១ ពង្សាវ‌តារ‌ក្សត្រ 21

21
ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណា‌បោត
1រីឯ​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ នៅ​ស្រុក​យេស‌រាល ជិត​បង្កើយ​នឹង​ដំណាក់​អ័ហាប់ ជា​ស្តេច​នៃ​ក្រុង​សាម៉ារី។ 2ក្រោយ​ការ​ទាំង​នោះ​មក អ័ហាប់​មាន​រាជ‌ឱង្ការទៅ​ណា‌បោត​ថា៖ «ចូរ​ឲ្យ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​មក​យើង ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ច្បារ​បន្លែ ដ្បិត​នៅ​ជិត​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​ចម្ការ​មួយ​ល្អ​ជាង​ដល់​ឯង ឬ​បើ​ឯង​ចូល​ចិត្ត​ប្រាក់ យើង​នឹង​ឲ្យ​តាម​តម្លៃ​ចម្ការ​នោះ» 3តែ​ណា‌បោត​ទូល​តប​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ឃាត់​កុំ​ឲ្យ​ទូល‌បង្គំ​ថ្វាយ​មត៌ក​របស់​បុព្វ‌បុរស​ទូល‌បង្គំ​ដល់​ព្រះ‌ករុណា​ឡើយ»។ 4អ័ហាប់​ក៏​ត្រឡប់​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ មាន​ព្រះ‌ហឫ‌ទ័យ​អន់‌អាក់ ថ្នាំង‌ថ្នាក់ ដោយ​ព្រោះ​ពាក្យ​ដែល​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល បាន​ទូល​ដល់​ទ្រង់​ថា "ទូល‌បង្គំ​មិន​ថ្វាយ​មត៌ក​របស់​បុព្វ‌បុរស​ទូល‌បង្គំ ដល់​ព្រះ‌ករុណា​ទេ" ហើយ​ទ្រង់​ក៏​ប្រះ​ផ្ទំ​លើ​ព្រះ‌ទែន‌បន្ទំ បែរ​ព្រះ‌ភក្ត្រ​ចេញ មិន​ព្រម​សោយ​ព្រះ‌ស្ងោយ​ឡើយ។
5ឯ​យេសិ‌បិល​ជា​មហេសី​ក៏​មក​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រួយ​ព្រះ‌ហឫ‌ទ័យ មិន​សោយ​ព្រះ‌ស្ងោយ​ដូច្នេះ?» 6ទ្រង់​មាន​រាជ‌ឱង្ការ​តប​ថា៖ «គឺ​ព្រោះ​យើង​បាន​និយាយ​នឹង​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ថា "ចូរ​លក់​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឯង​មក​ឲ្យ​យើង ឬ​បើ​ឯង​ចូល​ចិត្ត នោះ​យើង​នឹង​ឲ្យ​ចម្ការ​មួយ​ផ្សេង​ទៀត​ប្តូរ​នឹង​ចម្ការ​នេះ"។ តែ​គាត់​ឆ្លើយ​ថា "ទូល‌បង្គំ​មិន​ថ្វាយ​ចម្ការ​ទូល‌បង្គំ​ដល់​ទ្រង់​ទេ"»។ 7យេសិ‌បិល​ជា​មហេសី ទូល​ថា៖ «តើ​ឥឡូវ​នេះ ទ្រង់​សោយ‌រាជ្យ​នៅ​នគរ​អ៊ីស្រា‌អែល​មិន​មែន​ឬ? សូម​តើន​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ ឲ្យ​ព្រះ‌ហឫ‌ទ័យ​បាន​រីក‌រាយ​សប្បាយ​ចុះ ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ដល់​ទ្រង់»។
8ពេល​នោះ ព្រះ‌នាង​ក៏​ធ្វើ​សំបុត្រ​ដោយ​នូវ​ព្រះ‌នាម​អ័ហាប់ ហើយ​ប្រថាប់​ត្រា​ផែនដី រួច​ផ្ញើ​ទៅ​ពួក​ចាស់​ទុំ និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ក្នុង​ទី​ក្រុង​ជា‌មួយ​ណា‌បោត។ 9ក្នុង​សំបុត្រ​នោះ ព្រះ‌នាង​បង្គាប់​ថា៖ «ចូរ​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​តម ហើយ​តាំង​ណា‌បោត​ឲ្យ​អង្គុយ​នៅ​កន្លែង​ប្រសើរ​មុខ​ប្រជា​ជន។ 10រួច​នាំ​មនុស្ស​ខូច​អាក្រក់​ពីរ​នាក់​មក ឲ្យ​ឈរ​នៅ​មុខ​វា ដើម្បី​ធ្វើ​បន្ទាល់​ទាស់​នឹង​វា​ថា វា​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ស្រេច​ហើយ ចូរ​នាំ​វា​ចេញ​ទៅ​ក្រៅ គប់​នឹង​ថ្ម​សម្លាប់​ទៅ»។ 11ពួក​មនុស្ស​នៅ​ក្រុង​របស់​គាត់ គឺ​ជា​ពួក​ចាស់​ទុំ និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ទី​ក្រុង​ជា‌មួយ​គាត់ គេ​ក៏​ធ្វើ​តាម​សេចក្ដី​ដែល​យេសិ‌បិល​បាន​បង្គាប់ ដូច​ជា​សេចក្ដី​ដែល​ព្រះ‌នាង​បាន​សរសេរ​ចុះ​ក្នុង​សំបុត្រ ផ្ញើ​ទៅ​គេ 12គេ​ក៏​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​តម ហើយ​ដាក់​ណា‌បោត​ឲ្យ​អង្គុយ​នៅ​កន្លែង​ប្រសើរ​មុខ​ប្រជា​ជន។ 13មាន​មនុស្ស​ខូច​អាក្រក់​ពីរ​នាក់ ចូល​មក​អង្គុយ​ខាង​មុខ​ណា‌បោត ធ្វើ​បន្ទាល់​ទាស់​នឹង​គាត់​នៅ​មុខ​ប្រជាជន​ថា៖ «ណា‌បោត​នេះ​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង»។ ដូច្នេះ គេ​នាំ​គាត់​ចេញ​ទៅ​ក្រៅ​ទី​ក្រុង ហើយគប់​នឹង​ថ្ម​សម្លាប់​ទៅ 14បន្ទាប់​មក គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​យេសិ‌បិល ជម្រាប​ថា៖ «បាន​គប់​ដុំ​ថ្ម​សម្លាប់​ណា‌បោត​ហើយ»។
15កាល​យេសិ‌បិល​បាន​ឮ​ថា គេ​បាន​សម្លាប់​ណា‌បោត​ដោយ​គប់​នឹង​ថ្ម នោះ​ព្រះ‌នាង​ក៏​ទូល​ព្រះបាទ​អ័ហាប់​ថា៖ «សូម​តើន​ឡើង ទៅ​ទទួល​យក​ចម្ការ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល ដែល​វា​មិន​ព្រម​លក់​ថ្វាយ​នោះ មក​ទុក​ជា​របស់​ទ្រង់​វិញ​ចុះ ព្រោះ​ណា‌បោត​មិន​នៅ​រស់​ទៀត​ទេ គឺ​វា​ស្លាប់​ហើយ»។ 16ដូច្នេះ កាល​ព្រះបាទ​អ័ហាប់​បាន​ជ្រាប​ថា​ណា‌បោត​បាន​ស្លាប់ ទ្រង់​តើន​ឡើង ដើម្បី​ចុះ​ទៅ​ចម្ការ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធ​របស់​ទ្រង់។
លោក​អេលីយ៉ា​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ
17ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី​ថា៖ 18«ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​ជួប​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ដែលសោយ​រាជ្យ នៅ​ស្រុក​សាម៉ារី​ទៅ ទ្រង់​នៅ​ក្នុង​ចម្ការ​របស់​ណា‌បោត ទ្រង់​ចុះ​ទៅ​ទទួល​យក​ចម្ការ​នោះ​ធ្វើ​ជា​របស់​ទ្រង់។ 19ឯង​ត្រូវ​ទូល​ថា "ព្រះ‌‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​បាន​សម្លាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ?" ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិឍ​ឈាម​របស់​ណា‌បោត ឆ្កែ​ក៏​នឹង​លិឍ​ឈាម​របស់​ឯង​ដូច្នោះ​ដែរ"»។
20អ័ហាប់​មាន​រាជ‌ឱង្ការ​តប​ថា៖ «ឱ​ខ្មាំង​សត្រូវ​យើង​អើយ តើ​ឯង​មក​តាម​យើង​ទាន់​ហើយ​ឬ?»។ លោក​ទូល​ឆ្លើយ​ថា៖ «ទាន់​ហើយ ព្រោះ​ព្រះ‌ករុណា​បាន​លក់អង្គ​ទ្រង់​ផ្ទាល់​ឲ្យ​ធ្វើ​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា»។ 21យើង​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​ឯង យើង​នឹង​បោស​ឯង​ចេញឲ្យ​អស់ ហើយ​កាត់​កូន​ប្រុសៗ​ចេញ​ពី​ពូជ​ពង្ស​អ័ហាប់ ទាំង​អ្នកជាប់​ចំណង ឬ​អ្នក​មិន​ជាប់​ចំណង ក្នុង​ពួក​អ៊ីស្រា‌អែល។ 22យើង​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​របស់​ឯង​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​របស់​ប្អាសា ជា​កូន​អ័ហ៊ី‌យ៉ា ដោយ​ព្រោះ​ការ​ប្រទាំង ដែល​ឯង​បាន​ធ្វើ​ឲ្យ​យើង​ក្រោធ​ក្នុង​ព្រះ‌ហឫ‌ទ័យ ហើយ​បាន​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ។ 23ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេសិ‌បិល​ដែរ​ថា៖ «ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​ជិត​កំផែង​ក្រុង​យេស‌រាល 24អ្នក​ណា​ក្នុង​ពូជ‌ពង្ស​អ័ហាប់ ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង ឆ្កែ​នឹង​ទំពា​ស៊ី ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​វិញ »។
25(គ្មាន​អ្នក​ណា​ម្នាក់​ដូចព្រះបាទ​អ័ហាប់ឡើយ ដែល​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល​ជា​មហេសី​បាន​ញុះ‌ញង់​នោះ។ 26ទ្រង់​បាន​ប្រព្រឹត្ត​បែប​គួរ​ស្អប់​ខ្ពើម​ណាស់ ដោយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​រូប​ព្រះ តាម​គ្រប់​ទាំង​ទំនៀម​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ)។
27ពេល​ព្រះបាទ​អ័ហាប់​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ស្លៀក​សំពត់​ធ្មៃ ហើយ​តម​ព្រះ‌ស្ងោយ ទ្រង់​ផ្ទំ​ទាំង​សំពត់​ធ្មៃ​នោះ ហើយ​ក៏​យាង​មួយៗ។ 28ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី​ថា៖ 29«តើ​ឯង​បាន​ឃើញ​ទេ អ័ហាប់​បន្ទាប​ខ្លួន​នៅ​មុខ​យើង​ហើយ? ដូច្នេះ ដោយ​ព្រោះ​បាន​បន្ទាប​ខ្លួន​នៅ​មុខ​យើង នោះ​យើង​មិន​នាំ​សេចក្ដី​វេទនា​មក​ក្នុង​ពេល​អ័ហាប់​នៅ​មាន​ជីវិតទេ គឺ​យើង​នឹង​នាំ​សេចក្ដី​វេទនា​នោះ​មក​លើ​ជំនួរ​វង្ស​របស់​គេ​វិញ»។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវ‌តារ‌ក្សត្រ 21: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល