ណាពីយេរេមា 43
43
ណាពីយេរេមាត្រូវគេនាំទៅស្រុកអេស៊ីប
1កាលយេរេមាថ្លែងប្រាប់ប្រជាជនទាំងមូលនូវបន្ទូលទាំងប៉ុន្មានរបស់អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ គឺបន្ទូលដែលទ្រង់ប្រគល់ឲ្យគាត់នាំមកប្រាប់ពួកគេ ចប់សព្វគ្រប់ហើយ 2លោកអសារាជាកូនរបស់លោកហូសាយ៉ា លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងអស់អ្នកដែលវាយឫកខ្ពស់ ពោលមកកាន់យេរេមាថា៖ «អ្នកនិយាយកុហក! អុលឡោះតាអាឡា ជាម្ចាស់របស់យើង ពុំបានចាត់អ្នកឲ្យមកហាមពួកយើងទៅរស់នៅស្រុកអេស៊ីបឡើយ 3គឺបារូក ជាកូនរបស់លោកនេរីយ៉ាទេតើ ដែលអុចអាលអ្នកឲ្យប្រឆាំងនឹងពួកយើង ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ពួកខាល់ដេ ហើយពួកនោះនឹងសម្លាប់ ឬចាប់ពួកយើងទៅជាឈ្លើយនៅបាប៊ីឡូន»។ 4លោកយ៉ូហាណានជាកូនរបស់លោកការ៉ា ពួកមេទ័ព និងប្រជាជនទាំងអស់ មិនព្រមស្ដាប់បន្ទូលដែលអុលឡោះតាអាឡាបង្គាប់ឲ្យពួកគេរស់នៅក្នុងស្រុកយូដាឡើយ។ 5លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងពួកមេទ័ព នាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ គឺប្រជាជនដែលពីមុនភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិជិតខាងទាំងប៉ុន្មាន ហើយវិលមករស់នៅក្នុងស្រុកយូដាវិញ 6រួមមានទាំងប្រុស ទាំងស្រី ទាំងក្មេងៗ ទាំងបុត្រីរបស់ស្ដេច និងអ្នកឯទៀតៗដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ បានទុកឲ្យនៅជាមួយលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផានទៅជាមួយ។ គេក៏នាំណាពីយេរេមា និងលោកបារូក ជាកូនរបស់លោកនេរីយ៉ាទៅដែរ។ 7ពួកគេពុំព្រមស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាទេ គឺពួកគេចេញដំណើរទៅស្រុកអេស៊ីប ហើយទៅដល់ក្រុងតាផាណែស។
បន្ទូលរបស់អុលឡោះស្ដីអំពីស្តេចនេប៊ូក្នេសាវាយលុកស្រុកអេស៊ីប
8នៅក្រុងតាផាណែស អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមាដូចតទៅ៖
9«ចូរយកដុំថ្មធំៗទៅកប់ក្នុងដីឥដ្ឋ ដែលស្ថិតនៅព្រលានធ្វើពីឥដ្ឋខាងមុខមាត់ទ្វារដំណាក់របស់ស្ដេចហ្វៀរ៉អ៊ូន នាក្រុងតាផាណែស ឲ្យប្រជាជនយូដាឃើញ 10រួចប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: យើងនឹងប្រើគេឲ្យទៅហៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ យើងនឹងដាក់បល្ល័ង្ករបស់នេប៊ូក្នេសាត្រង់កន្លែងកប់ថ្មនេះ ហើយនេប៊ូក្នេសាក៏ដំឡើងស្វេតច្ឆត្ររបស់ខ្លួននៅកន្លែងនេះដែរ។ 11នេប៊ូក្នេសានឹងមកវាយស្រុកអេស៊ីប។ ពេលនោះ អ្នកណាដែលតំរូវឲ្យស្លាប់ អ្នកនោះត្រូវតែស្លាប់ អ្នកណាដែលតំរូវឲ្យជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរយកទៅជាឈ្លើយ អ្នកណាដែលតំរូវឲ្យស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ! 12យើងនឹងដុតកំទេចវិហាររបស់ព្រះនានានៃស្រុកអេស៊ីប គឺនេប៊ូក្នេសានឹងដុតកំទេចរូបបដិមាទាំងនោះ ហើយនាំយកខ្លះទៅជាជយភ័ណ្ឌផង។ នេប៊ូក្នេសានឹងរឹបអូសយកអ្វីៗចេញអស់ពីស្រុកអេស៊ីប ដូចគេយកចៃចេញពីអាវរោមសត្វដែរ។ បន្ទាប់មក នេប៊ូក្នេសាចាកចេញទៅវិញ ដោយសុខសាន្ត។ 13ស្ដេចស្រុកបាប៊ីឡូននឹងកំទេចស្ដូបទាំងឡាយ នៅក្រុងបេតសេម៉េសក្នុងស្រុកអេស៊ីប ព្រមទាំងដុតកំទេចវិហាររបស់ព្រះនានានៃស្រុកអេស៊ីបផង»។
ទើបបានជ្រើសរើសហើយ៖
ណាពីយេរេមា 43: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.