១ ពង្សាវ‌តារ‌ក្សត្រ 4

4
នាម៉ឺន​មន្ត្រី​របស់​ព្រះបាទ​សាឡូម៉ូន
1ព្រះបាទ​សាឡូម៉ូន​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ 2ហើយ​ពួក​មន្ត្រី​ជាន់​ខ្ពស់​របស់​ទ្រង់ មាន​រាយ​ដូច​តទៅ​នេះ គឺ​អ័សារា កូន​សាដុក លោក​ជា​សម្ដេច​សង្ឃ 3អេលី‌ហូរែប និង​អ័ហ៊ី‌យ៉ា កូន​ស៊ីសា ជា​ស្មៀន‌ហ្លួង យេហូ‌សាផាត កូន​អ័ហ៊ី‌លូឌ ជា​អ្នក​តែង​ពង្សាវ‌តារ 4បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ជា​មេបញ្ជា​ការ សាដុក និង​អ័បៀ‌ថើរ ជា​សង្ឃ 5អ័សារា កូន​ណាថាន់ ជា​ចាង‌ហ្វាង​លើ​ពួក​សេនា‌បតី សាប៊ុត កូន​ណាថាន់ ជា​រដ្ឋ‌នាយក ហើយ​ជា​មិត្ត​សម្លាញ់​នឹង​ស្តេច 6អ័ហ៊ីសា ជា​ឧកញ៉ា​វាំង អ័ដូ‌នីរ៉ាម កូន​អាប់ដា ជា​មេ​កំណែន។
7ព្រះបាទ​សាឡូម៉ូន​ក៏​មាន​នាយក​ដប់ពីរ​នាក់ ត្រួត​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ជា​អ្នក​សម្រាប់​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច និង​ពួក​ដំណាក់​របស់​ទ្រង់ ម្នាក់ៗ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​អស់​មួយ​ខែ​ក្នុង​មួយ​ឆ្នាំ។ 8ឈ្មោះ​អស់​លោក​ទាំង​នោះ​មាន​រាយនាម​ដូច​តទៅ៖ បេន-ហ៊ើរ នៅ​ស្រុក​ភ្នំ​អេប្រាអិម 9បេន-ដេកើរ នៅ​ស្រុក​ម៉ាកាស ស្រុក​ស្អាលប៊ីម ស្រុក​បេត-សេមែស និង​ស្រុក​ហេឡូន-បេត-ហា‌ណាន។ 10បេន-ហេសេឌ នៅ​ស្រុក​អារូ‌បូត (ឯ​ស្រុក​សូកូរ និង​ស្រុក​អេភើរ​ទាំង​មូល ក៏​នៅ​ក្រោម​អំណាច​លោក​ដែរ) 11បេន-អ័ប៊ី‌ណា‌ដាប់ នៅ​ស្រុក​ដោរ​ទាំង​មូល (លោក​នោះ​បាន​យក​នាង​ថាផាត ជា​បុត្រី​ព្រះបាទ​សាឡូម៉ូន​ធ្វើ​ជា​ភរិយា)។ 12ប្អាណា​ជា​កូន​អ័ហ៊ី‌លូឌ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន​រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម។ 13បេន-កេប៊ើរ​នៅ​រ៉ាម៉ូត-កាឡាត (លោក​នោះ​ត្រួត​លើ​ភូមិ​ទាំង​អស់​របស់​យ៉ាអ៊ារ​ជា​កូន​ម៉ាណា‌សេ ដែល​នៅ​ស្រុក​កាឡាត ហើយ​លើ​ស្រុក​នៅ​ជុំ‌វិញ​អើកុប ដែល​នៅ​ស្រុក​បាសាន ទាំង​អស់​មាន​ទី​ក្រុង​ធំៗ​ហុកសិប ដែល​មាន​កំផែង និង​រនុក​លង្ហិន)។ 14អ័ហ៊ី‌ណា‌ដាប់​ជា​កូន​អ៊ីដោ នៅ​ស្រុក​ម៉ាហា‌ណែម។ 15អ័ហ៊ីម៉ាស​នៅ​ខេត្ត​ណែប‌ថា‌លី (លោក​នោះ​បាន​យក​នាង​បាស‌ម៉ាត ជា​បុត្រី​ព្រះបាទ​សាឡូម៉ូន​ធ្វើ​ជា​ភរិយា)។ 16ប្អាណា ជា​កូន​ហ៊ូសាយ នៅ​ខេត្ត​អេស៊ើរ និង​ស្រុក​អាឡូត។ 17យេហូ‌សាផាត​ជា​កូន​ផារូអា នៅ​ខេត្ត​អ៊ីសា‌ខារ។ 18ស៊ីម៉ាយ​ជា​កូន​អេឡា នៅ​ខេត្ត​បេនយ៉ាមីន។ 19កេប៊ើរ​ជា​កូន​អ៊ូរី ដែល​នៅ​ស្រុក​កាឡាត​ជា​ស្រុក​របស់​ស៊ីហុន ស្តេច​សាសន៍​អាម៉ូរី និង​ស្រុក​របស់​អុក ជា​ស្តេច​បាសាន លោក​នោះ​ជា​នាយក​តែ​មួយ​នៅ​ក្នុង​ស្រុក​នោះ។
ភាព​រុង‌រឿង​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះបាទ​សាឡូម៉ូន
20ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ពួក​គេ​តែង‌តែ​បរិ‌ភោគ ហើយ​លេង​សប្បាយ។ 21 ព្រះបាទ​សាឡូម៉ូន​បាន​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលី‌ស្ទីន ហើយ​ទៅ​ដល់​ព្រំ​ប្រទល់​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ​តែង​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម។
22ឯ​ស្បៀង​អាហារ​ដែល​ចាត់​ចែង​សម្រាប់​ព្រះ‌រាជ‌វាំង​ក្នុង​មួយ​ថ្ងៃ នោះ​គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​សាមសិប​រង្វាល់ ម្សៅ​ធម្មតា​ហុកសិប​រង្វាល់ 23គោ​ធាត់ៗ​ដប់ គោ​ដែល​រក​ស៊ី​នៅ​វាល​ម្ភៃ ចៀម​មួយរយ ព្រម​ទាំង​ប្រើស ឈ្លូស ក្តាន់ និង​សត្វ​ស្លាប​ធាត់ៗ​ផង។ 24ដ្បិត​ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ នៅ​ខាង​អាយ​ទន្លេ ចាប់​តាំង​ពី​ក្រុង​ធីពសា​រហូត​ដល់​ក្រុង​កាសា ហើយ​លើ​អស់​ទាំង​ស្តេច​នៅ​ខាង​អាយ​ទន្លេ​ដែរ ក៏​មាន​សេចក្ដី​សុខ​នៅ​គ្រប់​ទិស​ជុំ‌វិញ 25ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល រស់​នៅ​ដោយ​សុខ‌សាន្ត​ត្រាណ គ្រប់​គ្នា​នៅ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ និង​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ-សេបា ដរាប​ដល់​ព្រះបាទ​សាឡូម៉ូន​អស់​ព្រះ‌ជន្ម។ 26ទ្រង់​ក៏​មាន​រោង​សម្រាប់​សេះ​បួន​ម៉ឺន ដែល​ទឹម​រទេះ​ចម្បាំង ហើយ​មាន​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ 27ពួក​នាយក​ទាំង​នោះ គេ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​សម្រាប់​ព្រះបាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​ចូល​មក​បរិ‌ភោគ​នៅ​តុ​របស់​ស្ដេច ហើយ​គ្រប់​គ្នា​បាន​ផ្គត់‌ផ្គង់​តាម​កំណត់​ខែ​របស់​ខ្លួន​ឥត​មាន​ខ្វះ​អ្វី​ឡើយ។ 28បណ្ដា​មនុស្ស​ទាំង​ប៉ុន្មាន​ក៏​ដឹក​ស្រូវ​ឱក និង​ចំបើង​សម្រាប់​សេះ និង​សត្វ​ជំនិះ​ផ្សេងៗ មក​ដល់​កន្លែង​ដែល​ពួក​នាយក​ទាំង​នោះ​តាំង​នៅ តាម​ដែល​លោក​បង្គាប់​រៀងៗ​ខ្លួន។
ប្រាជ្ញា‌ញាណ​របស់​ព្រះបាទ​សាឡូម៉ូន
29ព្រះ​បាន​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា និង​យោបល់​ច្រើន​ក្រៃ‌លែង ព្រម​ទាំង​ព្រះ‌ហឫ‌ទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្ដា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ 30ប្រាជ្ញា​របស់​សាឡូម៉ូន​មាន​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត និង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង។ 31ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស​ទាំង​អស់ គឺ​លើស​ជាង​អេថាន ជា​ពូជ​សេរ៉ា‌គីត និង​លើស​ជាង​ហេម៉ាន កាល់‌កូល និង​ដារដា ជា​កូន​ទាំង​បី​របស់​ម៉ាហូល​ទៅ​ទៀត កិត្តិ‌នាម​របស់​ទ្រង់ បាន​ឮ​សុស‌សាយ​រហូត​ដល់​អស់​ទាំង​នគរ​នៅ​ជុំ‌វិញ។ 32ទ្រង់​បាន​និពន្ធ​ពាក្យ​សុភា‌សិត​បី​ពាន់​ខ ហើយ​ក៏​លើក​ទំនុក​ចម្រៀង​មួយ​ពាន់​ប្រាំ​បទ។ 33ទ្រង់​មាន​រាជ‌ឱង្ការ​ពី​ដើម​ឈើ​ទាំង​ពួង ចាប់​តាំង​ពី​ដើម​តា‌ត្រៅ ដែល​នៅ​លើ​ភ្នំ​ល្បាណូន រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​លើក​កំផែង ក៏​មាន​រាជ‌ឱង្ការ​ពី​សត្វ​ផ្សេងៗ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រី​ផង។ 34មាន​មនុស្ស​គ្រប់​សាសន៍​មក​ស្តាប់​ប្រាជ្ញា​របស់​សាឡូម៉ូន គឺ​មក​ពី​អស់​ទាំង​ស្តេច​នៅ​ផែនដី ជា​កន្លែង​ដែល​គេ​បាន​ឮ​ថ្លែង​ប្រាប់​ពី​ប្រាជ្ញា​របស់​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវ‌តារ‌ក្សត្រ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល