ណាពី​ម៉ាឡា‌គី 1

1
អុលឡោះ​បាន​ជ្រើស​រើស​ជន‌ជាតិ​អ៊ីស្រ‌អែល
1សេចក្ដី​ប្រកាស
នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល តាម​រយៈ​ម៉ាឡា‌គី។
2 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖
«យើង​ស្រឡាញ់​អ្នក​រាល់​គ្នា
តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា
“តើ​មាន​អ្វី​បញ្ជាក់​ថា
ទ្រង់​ស្រឡាញ់​យើង​ខ្ញុំ?”។
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា -
ទោះ​បី​អេសាវ​ជា​បង​របស់​យ៉ាកកូប​ក្តី
ក៏​យើង​ស្រឡាញ់​យ៉ាកកូប​ជាង​អេសាវ
3គឺ​យើង​មិន​ពេញ​ចិត្ត​នឹង​អេសាវ​ទេ
យើង​បាន​ធ្វើ​ឲ្យ​ភ្នំ​នៅ​ស្រុក​អេសាវ
ក្លាយ​ទៅ​ជា​ទី​ស្មសាន
ហើយ​យើង​បាន​ឲ្យ​ឆ្កែ​ព្រៃ​មក​រស់​នៅ​ក្នុង
ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ។
4ប្រសិន​បើ​អេដុម​ពោល​ថា
“ពួក​យើង​នឹង​សង់​ស្រុក
ដែល​វិនាស​នេះ​ឡើង​វិញ!”
ឲ្យ​ពួក​គេ​សង់​ទៅ!
យើង​នឹង​កំទេច​ស្រុក​នោះ​សា​ជា​ថ្មី។
គេ​នឹង​ហៅ​ស្រុក​នោះ​ថា “ទឹក​ដី​របស់​ជន​ទុច្ចរិត”
“ប្រជា‌ជន​ដែលអុលឡោះ‌តាអាឡា​ខឹង​រហូត”។
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់
នៃ​ពិភព​ទាំង​មូល។
5អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ
ហើយ​ពោល​ថា: “អុលឡោះ‌តាអាឡា​សំដែង​អំណាច
ហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រ‌អែល​ទៅ​ទៀត!”»។
ការ​ថ្វាយ‌បង្គំ​មិន​ត្រឹម​ត្រូវ
6«ធម្មតា កូន​តែងតែ​គោរព​ឪពុក
ហើយ​អ្នក​បម្រើ​តែងតែ​គោរព​ម្ចាស់​របស់​ខ្លួន។
ប្រសិន​បើ​យើង​ជា​ឪពុក​មែន
ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង
ក្នុង​ឋានៈ​ជា​ឪពុក?
ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន
ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង
ក្នុង​ឋានៈ​ជា​ម្ចាស់?
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់
នៃ​ពិភព​ទាំង​មូល។
រីឯ​អ្នក​រាល់​គ្នា ដែល​ជា​អ៊ីមុាំ​វិញ
អ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើង
តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយ
នាម​របស់​ទ្រង់​ត្រង់​ណា?”។
7អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​សៅហ្មង
មក​ដាក់​នៅ​លើ​អាសនៈ​របស់​យើង
ហើយ​អ្នក​រាល់​គ្នា​ពោល​ថា
“តើ​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ទ្រង់​សៅហ្មង
ត្រង់​ណា?”
គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា:
តុ​របស់អុលឡោះ‌តាអាឡា​មិន​សូវ​សំខាន់​ទេ!
8ពេល​ដែល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់
មក​ធ្វើ​គូរបាន
តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?
ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើង
ឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​គូរបាន
តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?
បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូន
ទេសា‌ភិបាល​របស់​អ្នក
តើ​គាត់​សុខ​ចិត្ត​ទទួល​យក
ហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?»
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់
នៃ​ពិភព​ទាំង​មូល។
9ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូរអា‌អង្វរ​អុលឡោះ
សូម​ទ្រង់​ប្រណី​សន្ដោស​ពួក​យើង!
«បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះ
តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នា
ដោយ​រាក់‌ទាក់​ឬ?
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់
នៃ​ពិភព​ទាំង​មូល។
10បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់
ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ម៉ាស្ជិទ
ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង
ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត!
យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ
ហើយ​យើង​ក៏​មិន​ទទួល​ជំនូន​ពី​ដៃ
របស់​អ្នក​រាល់​គ្នា​ដែរ!
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់
នៃ​ពិភព​ទាំង​មូល។
11ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច
នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។
នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប
ដើម្បី​លើក​តម្កើង​នាម​របស់​យើង
ព្រម​ទាំង​នាំ​យក​ជំនូន​បរិសុទ្ធ​មក​ជា​មួយ​ផង
ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់
នៃ​ពិភព​ទាំង​មូល។
12ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើង
ដោយ​ពោល​ថា:
“តុ​របស់អុលឡោះ‌តាអាឡា​សៅ​ហ្មង​ហើយ
មិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរ
ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។
13អ្នក​រាល់​គ្នា​ពោល​ថា
“ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!”
ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់
នៃ​ពិភព​ទាំង​មូល។
អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេ សត្វ​ពិការ
ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើង
ទុក​ជា​ជំនូន តើ​យើង​ទទួល​ជំនូន​នេះ
ពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ?
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា
14ជន​បោក​ប្រាស់​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ដ្បិត​គេ​ទុក​សត្វ​ល្អៗ​ក្នុង​ហ្វូង​សត្វ​របស់​ខ្លួន
ហើយ​បែរ​ជា​យក​សត្វ​ពិការ
មក​ធ្វើ​ជា​គូរបាន​ជូន​អុលឡោះ​ទៅ​វិញ!
យើង​ជា​ស្តេច​ដ៏​ឧត្ដម
ប្រជា‌ជាតិ​នានា​ស្ញែង​ខ្លាច​នាម​របស់​យើង»
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់
នៃ​ពិភព​ទាំង​មូល។

ទើបបានជ្រើសរើសហើយ៖

ណាពី​ម៉ាឡា‌គី 1: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល