ម៉ាកុស 8

8
ណាពី​អ៊ីសា​ចែក​នំបុ័ង​ឲ្យ​មនុស្ស​បួន​ពាន់​នាក់​បរិភោគ
1នៅ​ពេល​នោះ បណ្ដា‌ជន​យ៉ាង​ច្រើន​កុះ‌ករ​មក​ប្រជុំ​គ្នា​សា​ជា​ថ្មី​ម្ដង​ទៀត។ ដោយ​គេ​គ្មាន​អ្វី​បរិភោគ អ៊ីសា​ហៅ​ពួក​សិស្ស​មក​មាន​ប្រសាសន៍​ថា៖ 2«ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់‌ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។ 3ប្រសិន​បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ពោះ​ទទេ គេ​មុខ​ជា​អស់​កម្លាំង​ដួល​តាម​ផ្លូវ​មិន​ខាន ព្រោះ​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ឆ្ងាយ»។ 4ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ តើ​រក​ម្ហូប​អាហារ​ឯ​ណា​ឲ្យ​គេ​បរិភោគ​ឆ្អែត​គ្រប់​គ្នា​បាន?»។ 5អ៊ីសា​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ឆ្លើយ​ថា៖ «មាន​ប្រាំ​ពីរ​ដុំ»។ 6អ៊ីសា​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី អ៊ីសា​យក​នំបុ័ង​ទាំង​ប្រាំ‌ពីរ​ដុំ​មក​កាន់ អរ​គុណ​អុលឡោះ ហើយ​កាច់​ឲ្យ​ពួក​សិស្ស​ចែក​បណ្ដា‌ជន។ 7គេ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ។ អ៊ីសា​អរ​គុណ​អុលឡោះ រួច​ប្រាប់​ពួក​សិស្ស​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ដល់​គេ។ 8គេ​បាន​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា ហើយ​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ​ពីរ​ជាល។ 9នៅ​ពេល​នោះ មាន​មនុស្ស​ទាំង​អស់​ប្រមាណ​ជា​បួន​ពាន់​នាក់។ បន្ទាប់​មក អ៊ីសា​ប្រាប់​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ 10ភ្លាម​នោះ អ៊ីសា​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស​ឆ្ពោះ​ទៅ​តំបន់​ដាល់ម៉ា‌នូថា។
ពួក​ខាង​គណៈ​ផារី‌ស៊ី ចង់​ឃើញ​ការ‌អស្ចារ្យ
11ពួក​ខាង​គណៈ​ផារី‌ស៊ី​មក​ដល់ ហើយ​នាំ​គ្នា​ជជែក​ជា​មួយ​អ៊ីសា ដើម្បី​ល្បង‌ល​មើល​អ៊ីសា គេ​សូម​ឲ្យ​អ៊ីសា​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​អ្វី​មួយ​បញ្ជាក់​ថា អ៊ីសា​បាន​ទទួល​អំណាច​ពី​អុលឡោះ។ 12អ៊ីសា​ដក​ដង្ហើម​ធំ រួច​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​មនុស្ស​ជំនាន់​នេះ​ចង់​ឃើញ​ទី​សំគាល់​ដូច្នេះ? ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អុលឡោះ​មិន​ឲ្យ​គេ​ឃើញ​ទី​សំគាល់​ណា​ឡើយ»។ 13បន្ទាប់​មក អ៊ីសា​ចាក​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។
ពុត‌ត្បុត​របស់​ពួក​គណៈ​ផារី‌ស៊ី និង​ពុត‌ត្បុត​របស់​ស្ដេច​ហេរ៉ូដ
14ពួក​សិស្ស​ភ្លេច​យក​នំបុ័ង​ទៅ​ជា​មួយ។ ក្នុង​ទូក​គេ​មាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ។ 15អ៊ីសា​បាន​ដាស់‌តឿន​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ផារី‌ស៊ី ព្រម​ទាំង​មេ​ម្សៅ​របស់​ស្ដេច​ហេរ៉ូដ ឲ្យ​មែន​ទែន»។ 16ពួក​សិស្ស​ជជែក​គ្នា​ថា៖ «តួន​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​យើង​គ្មាន​នំបុ័ង​ទេ​ដឹង!»។ 17អ៊ីសា​ដឹង​គំនិត​ពួក​គេ ក៏​បាន​សួរ​ថា៖ «ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ពុំ​ទាន់​ស្ដាប់​បាន ពុំ​ទាន់​យល់​សេចក្ដី​ទេ​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​មាន​ចិត្ដ​រឹង‌រូស?។ 18អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក​តែ​ស្ដាប់​មិន​ឮ​ឬ!។ តើ​អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ 19កាល​ខ្ញុំ​កាច់​នំបុ័ង​ប្រាំ​ដុំ ចែក​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់ តើ​អ្នក​រាល់​គ្នា​ប្រមូល​នំបុ័ង​ដែល​សល់​បាន​ប៉ុន្មាន​ល្អី?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «ដប់‌ពីរ​ល្អី»។ 20«ចុះ​កាល​ខ្ញុំ​កាច់​នំបុ័ង​ប្រាំ​ពីរ​ដុំ ចែក​ឲ្យ​មនុស្ស​បួន​ពាន់​នាក់ តើ​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ជាល?»។ គេ​ឆ្លើយ​ថា៖ «ប្រាំ​ពីរ​ជាល»។ 21អ៊ីសា​បាន​សួរ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់​ទៀត​ឬ!»។
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឲ្យ​ភ្លឺ
22អ៊ីសា និង​ពួក​សិស្ស​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេត‌សៃ‌ដា។ នៅ​ពេល​នោះ​មាន​គេ​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​ជួប​អ៊ីសា ហើយ​ទូរអា​សូម​ឲ្យ​អ៊ីសា​ពាល់​គាត់។ 23អ៊ីសា​ក៏​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ នាំ​ចេញ​ទៅ​ខាង​ក្រៅ​ភូមិ អ៊ីសា​យក​ទឹក​មាត់​ដាក់​លើ​ភ្នែក​គាត់ ហើយ​ដាក់​ដៃ​លើ​គាត់ ទាំង​សួរ​ថា៖ «តើ​អ្នក​ឃើញ​អ្វី​ខ្លះ​ទេ?» 24បុរស​នោះ​បើក​ភ្នែក​ឡើង ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​មនុស្ស​ដើរ​ស្ទុងៗ មើល​ទៅ​ដូច​ជា​ដើម​ឈើ»។ 25អ៊ីសា​ក៏​ដាក់​ដៃ​លើ​ភ្នែក​គាត់​ម្ដង​ទៀត។ បុរស​នោះ​ឃើញ​ច្បាស់​ទាំង​អស់ ភ្នែក​គាត់​បាន​ជា។ 26អ៊ីសា​ប្រាប់​គាត់​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​ប្រសាសន៍​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ភូមិ​ឲ្យ​សោះ»។
ពេត្រុស​ប្រកាស​ថា ណាពី​អ៊ីសា​ជា​អាល់ម៉ា‌ហ្សៀស
27អ៊ីសា​ចេញ​ទៅ​តាម​ភូមិ​នានា ដែល​នៅ​ជិត​ក្រុង​សេសា‌រា-‌ភីលីព ជា​មួយ​ពួក​សិស្ស។ នៅ​តាម​ផ្លូវ​អ៊ីសា​សួរ​គេ​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​នរណា?»។ 28ពួក​សិស្ស​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​តួន​ជា​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក អ្នក​ខ្លះ​ថា​តួន​ជា​ណាពី​អេលី‌យ៉េស ហើយ​អ្នក​ខ្លះ​ទៀត​ថា​តួន​ជា​ណាពី​មួយ​នាក់»។ 29អ៊ីសា​បាន​សួរ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា​ដែរ?»។ ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «តួន​ជា​អាល់ម៉ា‌ហ្សៀស»។ 30អ៊ីសា​ហាម‌ប្រាម​សិស្ស​មិន​ឲ្យ​និយាយ​ប្រាប់​គេ​អំពី​គាត់​ឡើយ។
31បន្ទាប់​មក អ៊ីសា​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួក​សិស្ស​ថា បុត្រា​មនុស្ស​ត្រូវ​រង‌ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ ពួក​អះលី‌ជំអះ​ពួក​អ៊ីមុាំ​ពួក​តួន​នឹង​បោះ‌បង់​គាត់​ចោល ថែម​ទាំង​សម្លាប់​គាត់​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក គាត់​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។ 32អ៊ីសា​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​គេ​ដោយ​ឥត​លាក់​លៀម។ ពេត្រុស​សូម​អ៊ីសា​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​បន្ដិច ហើយ​បន្ទោស​អ៊ីសា។ 33អ៊ីសា​ងាក​មើល​ទៅ​ពួក​សិស្ស​ឯ​ទៀតៗ ហើយ​អ៊ីសា​បន្ទោស​ពេត្រុស​វិញ​ថា៖ «នែ៎! អ៊ីព្លេស‌ហ្សៃតន​ថយ​ទៅ​ក្រោយ​ខ្ញុំ​ទៅ ដ្បិត​គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​អុលឡោះ​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​សុទ្ធ‌សាធ»។
34បន្ទាប់​មក អ៊ីសា​ហៅ​បណ្ដា‌ជន និង​សិស្ស​រួច​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ។ 35ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត​ពុំ‌ខាន រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹង‌ល្អ នឹង​បាន​ជីវិត​វិញ។ 36បើ​មនុស្ស​ម្នាក់​បាន​លោកីយ៍​ទាំង​មូល មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់‌បង់​ជីវិត​នោះ​នឹង​មាន​ប្រយោជន៍​អ្វី? 37តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? 38នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​អុលឡោះ និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ បើ​អ្នក​ណា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់​ខ្ញុំ លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​បិតា និង​ម៉ាឡា‌អ៊ីកាត់​ដ៏‌វិសុទ្ធ គាត់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 8: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល