាក្យរបស់អ្នកស្រុកយ៉ាបេស។ 6កាលលោកសូលបានឮ នោះព្រះវិញ្ញាណនៃព្រះមកសណ្ឋិតលើលោក បណ្ដាលឡើងជាខ្លាំង ហើយសេចក្ដីកំហឹងរបស់លោកក៏ឆួលឡើង 7លោកយកគោមួយនឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ស្រុកអ៊ីស្រាអែល តាមរយៈពួកអ្នកទាំងនោះ ដោយពាក្យថា៖ «អ្នកណាដែលមិនចេញមកតាមលោកសូល និងលោកសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ»។ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើប្រជាជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់ 8ស្ដេចសូលបានរាប់គេនៅត្រង់បេសេក នោះឃើញមានពួកកូនចៅអ៊ីស្រាអែលចំនួនបីសែននាក់ ហើយពួកយូដាប្រាំពីរម៉ឺន នាក់ 9រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា "នៅថ្ងៃស្អែក ពេលថ្ងៃរះពេញកម្ដៅ នោះអ្នករាល់គ្នានឹងបានរួចខ្លួន"» ពួកនោះក៏ទៅប្រាប់ដល់ប្រជាជនដែលនៅយ៉ាបេស ហើយគេមានអំណរយ៉ាងខ្លាំង។ 10ហេតុនោះ អ្នកនៅយ៉ាបេសបានប្រាប់ដល់ពួកសាសន៍អាំម៉ូនថា៖ «ថ្ងៃស្អែកនេះ យើងខ្ញុំនឹងចេញមកប្រគល់ខ្លួនដល់អ្នករាល់គ្នាហើយ អ្នករាល់គ្នាអាចប្រព្រឹត្តចំពោះយើងខ្ញុំយ៉ាងណាតាមតែចិត្តចុះ»។ 11លុះដល់ថ្ងៃស្អែកឡើង ស្ដេចសូលរៀបពលទ័ពជាបីកង ចូលទៅដល់ទីបោះទ័ពរបស់គេនៅវេលាយាមព្រឹក ហើយវាយសាសន៍អាំម៉ូននោះ រហូតដល់ថ្ងៃក្តៅ ឯពួកអ្នកដែលនៅសល់ ក៏ត្រូវខ្ចាត់ខ្ចាយទៅ បានជាគ្មានពីរនាក់នៅជាមួយគ្នាឡើយ។
12ប្រជាជនគេជម្រាបដល់សាំយូអែលថា៖ «អ្នកណាដែលថា "តើត្រូវឲ្យលោកសូលសោយរាជ្យលើយើងឬ?" ចូរនាំអ្នកទាំងនោះមក ឲ្យយើងសម្លាប់ចោល»។ 13ប៉ុន្តែ ស្ដេចសូលមានរាជឱង្ការថា៖ «នៅថ្ងៃនេះ មិនត្រូវសម្លាប់អ្នកណាទេ ដ្បិតថ្ងៃនេះ ព្រះយេហូវ៉ាបានប្រោសឲ្យមានសេចក្ដីសង្គ្រោះនៅក្នុងសាសន៍អ៊ីស្រាអែល»។
14នោះសាំយូអែលប្រាប់ដល់ប្រជាជនថា៖ «ចូរយើងរាល់គ្នាទៅគីលកាល ដើម្បីតាំងនគរឡើងសាជាថ្មី»។ 15ដូច្នេះ គេក៏ទៅគីលកាលទាំងអស់គ្នា ហើយនៅទីនោះ គេតាំងស្ដេចសូលឡើងឲ្យធ្វើជាស្តេច នៅចំពោះព្រះយេហូវ៉ា រួចគេថ្វាយយញ្ញបូជា ជាតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ ស្ដេចសូល និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មានអំណរអរសប្បាយយ៉ាងខ្លាំង។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies