១ របា‌ក្សត្រ 21:1-17

១ របា‌ក្សត្រ 21:1-17 គកស១៦

សាតាំង​ក៏​ឈរ​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល បណ្ដាល​ឲ្យ​ព្រះបាទ​ដាវីឌ​រាប់​ចំនួន​ប្រជា​រាស្ត្រ​ទាំង‌ឡាយ។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូអាប់ និង​ពួក​ជា​ប្រធាន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រា‌អែល ចាប់​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់ រួច​មក​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ចំនួន​ផង»។ យ៉ូអាប់​តប​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចម្រើនប្រជា​រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​មួយ​រយ​ដង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទេ​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ បណ្ដាល​ឲ្យ​អ៊ីស្រា‌អែល​មាន​ទោស?» ប៉ុន្តែ បង្គាប់​របស់​ស្តេច​បាន​ទាស់​នឹង​លោក​យ៉ូអាប់ លោក​ក៏​លា​ចេញ​ទៅ ដើរ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល រួច​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម​វិញ។ យ៉ូអាប់​ក៏​បង្ហាញ​ចំនួន​ប្រជា​ជន​ដែល​បាន​រាប់​ថ្វាយព្រះបាទ​ដាវីឌ គឺ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ចេះ​កាន់​ដាវ មាន​មួយ​លាន​មួយ​សែន​នាក់ ហើយ​ពួក​យូដា​ដែល​ចេះ​កាន់​ដាវ មាន​បួន​សែន​ប្រាំពីរ​ម៉ឺន​នាក់។ តែ​គាត់​មិន​រាប់​ពួក​លេវី និង​ពួក​បេនយ៉ាមីន ដ្បិត​បញ្ជា​របស់​ស្តេច​ទាស់​ចិត្តលោក​យ៉ូអាប់។ ព្រះ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ការ​នោះ​ដែរ ហេតុ​ដូច្នោះ ទ្រង់​ក៏​ប្រហារ​សាសន៍​អ៊ីស្រា‌អែល។ ឯ​ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​បាប​ធ្ងន់​ណាស់ ដោយ​ធ្វើ​ការ​នេះ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​ការ​អាក្រក់​របស់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ចម្កួត»។ ខណៈ​នោះ ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​កាដ ជា​អ្នក​មើល​ឆុត​របស់​ព្រះបាទ​ដាវីឌ ឲ្យ​ចូល​ទៅ​ប្រាប់ព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​ដាក់​សេចក្ដី​ទាំង​បី​នេះ​ឲ្យ​ឯង ចូរ​រើស​យក​មួយ​ចុះ ឲ្យ​យើង​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង"»។ កាដ​ក៏​ចូល​ទៅ​ទូលព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "ចូរ​រើស​យក​មួយ​ចុះ ទោះ​បើ​អំណត់​បី​ឆ្នាំ ឬ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បំផ្លាញ​ក្នុង​រវាង​បី​ខែ កំពុង​ដែល​ដាវ​របស់​ពួក​ខ្មាំង​តាម​ឯង​ទាន់ ឬ​ជា​ដាវ​នៃ​ព្រះ‌យេហូវ៉ា នៅ​រវាង​បី​ថ្ងៃ​វិញ គឺ​ជា​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក និង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បំផ្លាញ​ទួទៅ​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រា‌អែល"។ ឥឡូវ​នេះ ចូរ​ពិចារ‌ណា​ឥឡូវ តើ​ចង់​ឲ្យ​ទូល‌បង្គំ​ឆ្លើយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ទូល‌បង្គំ​មក​ជា​យ៉ាង​ណា»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាដ​ថា៖ «យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​ធំ​ណាស់ កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មនុស្ស​ឡើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ដួល​ស្លាប់​អស់​ប្រាំពីរ​ម៉ឺន​នាក់។ ព្រះ​ក៏​ចាត់​ទេវតា​មួយ​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ នោះ​ព្រះ‌យេហូវ៉ា​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណៈ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស។ ព្រះបាទ​ដាវីឌ​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​ឈរ​នៅ​កណ្ដាល​មេឃ និង​ផែនដី មាន​ដាវ​ហូត​ជា​ស្រេច​នៅ​ដៃ លូក​ទៅ​លើក្រុង​យេរូ‌សាឡិម នោះ​ដាវីឌ និង​ពួក​ចាស់​ទុំ​ដែល​ស្លៀក​សំពត់​ធ្មៃ​ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ ហើយ​ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ​ថា៖ «គឺ​ទូល‌បង្គំ​ទេ​តើ ដែល​បង្គាប់​ឲ្យ​រាប់​ចំនួន​ជន​ទាំង‌ឡាយ គឺ​ទូល‌បង្គំ​ដែល​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​ល្មើស តែ​ពួក​ចៀម​ទាំង​នេះ​វិញ តើ​គេ​បាន​ធ្វើ​ខុស​អ្វី? ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ទាស់​នឹង​ទូល‌បង្គំ និង​ពួក​វង្ស​របស់​ទូល‌បង្គំ​ចុះ សូម​កុំ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​គេ​ត្រូវ​វេទនា​ឡើយ»។