ណាពីយ៉ូអែល 1
1
1នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់យ៉ូអែល ជាកូនរបស់លោកពេធូអែល។
សត្វកណ្ដូបស៊ីបង្ហិនភោគផល
2ពួកអះលីជំអះអើយ ចូរស្ដាប់!
អ្នកទាំងអស់គ្នាដែលរស់នៅក្នុងស្រុកអើយ
ចូរផ្ទៀងត្រចៀកស្ដាប់!
តើហេតុការណ៍នេះធ្លាប់កើតមាន
នៅជំនាន់អ្នករាល់គ្នា
ឬនៅជំនាន់ដូនតារបស់អ្នករាល់គ្នា?
3ចូររៀបរាប់ហេតុការណ៍នេះ
ប្រាប់កូនចៅរបស់អ្នករាល់គ្នា
ហើយឲ្យកូនចៅរបស់អ្នករាល់គ្នា
រៀបរាប់ប្រាប់កូនចៅរបស់ខ្លួន
រួចឲ្យអ្នកទាំងនោះរៀបរាប់ប្រាប់ជាបន្ត
ទៅកូនចៅនៅជំនាន់ក្រោយៗ។
4អ្វីៗដែលដង្កូវទុកឲ្យនៅសល់
នោះមានកណ្ដូបស៊ីបង្ហិន
អ្វីៗដែលកណ្ដូបទុកឲ្យនៅសល់
នោះមានចង្រិតស៊ីបង្ហិន
ហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់
នោះមានក្រាស៊ីបង្ហិន។
5មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើង
ហើយនាំគ្នាយំសោក!
អស់អ្នកចំណូលស្រាអើយ
ចូរសោកសង្រេងទៅ!
អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។
6មានកណ្ដូបមួយហ្វូងលើកគ្នាដូចកងទ័ពមួយ
មកប្រហារស្រុករបស់យើង
ពួកវាខ្លាំងពូកែ និងមានចំនួនច្រើនឥតគណនា
មានចង្កូម ដូចចង្កូមរបស់សិង្ហឈ្មោល
និងមានថ្គាមដូចថ្គាមរបស់សិង្ហញី។
7ពួកវាបំផ្លាញចម្ការទំពាំងបាយជូររបស់យើង
ពួកវាកំទេចដើមឧទុម្ពររបស់យើង
ពួកវាស៊ីសំបក និងជំរុះស្លឹកអស់
បន្សល់ទុកតែមែកខូចខាតប៉ុណ្ណោះ។
8ចូរសោកសង្រេង ដូចស្រីក្រមុំយំកាន់ទុក្ខ
ព្រោះគូដណ្ដឹងរបស់នាងស្លាប់។
9គ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ
មកជូនអុលឡោះតាអាឡាក្នុងដំណាក់ទៀតទេ
ពួកអ៊ីមុាំដែលបំពេញមុខងារបម្រើ
អុលឡោះតាអាឡានាំគ្នាកាន់ទុក្ខ។
10ចម្ការទាំងឡាយត្រូវហិនហោចអស់
សូម្បីតែដីក៏កាន់ទុក្ខដែរ
គ្មានស្រូវ គ្មានស្រាទំពាំងបាយជូរថ្មី
ហើយក៏គ្មានប្រេងទៀតផង។
11អ្នកភ្ជួររាស់បាក់ទឹកចិត្ត
អ្នកដាំចម្ការទំពាំងបាយជូរសោកសង្រេង
ព្រោះគ្មានស្រូវ គ្មានដំណាំអ្វីដុះទេ
ហើយនៅរដូវចម្រូត ក៏គ្មានអ្វីច្រូតដែរ។
12ដើមទំពាំងបាយជូរស្វិតអស់
ដើមឧទុម្ពរក្រៀមស្ងួតអស់
រីឯដើមទទឹម ដើមលម៉ើ និងដើមល្មុត
ព្រមទាំងដើមឈើឯទៀតៗនៅតាមចម្ការ
ក៏ងាប់អស់ដែរ
ធ្វើឲ្យមនុស្សម្នាបាត់បង់អំណរសប្បាយ។
13ពួកអ៊ីមុាំអើយ ចូរនាំគ្នាស្លៀកបាវ
ហើយកាន់ទុក្ខទៅ!
អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ
ចូរសោកសង្រេងទៅ!
អស់អ្នកដែលបម្រើអុលឡោះជាម្ចាស់របស់ខ្ញុំអើយ
ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ
ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ
មកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា
នៅក្នុងដំណាក់ទៀតឡើយ។
14ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ
ហើយប្រកាសពិធីបុណ្យដ៏ឱឡារិក។
ចូរប្រមូលពួកអះលីជំអះ និងប្រជាជន
នៅក្នុងស្រុកទាំងមូល
ឲ្យមកជួបជុំគ្នាក្នុងដំណាក់របស់អុលឡោះតាអាឡា
ជាម្ចាស់របស់អ្នករាល់គ្នា
ហើយស្រែកទូរអាសូមទ្រង់ជួយទៅ!
15ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ!
ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាជិតមកដល់ហើយ
គឺជាថ្ងៃដែលម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត
មកបំផ្លាញអ្វីៗទាំងអស់។
16ពួកយើងឃើញម្ហូបអាហាររលាយបាត់
ពីមុខពួកយើង
ហើយនៅក្នុងដំណាក់របស់អុលឡោះជាម្ចាស់នៃយើង
ក៏លែងមានអំណរ និងការសប្បាយរីករាយ
ទៀតដែរ។
17គ្រាប់ពូជនៅក្នុងដីក្រៀមស្ងួតអស់
ជង្រុកស្រូវនៅទទេ
ឃ្លាំងទុកភោគផលខូចខាតអស់
ដ្បិតគ្មានស្រូវនៅសល់ឡើយ។
18ហ្វូងសត្វនាំគ្នាស្រែកថ្ងូរ
ហ្វូងគោខ្ចាត់ព្រាត់ទៅគ្រប់ទីកន្លែង
ព្រោះគ្មានស្មៅស៊ី
សូម្បីតែហ្វូងចៀមក៏រីងរៃទៅៗដែរ។
19 អុលឡោះតាអាឡាជាម្ចាស់អើយ ខ្ញុំស្រែកអង្វរទ្រង់
ដ្បិតភ្លើងឆេះកំទេចវាលស្មៅ
អណ្ដាតភ្លើងឆាបឆេះដើមឈើទាំងប៉ុន្មាន
នៅតាមចម្ការ។
20សូម្បីតែសត្វព្រៃក៏បែរមុខទៅរកទ្រង់ដែរ
ដ្បិតប្រភពទឹកទាំងឡាយរីងស្ងួតអស់
ហើយវាលស្មៅក៏ត្រូវភ្លើងឆាបឆេះអស់ដែរ។
ទើបបានជ្រើសរើសហើយ៖
ណាពីយ៉ូអែល 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.