១ ពង្សាវ‌តារ‌ក្សត្រ 12:1-19

១ ពង្សាវ‌តារ‌ក្សត្រ 12:1-19 គកស១៦

ស្ដេច​រេហូ‌បោម​បាន​យាង​ទៅ​ស៊ីគែម ដ្បិត​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មូល​គ្នា​មក​ត្រង់​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច។ កាល​យេរ៉ូ‌បោម ជា​កូន​នេបាត បាន​ឮ​ដំណឹង​នេះ​ភ្លាម (ដ្បិត​លោក​កំពុង​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ ជា​កន្លែង​ដែល​លោក​បាន​រត់​គេច​ពី​ព្រះ​បាទ​សាឡូម៉ូន) នោះ​យេរ៉ូបោមក៏​វិល​ត្រឡប់ពី ស្រុក​អេស៊ីព្ទ។ ហើយ​មាន​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​មក នោះ​យេរ៉ូ‌បោម និង​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មក​គាល់​រេហូ‌បោម ទូល​ថា៖ «បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់»។ ដូច្នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សូម​ត្រឡប់​មក​វិញ» ប្រជាជន​ក៏​បង្គំ​លា​ទៅ។ ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បិតា​របស់​ទ្រង់ ពី​ពេល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា៖ «តាម​គំនិត​របស់​លោក​រាល់​គ្នា តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​ប្រជា‌រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច?» លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា៖ «នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជាជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា​ដរាប​ទៅ»។ ប៉ុន្តែ ទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​មនុស្ស​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​ទ្រង់​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​យោបល់​យ៉ាង​ណា ដែល​យើង​ឆ្លើយ​នឹង​ប្រជា‌រាស្ត្រ ដែល​គេ​បាន​សូម​យើង​ថា "សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង"?» រួច​ពួក​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ឆ្លើយ​ថា៖ «ប្រជា‌រាស្ត្រ​នេះ ដែល​មក​ទូល​សូម​ទ្រង់​ថា "បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង" ទ្រង់​ត្រូវ​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​ថា "កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​បិតា​យើង​ទៅ​ទៀត។ ឯ​បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​អ្នក​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត បិតា​យើង​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ"»។ លុះ​ដល់​ថ្ងៃ​ទី​បី យេរ៉ូ‌បោម និង​ប្រជាជន ក៏​ចូល​មក​គាល់​រេហូ‌បោម ដូច​ជា​ស្តេច​បាន​បង្គាប់​ថា "នៅ​ថ្ងៃ​ទី​បី ត្រូវ​វិល​មក​ជួប​យើង​វិញ" ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា៖ «បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ណាស់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ជាង​ទៅ​ទៀត បិតា​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី»។ ស្ដេច​មិន​ព្រម​ស្តាប់​តាម​ប្រជាជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ី‌យ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា៖ «តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ? យើង​ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ»។ ដូច្នេះ ពួក​អ៊ីស្រា‌អែល​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ ព្រះបាទ​រេហូ‌បោម​គ្រប់​គ្រង​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ទី​ក្រុង​នានា​ក្នុង​ស្រុក​ពួក​យូដា។ រួច​មក​ស្តេច​រេហូ‌បោម​ចាត់​អ័ដូ‌រ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​យក​ដុំ​ថ្ម​គប់​លោក​ឲ្យ​ស្លាប់​ទៅ ដូច្នេះ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់ ឡើង​ព្រះ‌រាជ‌រថ​រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។ គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ្យ​វង្ស​របស់​ដាវីឌ​រហូត​ដល់​សព្វ​ថ្ងៃ។