ដ្បិតដំណឹងអំពីឈើឆ្កាង ជាសេចក្តីល្ងីល្ងើដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តារបស់ព្រះដល់យើងដែលកំពុងតែបានសង្គ្រោះ។ ព្រោះមានសេចក្តីចែងទុកមកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយលើកចំណេះរបស់ពួកអ្នកចេះចោលចេញ»។ តើអ្នកប្រាជ្ញនៅឯណា? តើអាចារ្យនៅឯណា? តើអ្នកដេញដោលនៃសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាល្ងីល្ងើទេឬ? ដ្បិតដោយមនុស្សលោកមិនបានស្គាល់ព្រះតាមប្រាជ្ញារបស់ខ្លួន ទើបតាមប្រាជ្ញារបស់ព្រះ ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះអស់អ្នកដែលជឿ ដោយសារសេចក្តីល្ងីល្ងើដែលយើងប្រកាសនោះវិញ។ ព្រោះសាសន៍យូដាចង់ឃើញទីសម្គាល់ ហើយសាសន៍ក្រិកស្វែងរកប្រាជ្ញា តែយើងប្រកាសអំពីព្រះគ្រីស្ទដែលត្រូវឆ្កាង ជាហេតុនាំឲ្យជំពប់ចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងីល្ងើដល់សាសន៍ក្រិក ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះអង្គត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក ព្រះគ្រីស្ទជាព្រះចេស្តារបស់ព្រះ និងជាប្រាជ្ញារបស់ព្រះ។ ដ្បិតសេចក្តីល្ងីល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងប្រាជ្ញារបស់មនុស្ស ហើយភាពទន់ខ្សោយរបស់ព្រះ ក៏មានកម្លាំងលើសជាងកម្លាំងរបស់មនុស្សដែរ។ បងប្អូនអើយ សូមពិចារណាមើលចុះ ក្នុងចំណោមអ្នករាល់គ្នាដែលព្រះបានត្រាស់ហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងសាច់ឈាម មិនសូវមានអ្នកមានអំណាចច្រើន និងអ្នកមានត្រកូលខ្ពស់ច្រើនទេ។ ផ្ទុយទៅវិញ ព្រះបានជ្រើសរើសអ្វីដែលល្ងីល្ងើក្នុងលោកនេះ ដើម្បីធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស ព្រះបានជ្រើសរើសអ្វីដែលខ្សោយក្នុងលោកនេះ ដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស ព្រះបានជ្រើសរើសអ្វីដែលទាបថោក និងអ្វីដែលគេមើលងាយនៅលោកីយ៍នេះ អ្វីៗដែលគ្មាន ដើម្បីធ្វើឲ្យអ្វីៗដែលមានទៅជាអសារឥតការ ដើម្បីកុំឲ្យមនុស្សណាអួតខ្លួននៅចំពោះព្រះបានឡើយ។ ព្រះអង្គជាប្រភពនៃជីវិតរបស់យើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានត្រឡប់ជាប្រាជ្ញាមកពីព្រះ ជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើង ដើម្បីឲ្យត្រូវដូចសេចក្តីដែលចែងទុកមកថា៖ «អ្នកណាដែលអួត ត្រូវអួតពីព្រះអម្ចាស់» ។
អាន ១ កូរិនថូស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 1:18-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ