សំណោក 5
5
ពាក្យទូរអាសូមអុលឡោះអាណិតមេត្តា
1 អុលឡោះតាអាឡាអើយ សូមនឹកដល់
ហេតុការណ៍ដែលកើតមានចំពោះយើងខ្ញុំ
សូមមើលចុះ
តើគេត្មះតិះដៀលយើងខ្ញុំដល់កំរិតណា!
2ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ
បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស
ផ្ទះរបស់យើងខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃ
របស់ជនដទៃ។
3យើងខ្ញុំធ្លាក់ខ្លួនដូចក្មេងកំព្រា គ្មានឪពុក
ម្ដាយយើងខ្ញុំរស់នៅដូចស្ត្រីមេម៉ាយ។
4យើងខ្ញុំត្រូវបង់ប្រាក់
ដើម្បីទិញទឹករបស់យើងខ្ញុំផ្ទាល់
ហើយត្រូវបង់ប្រាក់
ដើម្បីទិញអុសរបស់យើងខ្ញុំដែរ។
5ពួកអ្នកដែលតាមប្រហារយើងខ្ញុំ
ស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជានិច្ច
យើងខ្ញុំអស់កម្លាំង
តែគេមិនទុកឲ្យយើងខ្ញុំសម្រាកទេ។
6យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីប
និងស្រុកអាស្ស៊ីរី ដើម្បីចំអែតក្រពះ។
7ដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបមែន
តែពួកគេស្លាប់អស់ហើយ
គឺយើងខ្ញុំទេដែលរងទុក្ខទោស
ព្រោះតែកំហុសដែលដូនតាបានប្រព្រឹត្ត។
8ពួកទាសករត្រួតត្រាលើយើងខ្ញុំ
តែគ្មាននរណារំដោះយើងខ្ញុំ
ចេញពីកណ្ដាប់ដៃរបស់អ្នកទាំងនោះទេ។
9យើងខ្ញុំប្រថុយជីវិត ឆ្លងកាត់មុខដាវ
ដើម្បីទៅរកស្បៀងអាហារ។
10ដោយឃ្លានខ្លាំងពេក
ស្បែករបស់យើងខ្ញុំឡើងក្ដៅដូចភ្លើងចង្ក្រាន។
11សត្រូវរំលោភស្ត្រីនៅក្នុងក្រុងស៊ីយ៉ូន
និងរំលោភស្ត្រីក្រមុំនៅតាមក្រុងនានា
ក្នុងស្រុកយូដា។
12ពួកគេព្យួរកពួកមន្ត្រីរបស់យើងខ្ញុំ
ហើយគ្មាននរណាគោរពចាស់ជរាទេ។
13គេប្រើឲ្យពួកយុវជនលីត្បាល់កិន
គេប្រើក្មេងប្រុសៗឲ្យលីឈើដ៏ធ្ងន់
រហូតដល់ជំពប់ជើងដួល។
14ពួកអះលីជំអះលែងអង្គុយនៅមាត់ទ្វារក្រុង
ទៀតហើយ
រីឯពួកយុវជនក៏លែងនាំគ្នាច្រៀងទៀតដែរ។
15អំណរបានចាកចេញបាត់ពីចិត្តយើងខ្ញុំ
យើងខ្ញុំនាំគ្នាកាន់ទុក្ខជំនួសការរាំរែក
16យើងខ្ញុំបាត់បង់កិត្តិយស
យើងខ្ញុំត្រូវវេទនា
ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប!
17ហេតុនេះហើយបានជាចិត្តយើងខ្ញុំខ្លោចផ្សា
យើងខ្ញុំយំរហូតដល់ហើមភ្នែក។
18ភ្នំស៊ីយ៉ូនក្លាយទៅជាទីស្មសាន
ជាកន្លែងដែលកញ្ជ្រោងដើររកស៊ី។
19 អុលឡោះតាអាឡាអើយ
ទ្រង់គ្រងរាជ្យរហូតតទៅ
បល្ល័ង្ករបស់ទ្រង់នៅស្ថិតស្ថេរ
អស់កល្បជាអង្វែងតរៀងទៅ។
20ហេតុអ្វីបានជាទ្រង់បំភ្លេចយើងខ្ញុំ
រហូតដូច្នេះ?
ហេតុអ្វីបានជាទ្រង់បោះបង់ចោលយើងខ្ញុំ
អស់មួយជីវិត?
21 អុលឡោះតាអាឡាអើយ
សូមនាំយើងខ្ញុំឲ្យវិលត្រឡប់មកវិញ
នោះយើងខ្ញុំនឹងវិលត្រឡប់មកវិញ
សូមប្រទានអាយុជីវិតមកយើងខ្ញុំសាជាថ្មី។
22តើទ្រង់បោះបង់ចោលយើងខ្ញុំរហូតមែនឬ
តើទ្រង់ខឹងនឹងយើងខ្ញុំ
ហួសកំរិតបែបនេះឬ?
ទើបបានជ្រើសរើសហើយ៖
សំណោក 5: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.