លូកា 5

5
ណាពី​អ៊ីសា​ត្រាស់​ហៅ​សិស្ស​បី​នាក់
1ថ្ងៃ​មួយ អ៊ីសា​នៅ​មាត់​បឹង​គេនេ‌សារ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​គាត់ ដើម្បី​ស្ដាប់​បន្ទូល​របស់​អុលឡោះ។ 2អ៊ីសា​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន របស់​គេ។ 3អ៊ីសា​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​អ៊ីសា​សុំ​ឲ្យ​គាត់​ចេញ​ទូក ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្ដិច។ អ៊ីសា​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។
4លុះ​អ៊ីសា​បង្រៀន​គេ​ចប់​ហើយ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។ 5លោក​ស៊ីម៉ូន​តប​ទៅ​អ៊ីសា​វិញ​ថា៖ «តួន! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​តួន​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​តួន»។ 6គេ​ក៏​ទម្លាក់​អួន​ទៅ​ក្នុង​ទឹក ជាប់​ត្រី​យ៉ាង​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។ 7គេ​បក់​ដៃ​ហៅ​មិត្ដ‌ភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។ ពួក​នោះ​មក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។ 8ពេល​លោក​ស៊ីម៉ូន-ពេត្រុស​ឃើញ​ដូច្នោះ គាត់​ក្រាប​ដល់​ជើង​អ៊ីសា អង្វរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សូម​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ជា​មនុស្ស​បាប»។ 9លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ភ័យ​ស្ញប់‌ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។ 10រីឯ​យ៉ាកកូប និង​យ៉ូហាន​ជា​កូន​លោក​សេបេដេ ដែល​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូន ក៏​មាន​ចិត្ដ​ដូច្នោះ​ដែរ។ ប៉ុន្តែ អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ 11ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ គេ​បោះ​បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​អ៊ីសា​ទៅ។
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា
12អ៊ីសា​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ឃ្លង់​ម្នាក់​ឃើញ​អ៊ីសា គាត់​ចូល​មក​រក ហើយ​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី អង្វរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់ ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ស្អាត​ផង»។ 13អ៊ីសា​លូក​ដៃ​ទៅ​ពាល់​គាត់​ទាំង​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ»។ រំពេច​នោះ មនុស្ស​ឃ្លង់​ក៏​បាន​ជា​ស្អាត​ភ្លាម។
14អ៊ីសា​បាន​ហាម​គាត់​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​ឲ្យ​ដឹង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​អ៊ីម៉ាំ ហើយ​ជូន​ជំនូន​ដូច​ម៉ូសា​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​មែន»។
15កិត្ដិនាម​របស់​អ៊ីសា ល្បី​សុស​សាយ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ មហា‌ជន​ជា​ច្រើន​មក​ជុំ​គ្នា​ស្ដាប់​អ៊ីសា ព្រម​ទាំង​សូម​អ៊ីសា​ប្រោស​ឲ្យ​ខ្លួន​បាន​ជា​ពី​ជំងឺ​ផ្សេង​ៗ​ផង។ 16រីឯ​អ៊ីសា​វិញ គាត់​ទៅ​ទី​ស្ងាត់ ដើម្បី​ទូរអ។
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា
17ថ្ងៃ​មួយ អ៊ីសា​កំពុង​តែ​បង្រៀន​បណ្ដា‌ជន មាន​ពួក​ខាង​គណៈ​ផារីស៊ និង​អ្នក​ប្រាជ្ញ​ខាង​ហ៊ូកុំ​អង្គុយ​ស្ដាប់​អ៊ីសា​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូ‌សាឡឹម។ អ៊ីសា​ប្រកប​ដោយ​អំណាច​របស់​អុលឡោះ‌ជាអម្ចាស់ ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា។ 18ពេល​នោះ ស្រាប់​តែ​មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​ដល់ គេ​មាន​បំណង​នាំ​អ្នក​ខ្វិន​នោះ​ចូល​ទៅ​ជិត​អ៊ីសា។ 19ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​អ៊ីសា​បាន​ឡើយ។ ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សំរូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​អ៊ីសា។ 20ពេល​អ៊ីសា​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ!»។ 21ពួក​តួន និង​ពួក​ខាង​គណៈ‌ផារីស៊ី​ឮ​ដូច្នោះ រិះ‌គិត​ក្នុង​ចិត្ដ​ថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ពោល​ពាក្យ​ប្រមាថ អុលឡោះ​ដូច្នេះ? ក្រៅ​ពី​អុលឡោះ តើ​អ្នក​ណា​អាច​អត់​ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​បាន?»។ 22អ៊ីសា​ឈ្វេង​យល់​ចិត្ដ​គំនិត​អ្នក​ទាំង​នោះ ទើប​គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​ដូច្នេះ? 23បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ”ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ”តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?។ 24ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រា​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប​បាន -អ៊ីសា​ក៏​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ប្រសាសន៍​ថា- ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។ 25រំពេច​នោះ អ្នក​ខ្វិន​ក្រោក​ឡើង​នៅ​មុខ​មនុស្ស​ទាំង​អស់ រួច​យក​គ្រែ​ស្នែង​ដែល​គេ​សែង​ខ្លួន​មក ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ផង។ 26អស់​អ្នក​ដែល​នៅ​ទី​នោះ ស្លុត​ស្មារតី​គ្រប់​ៗ​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចំឡែក​អស្ចារ្យ​មែន!»។
ណាពី​អ៊ីសា​ត្រាស់​ហៅ​លោក​លេវី
27បន្ទាប់​មក អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ គាត់​ឃើញ​អ្នក​ទារ​ពន្ធ​ម្នាក់ ឈ្មោះ​លេវី អង្គុយ​នៅ​កន្លែង​យក​ពន្ធ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ 28លោក​លេវី​ក្រោក​ឡើង ទុក​កិច្ចការ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​អ៊ីសា​ទៅ។ 29លោក​លេវី​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​អ៊ីសា នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​ៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។ 30ពួក​ខាង​គណៈ‌ផារីស៊ និង​ពួក​តួន​ពី​គណៈ‌ផារីស៊ី ទាស់​ចិត្ដ​យ៉ាង​ខ្លាំង គេ​និយាយ​ទៅ​កាន់​ក្រុម​សិស្ស​របស់​អ៊ីសា​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។ 31អ៊ីសា​តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ 32ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប ដើម្បី​ឲ្យ​គេ​កែ​ប្រែ​ចិត្ដ​គំនិត»។
អំពី​ការ​តម​អាហារ
33មាន​គេ​សួរ​អ៊ីសា​ថា៖ «ពួក​សិស្ស​របស់​យ៉ះយ៉ា និង​ពួក​សិស្ស​ខាង​គណៈ‌ផារីស៊ តែងតែ​តម​អាហារ និង​ទូរអា​ជា​ញឹក‌ញាប់ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក បែរ​ជា​នាំ​គ្នា​បរិភោគ​ដូច្នេះ?»។ 34អ៊ីសា​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល​ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ?។ ទេ! គេ​មិន​អាច​តម​បាន​ឡើយ។ 35ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ»។ 36អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​ថា៖ «ពុំ​ដែល​មាន​នរណា​ហែក​សម្លៀក‌បំពាក់​ថ្មី យក​ទៅ​ប៉ះ​សម្លៀក‌បំពាក់​ចាស់​នោះ​ឡើយ ធ្វើ​ដូច្នេះ សម្លៀក‌បំពាក់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​ក្រណាត់​ចាស់ និង​ក្រណាត់​ថ្មី ក៏​មិន​សម​គ្នា​ដែរ។ 37ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​នោះ​ធ្លុះ​បណ្ដាល​ឲ្យ​ស្រា​ហូរ​ចេញ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​មិន​ខាន 38ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី។ 39កាល​បើ​បាន​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ចាស់​ហើយ មិន​ដែល​មាន​នរណា​ចង់​ពិសា​ស្រា​ថ្មី​ទេ ព្រោះ​គេ​ថា “ស្រា​ចាស់​ឆ្ងាញ់​ជាង​ស្រា​ថ្មី”»។

ទើបបានជ្រើសរើសហើយ៖

លូកា 5: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល