នៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលីហ៊ូវ អេលីហ៊ូវជាកូនថូហ៊ូវ ថូហ៊ូវជាកូនស៊ូភ ដែលជាពួកអេប្រាតា។ គាត់មានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា ម្នាក់ទៀតឈ្មោះពេនីណា។ ពេនីណាមានកូន តែហាណាគ្មានកូនសោះ។ រាល់ឆ្នាំ អែលកាណាតែងចេញពីក្រុងរបស់ខ្លួន ឡើងទៅស៊ីឡូរ ដើម្បីថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ។ នៅទីនោះ មានហុបនី និងភីនេហាស ជាកូនទាំងពីរនាក់របស់លោកអេលី ធ្វើជាសង្ឃនៃព្រះយេហូវ៉ា។ លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន គាត់ក៏ចែកដល់ពេនីណាជាប្រពន្ធ និងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នាមួយចំណែកម្នាក់។ តែបានចែកដល់ហាណាទ្វេរជាពីរវិញ ព្រោះគាត់ស្រឡាញ់ហាណាជាង ទោះបើព្រះយេហូវ៉ាបានបង្ខាំងផ្ទៃនាងមិនមានកូនក៏ដោយ។ គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងមានកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ ហើយដែលគាត់ឡើងទៅរាល់តែឆ្នាំដូច្នោះ នោះពេនីណាក៏តែងតែរុកកួននាងកំពុងដែលធ្វើដំណើរ ឡើងទៅដំណាក់នៃព្រះយេហូវ៉ា ធ្វើឲ្យហាណាយំ ហើយមិនបរិភោគអ្វីសោះ។ ពេលនោះ អែលកាណាជាប្តីសួរថា៖ «ហាណាអើយ ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ត? តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុសដប់នាក់ទេឬ?» ក្រោយដែលគេបានបរិភោគ និងផឹកនៅស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង ហើយចូលទៅចំពោះព្រះយេហូវ៉ា ។ រីឯអេលីជាសង្ឃកំពុងអង្គុយនៅកន្លែងរបស់លោក ជិតសសរទ្វារព្រះវិហារព្រះយេហូវ៉ា។ ខណៈនោះ នាងឈឺចិត្តខ្លាំងណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ា ហើយយំដោយមានសេចក្ដីជូរល្វីង។ រួចនាងបន់ថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ប្រសិនបើព្រះអង្គគ្រាន់តែក្រឡេកព្រះនេត្រទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ បានកូនប្រុសមួយ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាពេញមួយជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ »។ ខណៈដែលនាងកំពុងអធិស្ឋានទៅព្រះយេហូវ៉ានៅឡើយ នោះអេលីក៏សង្កេតមើលមាត់នាង។ ហាណាអធិស្ឋានស្ងាត់ៗ កម្រើកតែបបូរមាត់តិចៗ ឥតឮសំឡេងឡើយ បានជាអេលីស្មានថានាងស្រវឹង ដូច្នេះ អេលីនិយាយទៅនាងថា៖ «តើនាងនៅតែស្រវឹងដល់កាលណាទៀត? ចូរលះបង់ស្រាចោលទៅ»។ តែហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំង ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ។ សូមកុំចាត់ទុកខ្ញុំជាអ្នកបម្រើលោក ថាជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបាននិយាយយ៉ាងយូររហូតដល់ឥឡូវនេះ មកពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ និងការរុកកួនហួសប្រមាណ»។ នោះលោកអេលីឆ្លើយថា៖ «ដូច្នេះ សូមអញ្ជើញទៅប្រកបដោយសេចក្ដីសុខចុះ សូមព្រះនៃសាសន៍អ៊ីស្រាអែលប្រោសឲ្យនាងបានសម្រេចដូចដែលបានសូមពីព្រះអង្គចុះ»។ នាងនិយាយថា៖ «ដូច្នេះ សូមឲ្យខ្ញុំជាអ្នកបម្រើលោក បានប្រកបដោយគុណរបស់លោកម្ចាស់ផង» នោះនាងក៏ចេញទៅ បរិភោគអាហារឡើងវិញ ហើយលែងមានទឹកមុខព្រួយទៀត។ ពួកគេក្រោកពីព្រលឹមស្រាង នាំគ្នាទៅថ្វាយបង្គំព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ។ អែលកាណាក៏រួមរស់ជាមួយហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាបាននឹកចាំពីនាង។ លុះដល់នាងហាណាមានទម្ងន់គ្រប់ខែហើយ ក៏សម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា សាំយូអែល ដោយនិយាយថា៖ «ខ្ញុំបានសូមកូននេះពីព្រះយេហូវ៉ា»។
អាន ១ សាំយូអែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 1:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ