សំណោក 3

3
ត្រូវ​តែ​មាន​សង្ឃឹម​ជា‌និច្ច!
1ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា
នៅ​គ្រា​ដែល​អុលឡោះ​ខឹង។
2ទ្រង់​បណ្ដើរ​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ទៅ​នៅ​ក្នុង​ទី​ងងឹត
គឺ​មិន​មែន​ក្នុង​ពន្លឺ​ឡើយ។
3ជា​រៀង​រាល់​ថ្ងៃ ទ្រង់​លើក​ដៃ
វាយ​ខ្ញុំ ហើយ​វាយ​ទៀត។
4ទ្រង់​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែក
ទ្រង់​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។
5ទ្រង់​យក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា
មក​រុំ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។
6ទ្រង់​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ទី​ងងឹត
ដូច​អស់​អ្នក​ដែល​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។
7ទ្រង់​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំង
ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ចេញ​រួច
ទ្រង់​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។
8ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ
តែ​ទ្រង់​ឃាត់​ឃាំង​គេ
មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។
9ទ្រង់​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ
ទ្រង់​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។
10ទ្រង់​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំ
និង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។
11ទ្រង់​ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវ
ទ្រង់​ហែក​សាច់​ខ្ញុំ
ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​អន្តរាយ។
12ទ្រង់​យឹត​ធ្នូ
ហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។
13ទ្រង់​យក​ព្រួញ​ទាំង​អស់
ពី​បំពង់​របស់​ទ្រង់ បាញ់​ទម្លុះ​រូប​កាយ​ខ្ញុំ។
14ប្រជា‌ជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំ
រៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។
15ទ្រង់​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់
ទ្រង់​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។
16ទ្រង់​ឲ្យ​ខ្ញុំ​ខាំ​ថ្ម​បាក់​ធ្មេញ
ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​ផ្កាប់​មុខ​នៅ​ក្នុង​ផេះ។
17ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ
ហើយ​ខ្ញុំ​លែង​ដឹង​ថា​អ្វី​ទៅ​ជា​សុភ‌មង្គល។
18ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយ
សូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើអុលឡោះ‌តាអាឡា
ក៏​លែង​មាន​ទៀត​ដែរ”។
19ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែល‌តោល
ដែល​ខ្ញុំ​ជួប​ប្រទះ
នោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា​ក្រៃ‌លែង។
20ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដី
ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជា‌និច្ច។
21តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ
ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ
22គឺ​ខ្ញុំ​នឹក​ដល់​ចិត្ត​សប្បុរស
របស់អុលឡោះ‌តាអាឡា ដែល​មិន​ចេះ​រលត់។
ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ
ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។
23ទ្រង់​តែង​តែ​សំដែង​ចិត្ត​សប្បុរស
និង​ចិត្ត​អាណិត​អាសូរ​នេះ
សា​ជា​ថ្មី​រៀង​រាល់​ព្រឹក
ចិត្ត​ស្មោះ​ត្រង់​របស់​ទ្រង់
មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។
24ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី
ក្រៅ​ពីអុលឡោះ‌តាអាឡា​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ទ្រង់។
25 អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស
ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ទ្រង់
និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ទ្រង់។
26ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម
រង់‌ចាំអុលឡោះ‌តាអាឡា​មក​សង្គ្រោះ
នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។
27ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្ស
ទទួល​ការ​លត់‌ដំ​តាំង​ពី​ក្មេង​ទៅ។
28ពេល​ណា​ទ្រង់​ធ្វើ​ទោស
យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់
ដាច់​ឡែក​តែ​ឯង
29ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី
ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។
30ត្រូវ​បែរ​ថ្ពាល់​ឲ្យ​គេ​ទះ
និង​ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ​ចុះ
31ដ្បិតអុលឡោះ‌តាអាឡា​មិន​បោះ​បង់​ចោល​យើង
រហូត​ឡើយ។
32ទោះ​បី​ទ្រង់​ដាក់​ទោស​ក្ដី
ទ្រង់​នៅ​តែ​អាណិត​មេត្តា​ដដែល
ដ្បិត​ចិត្ត​សប្បុរស​របស់​ទ្រង់
ធំ​ពន់​ពេក​ក្រៃ។
33ទ្រង់​មិន​សប្បាយ​ចិត្ត​នឹង
ដាក់​ទោស ឬ​ធ្វើ​ទណ្ឌ‌កម្ម​មនុស្ស‌ម្នា​ទេ។
34ពេល​គេ​ជិះ‌ជាន់​ធ្វើ​បាប​អស់​អ្នក​ដែល
ជាប់​ជា​ឈ្លើយ​ក្នុង​ស្រុក​ណា​មួយ
35ពេល​គេ​រំលោភ​លើ​សិទ្ធិ​មនុស្ស
ចំពោះ​ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
36ពេល​គេ​កាត់​ក្ដី​មនុស្ស​ដោយ​អយុត្តិធម៌
អុលឡោះ‌តាអាឡា​មើល​ឃើញ​ទាំង​អស់!
37ពេល​អុលឡោះ‌តាអាឡា​បង្គាប់​អ្វី​មួយ
ការ​នោះ​ត្រូវ​តែ​កើត​ឡើង
ក្រៅ​ពី​ទ្រង់ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។
38សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​មាត់​របស់
ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
39ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដី
ក៏​ទ្រង់​ទុក​ឲ្យ​គេ​នៅ​រស់​ដដែល
ដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូ‌រទាំ!
40តោង​យើង​ពិនិត្យ‌ពិច័យ និង​ស្ទង់​មើល
កិរិយា‌មារយាទ​របស់​ខ្លួន
ហើយ​បែរ​ចិត្ត​គំនិត​មក​រកអុលឡោះ‌តាអាឡា​វិញ។
41ពេល​យើង​លើក​ដៃ​ទូរអា​រក​អុលឡោះ
ដែល​នៅ​សូរ៉កា
តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ទ្រង់​ដែរ។
42អុលឡោះ​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ហើយ​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់
ទ្រង់​មិន​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ទេ។
43ទ្រង់​តាម​ប្រហារ​ជីវិត​យើង​ខ្ញុំ
កំហឹង​បាន​បាំង​ទ្រង់​មិន​ឲ្យ
ត្រា​ប្រណី​យើង​ខ្ញុំ។
44ទ្រង់​ពួន​នៅ​ក្នុង​ពពក
ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូរអា‌អង្វរ
ឮ​ទៅ​ដល់​ទ្រង់​ឡើយ។
45ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ក្លាយ​ទៅ​ជា
សំរាម ដែល​គ្មាន​នរណា​រាប់​រក
ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។
46ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ
នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ។
47យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាច
ការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។
48ទឹក​ភ្នែក​ខ្ញុំ​ហូរ​ដូច​ទឹក​ស្ទឹង
ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។
49ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់​ឈរ
និង​ឥត​ស្រាក‌ស្រាន្ត
50រហូត​ទាល់​តែអុលឡោះ‌តាអាឡា​មើល​ឃើញ
ពី​សូរ៉កា។
51ចិត្ត​ខ្ញុំ​សោក‌សៅ​អាណិត​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន
នៅ​ក្នុង​ក្រុង​របស់​ខ្ញុំ។
52អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សត្រូវ​របស់​ខ្ញុំ
ដោយ​ឥត​ហេតុ​ផល
ដេញ​តាម​ប្រហារ​ខ្ញុំ ដូច​តាម​បាញ់​សត្វ​ស្លាប។
53ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូង
រួច​យក​ថ្ម​គ្រប​ពី​លើ ដើម្បី​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម។
54ពេល​នោះ ទឹក​លិច​ក្បាល​ខ្ញុំ
ខ្ញុំ​ពោល​ថា ខ្ញុំ​ស្លាប់​ហើយ!
55អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​រក​នាម
របស់​ទ្រង់​ពី​បាត​អណ្ដូង​នោះ​មក។
56ទ្រង់​ស្តាប់​ឮ​សំឡេង​ដែល​ខ្ញុំ
ស្រែក​អង្វរ​ថា:
“សូម​កុំ​បែរ​ចេញ​ពី​ខ្ញុំ​ឡើយ
សូម​ស្ដាប់​សំរែក​អង្វរ​របស់​ខ្ញុំ
សូម​ជួយ​ខ្ញុំ​ផង!”។
57នៅ​ថ្ងៃ​ដែល​ខ្ញុំ​អង្វរ​រក​ទ្រង់
ទ្រង់​ចូល​មក​ជិត​ខ្ញុំ
ទ្រង់​មាន​បន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។
58អុលឡោះ​អើយ ទ្រង់​រក​យុត្តិធម៌
ឲ្យ​ខ្ញុំ
ទ្រង់​បាន​លោះ​ជីវិត​ខ្ញុំ​មក​វិញ។
59 អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​មើល​ឃើញ​ពួក​គេ
សង្កត់‌សង្កិន​ខ្ញុំ
សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង!
60ទ្រង់​បាន​មើល​ឃើញ​ការ​សង‌សឹក​របស់​ពួក​គេ
ព្រម​ទាំង​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន
ប្រឆាំង​នឹង​ខ្ញុំ។
61 អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​ឮ​ពាក្យ​ដែល
ពួក​គេ​ជេរ​ប្រមាថ
ព្រម​ទាំង​ការ​ឃុប​ឃិត​ទាំង​ប៉ុន្មាន
ប្រឆាំង​នឹង​ខ្ញុំ។
62ទ្រង់​បាន​ឮ​ពួក​គេ​និយាយ
ហើយ​ក៏​ឮ​ពួក​គេ​គិត‌គូរ​គម្រោង‌ការ
ប្រឆាំង​នឹង​ខ្ញុំ​ដែរ។
63សូម​មើល​ចុះ ទោះ​បី​ពួក​គេ​អង្គុយ ឬ​ឈរ​ក្តី
ពួក​គេ​នាំ​គ្នា​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។
64អុលឡោះ‌តាអាឡា​អើយ សូម​តប​ស្នង​ទៅ​ពួក​គេ​វិញ
ស្រប​តាម​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត។
65សូម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រឹង‌រូស
ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ទៅ។
66ទ្រង់​ដេញ​តាម​ពួក​គេ ទាំង​ខឹង
ហើយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​បាត់​សូន្យ
ពី​ផែនដី​នេះ។

ទើបបានជ្រើសរើសហើយ៖

សំណោក 3: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល