ណាពី​មីកា 2

2
អ្នក​ធំ​ប្រើ​អំណាច​ជិះ‌ជាន់​ជន​តូច‌តាច
1អស់​អ្នក​ដែល​គិត‌គូរ​គម្រោង‌ការ​ទុច្ចរិត
ព្រម​ទាំង​ដេក​សញ្ជឹង​គិត​រក​ឧបាយ‌កល
លុះ​ព្រឹក​ឡើង​ប្រើ​អំណាច​របស់​ខ្លួន
សម្រេច​តាម​គម្រោង‌ការ​នេះ
មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
2បើ​គេ​ប៉ុន‌ប៉ង​ចង់​បាន​ស្រែ​ចម្ការ​ណា
គេ​ដណ្ដើម​យក​ស្រែ​ចម្ការ​នោះ
បើ​គេ​ប៉ុន‌ប៉ង​ចង់​បាន​ផ្ទះ​ណា
គេ​រឹប​អូស​យក​ផ្ទះ​នោះ
គេ​ប្លន់​ម្ចាស់​ផ្ទះ និង​គ្រួសារ
ហើយ​ដណ្ដើម​យក​មត៌ក​របស់​គាត់​ទៀត​ផង។
3ហេតុ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖
«យើង​កំពុង​តែ​រៀប​ផែន‌ការ​ដាក់​ទោស
មនុស្ស​ប្រភេទ​នេះ។
ខ្មាំង​នឹង​ជាន់​ក​អ្នក​រាល់​គ្នា
អ្នក​រាល់​គ្នា​នឹង​ដើរ​អោន​មុខ
ដ្បិត​ពេល​នោះ​ជា​ពេល​វេទនា​យ៉ាង​ខ្លាំង។
4នៅ​ថ្ងៃ​នោះ មនុស្ស‌ម្នា​នឹង​យក​រឿង​របស់​អ្នក
ទៅ​សើច​លេង
ហើយ​ចង​ក្រង​បទ​សម្រាប់​ច្រៀង​រៀប​រាប់​ថា:
“ពួក​យើង​បាត់​បង់​អ្វីៗ​ទាំង​អស់!
ខ្មាំង​លេប​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ពួក​យើង!
បច្ចា‌មិត្ត​ដេញ​ពួក​យើង​ចេញ​ពី​ស្រុក
រួច​យក​ទឹក​ដី​ចែក​គ្នា!”»។
5ហេតុ​នេះ ពេល​ប្រជា‌ជន​របស់អុលឡោះ‌តាអាឡា
បែង​ចែក​ដី​គ្នា
គ្មាន​នរណា​ម្នាក់​វាស់​ដី​ចែក​ឲ្យ​អ្នក​ឡើយ។
អស់​អ្នក​ដែល​ជំទាស់​នឹង​ពាក្យ​របស់​ណាពី
6មាន​អ្នក​ខ្លះ​ពោល​ថា:
“កុំ​ចេះ​តែ​និយាយ​ព្រោក‌ប្រាជ្ញ​បែប​នេះ!
កុំ​ពោល​ថា ពួក​យើង​គេច​មិន​ផុត​ពី
ភាព​អាម៉ាស់​នោះ​ឡើយ!
7តើ​កូន​ចៅ​យ៉ាកកូប​ត្រូវ​បណ្ដាសា​ឬ?
តើ​អ្នក​ស្មាន​ថា អុលឡោះ‌តាអាឡា​គ្មាន​ខន្តី​ឬ?
ទ្រង់​មិន​ប្រព្រឹត្ត​របៀប​នេះ​ទេ!”។
«យើង​និយាយ​តែ​ពាក្យ​ល្អ
ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់។
8កន្លង​ទៅ​នេះ ប្រជា‌រាស្ត្រ​របស់​យើង​តាំង​ខ្លួន​ជា​សត្រូវ​នឹង​យើង។
អ្នក​រាល់​គ្នា​យក​អាវ​ធំ​ចេញ​ពី​អស់​អ្នក​ដែល
ត្រឡប់​មក​ពី​សមរ‌ភូមិ​យ៉ាង​សុខ​ស្រួល។
9អ្នក​រាល់​គ្នា​ដេញ​ស្ត្រីៗ​របស់​ប្រជា‌រាស្ត្រ​យើង
ចេញ​ពី​ផ្ទះ​ដែល​នាង​ស្រឡាញ់។
រីឯ​កិត្តិយស​ដែល​យើង​បាន​ប្រគល់​ឲ្យ
កូនៗ​របស់​នាង ក៏​អ្នក​រាល់​គ្នា​ដក​ចេញ​ពី​ពួក​គេ
រហូត​ត​ទៅ​ដែរ។
10ចូរ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ចេញ​ទៅ!
ដ្បិត​ស្រុក​នេះ​មិន​មែន​ជា​កន្លែង​សម្រាក​ទៀត​ទេ!
អំពើ​សៅហ្មង​របស់​អ្នក​រាល់​គ្នា​បាន​បង្ក​ឲ្យ
កើត​មហន្ត‌រាយ​យ៉ាង​ខ្លោច‌ផ្សា។
11អ្នក​រាល់​គ្នា​និយម​តែ​ហោរា​ទស្សន៍‌ទាយ
ដែល​ប្រសប់​និយាយ​កុហក​បោក​ប្រាស់​ថា
“បើ​អ្នក​យក​ស្រា​ទំពាំង‌បាយ‌ជូរ និង​ស្រា​ខ្លាំង
ឲ្យ​ខ្ញុំ​ផឹក ខ្ញុំ​នឹង​ទាយ​ឲ្យ​ស្ដាប់!”
អ្នក​ព្រោក‌ប្រាជ្ញ​បែប​នេះ​សម​គ្នា​នឹង
ប្រជា‌រាស្ត្រ​នេះ​ណាស់!»។
អុលឡោះ​ប្រមូល​ផ្ដុំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់
12«កូន​ចៅ​យ៉ាកកូប​អើយ
យើង​នឹង​ប្រមូល​ផ្ដុំ​អ្នក​ទាំង​អស់​គ្នា។
ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់​អើយ
យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មក​នៅ​ជុំ​គ្នា​វិញ
ដូច​ចៀម​ស្ថិត​នៅ​ក្នុង​ក្រោល​តែ​មួយ
និង​ដូច​ហ្វូង​សត្វ​នៅ​ក្នុង​វាល​ស្មៅ​តែ​មួយ។
ពេល​នោះ នឹង​មាន​សំឡេង​អ៊ូអរ​ឡើង​វិញ
នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា»។
13អ្នក​បើក​ផ្លូវ​នឹង​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា
គេ​ទម្លុះ​កំពែង​ក្រុង
ឲ្យ​អ្នក​រាល់​គ្នា​ចេញ​តាម​ប្រឡោះ​នោះ។
ស្ដេច​របស់​អ្នក​រាល់​គ្នា​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា
ដោយ​មានអុលឡោះ‌តាអាឡា​នៅ​មុខ​គេ​បង្អស់។

ទើបបានជ្រើសរើសហើយ៖

ណាពី​មីកា 2: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល