១ ពង្សាវ‌តារ‌ក្សត្រ 1

1
តស៊ូ​ដើម្បី​ឡើង​គ្រង​រាជ្យ
1គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​ជន្មាយុ​ចាស់​ជរា​ហើយ គេ​ដណ្តប់​សំពត់​ថ្វាយ​ទ្រង់​ជា​ច្រើន តែ​ទ្រង់​មិន​កក់​ក្តៅ​សោះ។ 2ហេតុ​នោះ​បាន​ជា​ពួក​មហា‌តលិក​ទូល​ថា៖ «សូម​ឲ្យ​គេ​ទៅ​រក​ស្រី​ក្រមុំ​ម្នាក់ មក​ថ្វាយ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ ឲ្យ​នាង​នៅ​បម្រើ​ទ្រង់ និង​ថែ‌ទាំ​ទ្រង់ ហើយ​ឲ្យ​នាង​បាន​ដេក​ឱប​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​បាន​កក់​ក្តៅ»។ 3ដូច្នេះ គេ​ក៏​ចេញ​ទៅ ស្វែង​រក​ស្រី​ក្រមុំ​ស្រស់​ស្អាត​ម្នាក់ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល បាន​ប្រទះ​ឃើញ​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ហើយ​នាំ​នាង​មក​ថ្វាយ​ស្តេច។ 4នាង​នោះ​មាន​រូប​ឆោម​ស្រស់​ល្អ​ណាស់ នាង​ក៏​នៅ​ថែ‌ទាំ​បម្រើ​ស្តេច តែ​ស្ដេច​មិន​បាន​រួម​រស់​នឹង​នាង​ទេ។
5នៅ​ពេល​នោះ អ័ដូ‌នីយ៉ា ជា​បុត្រ​របស់​នាង​ហាគីត​ក៏​លើក​ខ្លួន​ឡើង ដោយ​ពោល​ថា៖ «យើង​នឹង​ធ្វើ​ជា​ស្តេច» ទ្រង់​បាន​ត្រៀម​រទេះ​ចម្បាំង និង​ពួក​ពល​សេះ ព្រម​ទាំង​មនុស្ស​ហាសិប​នាក់ ឲ្យ​រត់​នាំ​មុខ​ទ្រង់។ 6បិតា​របស់​ទ្រង់​មិន​ដែល​ធ្វើ​ឲ្យ​ទាស់​ចិត្ត ដោយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ម្ដង​ណា​ឡើយ ហើយ​ទ្រង់​ក៏​ជា​មនុស្ស​មាន​រូប​រាង​ល្អ​ណាស់ ទ្រង់​បាន​ប្រសូត​មក​បន្ទាប់​ពី​អាប់សា‌ឡុម។ 7អ័ដូ‌នីយ៉ា​បាន​ពិគ្រោះ​ជា‌មួយ​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​អ័បៀ‌ថើរ​ជា​សង្ឃ ហើយ​គេ​ទាំង​ពីរ​នាក់​ក៏​បាន​គាំទ្រ​អ័ដូ‌នីយ៉ា។ 8ប៉ុន្តែ សាដុក​ជា​សង្ឃ បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ហោរា​ណាថាន់ ស៊ីម៉ាយ រេអ៊ី និង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ។
9អ័ដូ‌នីយ៉ា​បាន​សម្លាប់​ចៀម គោ និង​សត្វ​យ៉ាង​ធាត់​នៅ​ត្រង់​ថ្ម​សូហេ‌លែត ដែល​នៅ​ជិត​អេន‌រ៉ូ‌កេល ទ្រង់​អញ្ជើញ​ពួក​បង‌ប្អូន​ទាំង​អស់ ជា​បុត្រា​ស្តេច និង​ពួក​ជន​ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​ថែ​រក្សា​ហ្លួង​ដែរ 10តែ​ទ្រង់​មិន​បាន​អញ្ជើញ​ហោរា​ណាថាន់ បេ‌ណា‌យ៉ា និង​ពួក​មនុស្ស​ខ្លាំង​ពូកែ ឬ​សាឡូម៉ូន ជា​អនុជ​របស់​ទ្រង់​មក​ទេ។
11ពេល​នោះ ណាថាន់​ក្រាប​ទូល​ដល់​បាត‌សេ‌បា ជា​មាតា​សាឡូម៉ូន ថា៖ «តើ​ព្រះ‌នាង​មិន​បាន​ជ្រាប​ថា អ័ដូ‌នីយ៉ា​បុត្រ​របស់​ហាគីត បាន​ឡើង​សោយ‌រាជ្យ ឥត​ជ្រាប​ដល់​ដាវីឌ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ​ឬ? 12ដូច្នេះ សូម​ព្រះ‌នាង​អញ្ជើញ​មក ទូល‌បង្គំ​សូម​ជួយ​គំនិត​ខ្លះ ដើម្បី​ឲ្យ​ព្រះនាង​បាន​រួច​ជីវិត និង​ជីវិត​របស់​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះនាង​ដែរ។ 13សូម​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ​ទូល​ថា "បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ តើ​ទ្រង់​មិន​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់​ថា "ត្រូវ​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​នាង សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង" ទេ​ឬ? ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ័ដូ‌នីយ៉ា​ឡើង​សោយ‌រាជ្យ​ទៅ​វិញ"។ 14បន្ទាប់​មក នៅ​ពេល​ដែល​ព្រះ‌នាង​កំពុង​តែ​ទូល​នឹង​ស្តេច​នៅ​ឡើយ នោះ​ទូល‌បង្គំ​នឹង​ចូល​ទៅ​តាម​ក្រោយ ហើយ​ជួយ​បញ្ជាក់​ពាក្យ​របស់​ព្រះ‌នាង​ដែរ»។
15បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​បន្ទប់​ក្រឡា​ព្រះ‌បន្ទំ រីឯ​ស្តេច ទ្រង់​ជរា​ណាស់​ហើយ ក៏​មាន​នាង​អ័ប៊ី‌សាក ពី​ស៊ូណែម កំពុង​តែ​បម្រើ​ទ្រង់។ 16បាត‌សេ‌បា​បាន​ឱន​គោរព​នៅ​ចំពោះ​ស្តេច រួច​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មក​មាន​ការ​អ្វី?» 17ព្រះ‌នាង​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​អើយ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ទ្រង់​ថា "ត្រូវ​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​នាង សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង"។ 18តែ​ឥឡូវ​នេះ អ័ដូ‌នីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​ហើយ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ឥត​បាន​ជ្រាប​ទេ​ឬ? 19ទ្រង់​បាន​សម្លាប់​គោ ចៀម និង​សត្វ​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​អស់​របស់​ព្រះ‌ករុណា ព្រម​ទាំង​អ័បៀ‌ថើរ​ជា​សង្ឃ និង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ តែ​ឯ​សាឡូម៉ូន​ជា​អ្នក​បម្រើ​របស់​ទ្រង់​នោះ គេ​មិន​បាន​ហៅ​ទៅ​ទេ។ 20ដូច្នេះ ឱ​ព្រះ‌ករុណា​ជា​អម្ចាស់​អើយ ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​គន់​មើល​មក​ទ្រង់ ចាំ​តែ​ទ្រង់​ប្រាប់​ឲ្យ​គេ​ដឹង​ថា តើ​អ្នក​ណា​ដែល​ត្រូវ​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់​ត​ពី​ទ្រង់​ទៅ។ 21បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អង្គម្ចាស់​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌ករុណា​ទៅ នោះ​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​គេ​រាប់​ថា​ជា​អ្នក​មាន​ទោស​មិន​ខាន»។
22កាល​ព្រះ‌នាង​កំពុង​តែ​ទូល​ស្តេច​នៅ​ឡើយ នោះ​ហោរា​ណាថាន់​ក៏​ចូល​មក​ដល់។ 23មាន​គេ​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌រាជា ហោរា​ណាថាន់​មក​ដល់​ហើយ» ពេល​លោក​ចូល​មក​គាល់​ស្តេច លោក​បាន​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ស្ដេច 24ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អង្គម្ចាស់​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា "អ័ដូ‌នីយ៉ា​នឹង​ត្រូវ​សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង" មែន​ឬ? 25ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សម្លាប់​គោ ចៀម និង​សត្វ​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ពួក​មេ‌ទ័ព និង​សង្ឃ​អ័បៀ‌ថើរ ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ គេ​កំពុង​តែ​ជប់​លៀង​នៅ​ចំពោះ​មុខ​លោក ទាំង​ពោល​ថា "សូម​ឲ្យ​ព្រះបាទ​អ័ដូ‌នីយ៉ា​មាន​ព្រះជន្ម​យឺន​យូរ!"។ 26តែ​លោក​មិន​បាន​អញ្ជើញ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ទ្រង់ សង្ឃ​សាដុក បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា និង​សាឡូម៉ូន ជា​អ្នក​បម្រើ​របស់​ទ្រង់ ទៅ​ចូល​រួម​ទេ។ 27តើ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​បាន​បង្គាប់​ការ​នេះ ដោយ​ឥត​ប្រាប់​ឲ្យ​ទូល‌បង្គំ​ដឹង​ថា អ្នក​ណា​ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ?»។
ព្រះបាទ​ដាវីឌ​តែង‌តាំង​សាឡូម៉ូន​ឲ្យ​ឡើង​គ្រង​រាជ្យ
28ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ចូរ​ហៅ​បាត‌សេ‌បា​មក​នេះ» ព្រះ‌នាង​ក៏​ចូល​មក​គាល់​ស្តេច។ 29រួច​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​គ្រប់​យ៉ាង 30ដូច​ដែល​យើង​បាន​ស្បថ​នឹង​នាង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា "ត្រូវ​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​នាង សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង" ដូច្នេះ យើង​នឹង​សម្រេច​នៅ​ថ្ងៃ​នេះ»។ 31ពេល​នោះ បាត‌សេ‌បា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​មាន​ព្រះជន្ម​យឺន​យូរ​ជា‌និច្ច​ត​ទៅ»។
32ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ហៅ​សង្ឃ​សាដុក ហោរា​ណាថាន់ និង​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា​មក​នេះ» លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ស្តេច 33ស្ដេច​មាន​រាជ‌ឱង្ការ​បង្គាប់​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នាំ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​របស់​យើង ឲ្យ​ជិះ​លើ​លា​កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ 34ហើយ​ត្រូវ​ឲ្យ​សង្ឃ​សាដុក និង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា "សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!"។ 35ក្រោយ​មក អ្នក​រាល់​គ្នា​ត្រូវ​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​តម្រូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា»។ 36បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ក៏​ទូល​ឆ្លើយ​ថា៖ «អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ បាន​ព្រម​ដូច្នេះ​ដែរ 37សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​ជា‌មួយ​សាឡូម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា‌មួយ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ទៅ​ទៀត​ផង»។
38ដូច្នេះ សង្ឃ​សាដុក ណាថាន់ ជា​ហោរា​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ហើយ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូម៉ូន​នៅ​លើ​លា‌កាត់​របស់​ព្រះបាទ​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន 39ឯ​សង្ឃ​សាដុក លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូម៉ូន រួច​គេ​ផ្លុំ​ត្រែ ហើយ​ប្រជាជន​បន្លឺ​ឡើង​ថា៖ «សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!»។ 40ប្រជាជន​ទាំង​អស់​បាន​ដង្ហែ​ស្ដេច​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្ដី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង សំឡេង​សូរ​សព្ទ​អឺង‌កង​របស់​គេ បាន​លាន់​ឮ​ខ្ទរ​ផែនដី។
41ឯ​អ័ដូ‌នីយ៉ា និង​ពួក​ភ្ញៀវ​ដែល​នៅ​ជា‌មួយ បាន​ជប់លៀង​រួច​ហើយ គេ​ក៏​បាន​ឮ​ដែរ។ ពេល​យ៉ូអាប់​បាន​ឮ​សូរ​ផ្លុំ​ត្រែ នោះ​លោក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សូរ​អឺង‌កង​នៅ​ក្នុង​ទី​ក្រុង​ដូច្នេះ?»។ 42ខណៈ​ដែល​លោក​កំពុង​និយាយ​នៅ​ឡើយ នោះ​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ដែល​ជា​សង្ឃ ក៏​ចូល​មក​ដល់ អ័ដូ‌នីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «ចូរ​ចូល​មក​ចុះ ដ្បិត​លោក​ជា​មនុស្ស​ក្លាហាន ហើយ​លោក​ច្បាស់​ជា​នាំ​ដំណឹង​ល្អ​មក​មិន​ខាន»។ 43យ៉ូណា‌ថាន​ទូល​តប​ទៅ​អ័ដូ‌នីយ៉ាថា៖ «ព្រះបាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សាឡូម៉ូន​ឲ្យ​ឡើង​សោយ‌រាជ្យ​ធ្វើ​ជា​ស្ដេច​ហើយ 44ទ្រង់​បាន​ចាត់​សង្ឃ​សាដុក ហោរា​ណាថាន់ បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ដែរ ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច 45ហើយ​សង្ឃ​សាដុក និង​ហោរា​ណាថាន់ បាន​ចាក់​ប្រេង​តាំង​លោក​ជា​ស្តេច​នៅ​ត្រង់​គីហុន រួច​គេ​ឡើង​ពី​នោះ​មក ដោយ​រីក‌រាយ​សាទរ ដល់​ម៉្លេះ​បាន​ជា​ឮ​សូរ​អឺង‌កង​នៅ​ទី​ក្រុង គឺ​សូរ​នោះ​ហើយ ដែល​អស់​លោក​អ្នក​បាន​ឮ។ 46ឯ​សាឡូម៉ូន​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​ហើយ។ 47មួយ​ទៀត ពួក​លោក​ជា​ជំនិត​ស្តេច បាន​មក​ចម្រើន​ពរ​ដល់​ព្រះបាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា "សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​តម្កើង​ព្រះ‌នាម​សាឡូម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាម​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត"។ ឯ​ព្រះរាជា​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ 48ហើយ​មាន​រាជ‌ឱង្ការ​ថា "សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ប្រកប​ដោយ​ព្រះពរ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​មាន​ម្នាក់ អង្គុយ​លើ​បល្ល័ង្ក​របស់​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ ឲ្យ​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ"»។
49បន្ទាប់​មក ពួក​ភ្ញៀវ​របស់​អ័ដូ‌នីយ៉ា​មាន​សេចក្ដី​តក់‌ស្លុត​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង​ចេញ​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន។ 50អ័ដូ‌នីយ៉ា​ក៏​ភ័យ​ខ្លាច ដោយ​ព្រោះ​សាឡូម៉ូន​ដែរ ទ្រង់​ក្រោក​ឡើង​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា 51មាន​គេ​ទៅ​ទូល​សាឡូម៉ូន​ថា៖ «អ័ដូ‌នីយ៉ា​ខ្លាច​ទ្រង់ ក៏​បាន​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា ដោយ​ពោល​ថា "សូម​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​នឹង​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​មិន​សម្លាប់​ទូល‌បង្គំ​ដោយ​ដាវ​ឡើយ"»។ 52ព្រះបាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន‌បើ​គេ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​គួរ​គោរព នោះ​សូម្បី​សក់​ក្បាល​មួយ​សរសៃ​របស់​គេ ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​ប្រសិន‌បើ​ប្រទះ​ឃើញ​មាន​អំពើ​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់»។ 53ពេល​នោះ ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​ចុះ​ពី​អាស‌នា​មក នោះ​អ័ដូ‌នីយ៉ា​ក៏​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌បាទ​សាឡូម៉ូន រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ផ្ទះ​វិញ​ចុះ»។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវ‌តារ‌ក្សត្រ 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល