ម៉ាកុស 4
4
ប្រស្នាអំពីពូជស្រូវ
1អ៊ីសាចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកអ៊ីសា អ៊ីសាក៏ចុះទៅនៅក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។ 2អ៊ីសាប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ អ៊ីសាបង្រៀនគេថា៖ 3«ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។ 4ពេលគាត់ព្រោះ មានគ្រាប់ពូជ ខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ 5មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ 6លុះដល់ថ្ងៃក្ដៅពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ 7មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវមិនឲ្យបង្កើតផលបានឡើយ។ 8គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់បង្កើតផល ខ្លះឲ្យផលមួយជាសាមសិប ខ្លះទៀតឲ្យមួយជាហុកសិប និងខ្លះទៀតមួយជាមួយរយ»។ 9បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
10កាលអ៊ីសានៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយគាត់ និងសិស្សទាំងដប់ពីរនាក់សួរអ៊ីសាអំពីពាក្យប្រស្នាទាំងនោះ។ 11អ៊ីសាឆ្លើយថា៖ «អុលឡោះបានប្រោសប្រទានឲ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងនៃនគររបស់ទ្រង់។ រីឯអ្នកដទៃ គេឮសេចក្ដីទាំងអស់ជាពាក្យប្រស្នាវិញ។ 12ដូច្នេះ ទោះបីគេខំប្រឹងមើល ក៏ពុំឃើញ គេខំប្រឹងស្ដាប់ ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្ដគំនិត ហើយអុលឡោះនឹងអត់ទោសឲ្យគេ»។
13អ៊ីសាមានប្រសាសន៍ទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្ដេចឲ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន! 14អ្នកព្រោះស្រូវ សាបព្រោះបន្ទូលរបស់អុលឡោះ 15មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលបន្ទូលនៃអុលឡោះបានធ្លាក់ទៅលើ កាលបានស្ដាប់បន្ទូលហើយ អ៊ីព្លេសហ្សៃតនក៏មកឆក់យកបន្ទូល ដែលបានព្រោះក្នុងចិត្ដគេទៅភ្លាម។ 16មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់បន្ទូលនៃអុលឡោះហើយ គេទទួលយកភ្លាម ដោយអំណរ 17ប៉ុន្ដែ គេពុំទុកឲ្យបន្ទូលនៃអុលឡោះ ចាក់ឫស នៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្ដតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀន ព្រោះតែបន្ទូលនៃអុលឡោះ គេក៏បោះបង់ចោលជំនឿភ្លាម។ 18មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់បន្ទូលនៃអុលឡោះដែរ 19ប៉ុន្ដែ ការខ្វល់ខ្វាយអំពីជីវិតរស់នៅក្នុងលោកីយ៍ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្ដប៉ងប្រាថ្នាផ្សេងៗ រឹបរួតបន្ទូលមិនឲ្យបង្កើតផលបានឡើយ។ 20រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្ដាប់បន្ទូលនៃអុលឡោះហើយ ក៏ទទួលយកបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀត បានមួយជាមួយរយ»។
ប្រស្នាអំពីចង្កៀង
21បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅគេថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។ 22គ្រប់ការលាក់កំបាំងនឹងត្រូវបើកឲ្យគេដឹង ហើយគ្រប់អាថ៌កំបាំង ក៏នឹងត្រូវលេចមកឲ្យមនុស្សគ្រប់គ្នាឃើញច្បាស់ដែរ។ 23អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ 24អ៊ីសាមានប្រសាសន៍ទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដី ដែលអ្នករាល់គ្នាស្ដាប់នេះឲ្យមែនទែន។ អុលឡោះនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់ ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ ហើយទ្រង់នឹងបន្ថែមឲ្យអ្នករាល់គ្នា 25ព្រោះអ្នកណាមានហើយ អុលឡោះនឹងប្រទានឲ្យថែមទៀត តែអ្នកណាដែលគ្មាន អុលឡោះនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។
ប្រស្នាអំពីគ្រាប់ពូជដុះ
26អ៊ីសាមានប្រសាសន៍ទៀតថា៖ «នគររបស់អុលឡោះ ប្រៀបបីដូចជាបុរសម្នាក់ព្រោះស្រូវនៅក្នុងស្រែរបស់ខ្លួន។ 27ទោះបីគាត់ដេកក្ដី ក្រោកក្ដី យប់ក្ដី ថ្ងៃក្ដី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ 28ដ្បិតដីធ្វើឲ្យពូជបង្កើតផលដោយខ្លួនឯង ដំបូងមានពន្លកលេចឡើង បន្ទាប់មក ក៏បែកជាកួរហើយចេញជាគ្រាប់ស្រូវ។ 29លុះស្រូវទុំ គេយកកណ្ដៀវមកច្រូត ដ្បិតដល់រដូវចម្រូតហើយ»។
ប្រស្នាអំពីគ្រាប់ពូជល្អិត
30អ៊ីសាមានប្រសាសន៍ទៀតថា៖ «តើយើងប្រដូចនគររបស់អុលឡោះទៅនឹងអ្វី? តើយើងយកប្រស្នាណា មកប្រដូចនឹងនគររបស់អុលឡោះ? 31នគររបស់អុលឡោះប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ 32លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឲ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។
33អ៊ីសាតែងប្រកាសបន្ទូលនៃអុលឡោះ ដោយប្រើជាពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។ 34អ៊ីសាតែងមានប្រសាសន៍ទៅគេសុទ្ធតែជាពាក្យប្រស្នា ប៉ុន្ដែ ពេលនៅដាច់ឡែកពីបណ្ដាជន អ៊ីសាបកស្រាយទាំងអស់ប្រាប់ពួកសិស្ស។
ណាពីអ៊ីសាធ្វើឲ្យរលកស្ងប់
35នៅល្ងាចថ្ងៃដដែលនោះ អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ 36ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានអ៊ីសានៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។ 37ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ 38រីឯអ៊ីសាវិញ គាត់សម្រាន្តលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់អ៊ីសាថា៖ «តួន យើងស្លាប់ឥឡូវហើយ! តួនមិនអើពើទេឬ?»។ 39អ៊ីសាក្រោកឡើងហើយគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។
40បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។ 41ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើអ៊ីសានេះជានរណាបានជាខ្យល់ព្យុះ និងសមុទ្រស្ដាប់បង្គាប់គាត់ដូច្នេះ?»។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 4: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.