ម៉ាកុស 3

3
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា
1អ៊ីសា​ចូល​ទៅ​សាលា​ប្រជុំ​ម្ដង​ទៀត នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។ 2ពួក​គេ​តាម​មើល​អ៊ីសា ក្រែង​លោ​គាត់​ប្រោស​បុរស​នេះ​ឲ្យ​ជា នៅ​ថ្ងៃ​ជំអាត់​ក្នុង​គោល​បំណង​ចោទ​ប្រកាន់​គាត់។ 3អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ​ណេះ!»។ 4បន្ទាប់​មក អ៊ីសា​បាន​សួរ​ទៅ​គេ​ថា៖ «នៅ​ថ្ងៃ​ជំអាត់​តើ​ហ៊ូកុំ​អនុញ្ញាត​ឲ្យ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​មនុស្ស ឬ​ប្រហារ​ជីវិត​ចោល?»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។ 5អ៊ីសា​បែរ​មុខ​មើល​ទៅ​អ្នក​ដែល​នៅ​ជុំ‌វិញ ទាំង​ខឹង ហើយ​គាត់​ព្រួយ​ចិត្ត ព្រោះ​គេ​មាន​ចិត្ដ​រឹង‌រូស។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម​វិញ។ 6ពួក​ខាង​គណៈ​ផារី‌ស៊ី​ចេញ​ពី​សាលា​ប្រជុំ ហើយ​ទៅ​ពិគ្រោះ​ជា​មួយ​បក្ស​ពួក​ស្ដេច​ហេរ៉ូដ​ភ្លាម ដើម្បី​រក​មធ្យោ‌បាយ​សម្លាប់​អ៊ីសា។
មហា‌ជន​មក​តាម​ណាពី​អ៊ីសា
7អ៊ីសា​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ជា​មួយ​ពួក​សិស្ស។ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​ទៅ​តាម​គាត់ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​កាលី‌ឡេ និង​ស្រុក​យូដា 8ក្រុង​យេរូ‌សាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ព្រម​ទាំង​តំបន់​ជុំ‌វិញ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។ បណ្ដា‌ជន​មក​តាម​អ៊ីសា​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ៊ីសា​ធ្វើ។ 9អ៊ីសា​ប្រាប់​ពួក​សិស្ស​ឲ្យ​រៀប‌ចំ​ទូក​មួយ​ឲ្យ​គាត់ ក្រែង​បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចោម​រោម​គាត់ 10ដ្បិត​មាន​អ្នក​ជំងឺ​ជា​ច្រើន​ខំ​ប្រឹង​សំរុក​ចូល​មក​ជិត ដើម្បី​ពាល់​អ៊ីសា ព្រោះ​គាត់​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា។ 11ម្យ៉ាង​ទៀត​ពេល​អ៊ីព្លេស​ឃើញ​អ៊ីសា វា​ក្រាប​ចុះ​ដល់​ជើង​គាត់ ហើយ​ស្រែក​ឡើង​ថា៖ «អ្នក​ជា​បុត្រា​របស់​អុលឡោះ»។ 12ប៉ុន្ដែ​អ៊ីសា​បាន​គំរាម​កំហែង​វា​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា គាត់​ជា​នរណា​ឡើយ។
ណាពី​អ៊ីសា​តែង‌តាំង​សាវ័ក​១២​នាក់
13បន្ទាប់​មក អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ។ គាត់​បាន​ហៅ​អស់​អ្នក​ដែល​គាត់​ពេញ​ចិត្ត​ជ្រើស‌រើស ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​ជួប​អ៊ីសា។ 14អ៊ីសា​តែង‌តាំង​សាវ័ក​ដប់‌ពីរ​នាក់ ឲ្យ​គេ​នៅ​ជា​មួយ​គាត់ និង​ដើម្បី​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ដំណឹង‌ល្អ 15ទាំង​ឲ្យ​គេ​មាន​អំណាច​ដេញ​អ៊ីព្លេស​ថែម​ទៀត​ផង។ 16អ៊ីសា​បាន​តែង‌តាំង​សាវ័ក​ដប់‌ពីរ​នាក់​នេះ គឺ​ស៊ីម៉ូន​ដែល​អ៊ីសា​ដាក់​ឈ្មោះ​ថា ពេត្រុស 17យ៉ាកកូប​ជា​កូន​របស់​លោក​សេបេដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​អ៊ីសា​ដាក់​ឈ្មោះ​ថា “បោន‌អ៊ើកេ” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ដ​ខ្លាំង​ដូច​ផ្គរ‌លាន់” 18អន‌ទ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកកូប​ជា​កូន​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម 19និង​យូដាស‌អ៊ីស្ការី‌យ៉ុត​ជា​អ្នក​ក្បត់​អ៊ីសា។
ញាតិ‌វង្ស​របស់​ណាពី​អ៊ីសា​មក​យក​គាត់​ទៅ​វិញ
20កាល​អ៊ីសា​ត្រឡប់​មក​ផ្ទះ​វិញ បណ្ដា‌ជន​ជួប‌ជុំ​គ្នា​សា​ជា​ថ្មី ជា​ហេតុ​នាំ​ឲ្យ​អ៊ីសា និង​ពួក​សិស្ស​រក​ពេល​បរិភោគ​មិន​បាន​សោះ។ 21ញាតិ‌វង្ស​របស់​អ៊ីសា​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ដើម្បី​ចាប់​គាត់​ទៅ​វិញ ព្រោះ​គេ​ថា​អ៊ីសា​វង្វេង​ស្មារតី​ហើយ។
ណាពី​អ៊ីសា​ឆ្លើយ​តប​នឹង​ពួក​អ្នក​ចោទ​ប្រកាន់​គាត់
22ពួក​តួន ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡឹម​និយាយ​ថា៖ «អ្នក​នេះ​មាន​បេល‌សេប៊ូល​ជា​ស្ដេច​អ៊ីព្លេស​នៅ​ក្នុង​ខ្លួន គាត់​អាច​ដេញ​អ៊ីព្លេស​ដូច្នេះ ព្រោះ​ស្ដេច​អ៊ីព្លេស​ប្រគល់​អំណាច​ឲ្យ»។ 23អ៊ីសា​ហៅ​គេ​មក រួច​មាន​ប្រសាសន៍​ជា​ប្រស្នា​ថា៖ «តើ​អ៊ីព្លេស‌ហ្សៃតន​អាច​ដេញ​អ៊ីព្លេស​ដូច​ម្ដេច​កើត? 24ប្រសិន​បើ​ពល‌រដ្ឋ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​គង់​វង្ស​ត​ទៅ​មុខ​បាន​ឡើយ។ 25ប្រសិន​បើ​មាន​ក្រុម​គ្រួសារ​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា ក្រុម​គ្រួសារ​នោះ​ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​គង់​វង្ស​បាន​ដែរ។ 26ដូច្នេះ ប្រសិន​បើ​អ៊ីព្លេស‌ហ្សៃតន​ក្រោក​ឡើង​ប្រឆាំង​នឹង​ខ្លួន​ឯង បែក​បាក់​ទាស់‌ទែង​នឹង​ខ្លួន​ឯង វា​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​បាន​ឡើយ គឺ​វា​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន។ 27គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ គឺ​ត្រូវ​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។ 28ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​មនុស្ស​លោក​ធ្វើ​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ អុលឡោះ​នឹង​លើក‌លែង​ទោស​ទាំង​អស់។ 29រីឯ​អ្នក​ដែល​ពោល​ពាក្យ​ប្រមាថ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​វិញ អុលឡោះ​មិន​លើក‌លែង​ទោស​សោះ​ឡើយ ដ្បិត​អ្នក​នោះ​មាន​ទោស​អស់‌កល្ប​ជានិច្ច»។
30អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ ព្រោះ​គេ​និយាយ​ថា គាត់​មាន​អ៊ីព្លេស​នៅ​ក្នុង​ខ្លួន។
ញាតិ‌វង្ស​ដ៏​ពិត​ប្រាកដ​របស់​អ៊ីសា
31ពេល​នោះ​ម្តាយ និង​បង​ប្អូន​របស់​អ៊ីសា​មក​ដល់ ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ហើយ​ចាត់​គេ​ឲ្យ​ចូល​មក​ហៅ​អ៊ីសា។ 32បណ្ដា‌ជន​ដែល​អង្គុយ​នៅ​ជុំ‌វិញ​អ៊ីសា ប្រាប់​គាត់​ថា៖ «តួន ម្ដាយ និង​បង​ប្អូន​តួន មក​រក​តួន​នៅ​ខាង​ក្រៅ!»។ 33អ៊ីសា​មាន​ប្រសាសន៍​តប​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ? នរណា​ជា​បង​ប្អូន​ខ្ញុំ?»។ 34អ៊ីសា​មើល​ទៅ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​គាត់ រួច​មាន​ប្រសាសន៍​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​ជា​បង​ប្អូន​របស់​ខ្ញុំ 35ដ្បិត​អ្នក​ណា​ប្រព្រឹត្ដ​តាម​អុលឡោះ អ្នក​នោះ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 3: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល