១ របា‌ក្សត្រ 29

29
តង្វាយ​សម្រាប់​ការ​សាង​សង់​ព្រះ‌វិហារ
1ពេល​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «សាឡូម៉ូន ជា​បុត្រ​របស់​យើង​នេះ គឺ​ជា​បុត្រ​មួយ​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះ‌វិហារ នេះ​មិន​មែន​សម្រាប់​មនុស្ស គឺ​សម្រាប់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​វិញ 2យើង​បាន​ត្រៀម​ការ​អស់​ពី​ចិត្ត សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង គឺ​ជា​មាស​សម្រាប់​ប្រដាប់​ធ្វើ​ពី​មាស ប្រាក់​សម្រាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ លង្ហិន​សម្រាប់​ប្រដាប់​ធ្វើ​ពី​លង្ហិន ដែក​សម្រាប់​ប្រដាប់​ធ្វើ​ពី​ដែក ឈើ​សម្រាប់​ប្រដាប់​ធ្វើ​ពី​ឈើ ថ្ម​អូនីក្ស និង​ត្បូង​សម្រាប់​បញ្ចុះ ដែល​មាន​ពណ៌​ផ្សេងៗ និង​ត្បូង​មាន​តម្លៃ​គ្រប់​មុខ ព្រម​ទាំង​ថ្ម​កែវ​ជា​បរិបូរ 3មួយ​ទៀត ដោយ​ព្រោះ​យើង​មាន​ចិត្ត​ស្រឡាញ់ ដល់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង បាន​ជា​យើង​ប្រគល់​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ខ្លួន​យើង សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ក្រៅ​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ត្រៀម​ទុក សម្រាប់​ទី​បរិសុទ្ធ​នេះ 4គឺ​មាស​បី​ពាន់​ហាប ជា​មាស​ស្រុក​អូភារ ប្រាក់​ដែល​សម្រង់​ស្រាប់​ប្រាំពីរ​ពាន់​ហាប សម្រាប់​នឹង​ស្រោប​ជញ្ជាំង​មន្ទីរ​ទាំង​ប៉ុន្មាន 5ហើយ​មាស​សម្រាប់​ប្រដាប់​ធ្វើ​ពី​មាស និង​ប្រាក់​សម្រាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ ហើយ​សម្រាប់​គ្រប់​ទាំង​ការ​ដែល​ពួក​ជាង​មាន​ស្នាដៃ​នឹង​ធ្វើ ដូច្នេះ នៅ​ថ្ងៃ​នេះ តើ​មាន​អ្នក​ណា​ចូល​ចិត្ត ចង់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដែរ​ឬ​ទេ?»។
6គ្រា​នោះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន និង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត 7គេ​ថ្វាយ​សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​មាស​ប្រាំ​ពាន់​ហាប និង​មួយ​ម៉ឺន​ដារីក ប្រាក់​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ប្រាំបី​ពាន់​ហាប និង​ដែក​មួយ​សែន​ហាប 8ហើយ​អ្នក​ណា​ដែល​មាន​ត្បូង នោះ​ក៏​ថ្វាយ​ទៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក្រោម​អំណាច​យេហ៊ី‌អែល ជា​ពួក​គើសុន 9នោះ​បណ្ដា‌ជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចិត្ត​ស្មោះ ហើយ​ព្រះបាទ​ដាវីឌ​ក៏​រីក‌រាយ​សប្បាយ ដោយ​អំណរ​ជា​ខ្លាំង​ដែរ។
ព្រះបាទ​ដាវីឌសរសើរ​តម្កើង​ព្រះ
10ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បុព្វបុរស​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ព្រះ‌ពរ​នៅ​អស់​កល្ប​ជា‌និច្ច។ 11ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ធំឧត្ដម និង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជម្នះ និង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ និង​នៅ​ផែនដី ជា​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ ហើយ​ព្រះ‌អង្គ​បាន​តម្កើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់។ 12ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​ពី​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌អង្គ​មាន​អំណាច​នឹង​លើក​ជា​ធំ ប្រោស​ឲ្យ​មាន​កម្លាំង​ដល់​មនុស្ស​ទាំង​អស់។ 13ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ​ដ៏​មាន​សិរី‌ល្អ។
14តើ​ទូល‌បង្គំ​ជា​អ្វី? ហើយ​ប្រជា‌រាស្ត្រ​របស់​ទូល‌បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​ថ្វាយ​តង្វាយ​យ៉ាង​នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន? ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ព្រះ‌អង្គ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ថ្វាយ​ដល់​ទ្រង់​វិញ។ 15ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​បុព្វ‌បុរស​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ។ 16ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ អស់​ទាំង​របស់​បរិបូរ​ទាំង​នេះ ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រៀម​ទុក ដើម្បី​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ព្រះ‌អង្គ សម្រាប់​ព្រះ‌នាម​បរិសុទ្ធ​ព្រះ‌អង្គ នោះ​សុទ្ធ​តែ​មក​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទេ ហើយ​ជា​របស់​ព្រះ‌អង្គ​ទាំង​អស់​ដែរ។ 17ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ព្រះ‌អង្គ​ដែល​ល្បង​ល​ចិត្ត ហើយ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូល‌បង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ ដែល​ទូល‌បង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​អំណរ ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ប្រជុំ​នៅ​ទី​នេះ គេ​ថ្វាយ​ដល់​ព្រះ‌អង្គ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ។ 18ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ជា​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​រក្សា​ទុក​គំនិត​នេះ នៅ​ក្នុង​ចិត្ត​របស់​ពួក​ប្រជា‌រាស្ត្រ​ទ្រង់ ឲ្យ​គេ​បាន​គិត​ឃើញ​ជា​រៀង‌រាប​ដរាប​ទៅ ហើយ​សូម​ព្រះ‌អង្គ​តាំង​ចិត្ត​គេ ឲ្យ​នៅ​ជាប់​នឹង​ព្រះ‌អង្គ 19ហើយ​សូម​ប្រទាន​ឲ្យ​សាឡូម៉ូន​ជា​បុត្រ​ទូល‌បង្គំ មាន​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​សេចក្ដី​បន្ទាល់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ ហើយ​ស្អាង​ព្រះ‌វិហារ នេះ​ដែល​ទូល‌បង្គំ​បាន​ត្រៀម​ទុក​ឲ្យ»។
20បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ»។ ក្រុម​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា និង​ស្តេច​ផង។ 21នៅ​ថ្ងៃ​បន្ទាប់ គេ​ក៏​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​មួយ​ពាន់ ចៀម​ឈ្មោល​មួយ​ពាន់ កូន​ចៀម​មួយ​ពាន់ និង​តង្វាយ​ច្រូច​នៃ​តង្វាយ​ទាំង​នោះ ហើយ​យញ្ញ‌បូជា​ឯ​ទៀត​ជា​បរិបូរ​សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។ 22គេ​ក៏​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ។
ការ​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង​ធ្វើ​ជា​ស្ដេច
គេ​ក៏​តាំង​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌជា​លើក​ទី​ពីរ គឺ​គេ​ក៏​ចាក់​ប្រេង​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជាអ្នក​គ្រប់​គ្រង ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​សាដុក ឲ្យ​ធ្វើ​ជា​សង្ឃ។ 23នោះ​ព្រះបាទ​សាឡូម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ជា​ស្តេច​ជំនួស​ដាវីឌ បិតា​ទ្រង់ ក៏​ថ្កុំ‌ថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់។ 24ចំណែក​ពួក​អ្នក​ដែល​ជា​កំពូល​ទាំង​អស់ និង​ពួក​ខ្លាំង​ពូកែ ព្រម​ទាំង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ ក៏​ចុះ​ចូល​នឹង​ព្រះបាទ​សាឡូម៉ូន​ទាំង​អស់​ដែរ។ 25ព្រះ‌យេហូវ៉ា​ក៏​តម្កើង​ព្រះបាទ​សាឡូម៉ូន​ឡើង​យ៉ាង​ក្រៃ‌លែង នៅ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​ផង ដល់​ម៉្លេះ​បាន​ជា​កាល​មុន​ជំនាន់​ទ្រង់ មិន​ដែល​មាន​ស្តេច​ណា​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​មាន​យ៉ាង​នោះ​ឡើយ។
សេចក្ដី​សង្ខេប​អំពី​រជ្ជកាល​របស់​ព្រះបាទ​ដាវីឌ
26ព្រះបាទ​ដាវីឌ ជា​បុត្រ​អ៊ីសាយ បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល។ 27ពេល​វេលា​ដែល​ស្ដេច​សោយ‌រាជ្យ​លើ​គេ រួម​ទាំង​អស់​បាន​សែសិប​ឆ្នាំ គឺ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​ប្រាំពីរ​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិប​បី​ឆ្នាំ 28រួច​ទ្រង់​ក៏​សុគត ដោយ​មាន​ព្រះ‌ជន្ម​វែង​ល្អ ហើយ​បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម ទ្រព្យ‌សម្បត្តិ និង​កិត្តិ‌យស​ផង នោះ​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ 29រីឯ​កិច្ច‌ការ​របស់​ព្រះបាទ​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម​រហូត​ដល់​ចុង នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​ហោរា​សាំយូ‌អែល ក្នុង​សៀវភៅ​ហោរា​ណាថាន់ និង​ក្នុង​សៀវភៅហោរា​កាដ​ហើយ 30ព្រម​ទាំង​រឿង​ពី​រាជ្យ ឥទ្ធា‌នុភាព​របស់​ទ្រង់ ពី​ជំនាន់​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល ហើយ​អស់​ទាំង​រាជ្យ​របស់​នគរ​ផ្សេងៗ​ផង។:៚

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 29: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល