ណាពីយេរេមា 42
42
ណាពីយេរេមាជំទាស់នឹងជនជាតិយូដាដែលចង់ភៀសខ្លួនទៅស្រុកអេស៊ីប
1ពួកមេទ័ពទាំងអស់ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា លោកយេសានាជាកូនរបស់លោកហូសាយ៉ា និងប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ នាំគ្នាទៅជួបណាពីយេរេមា 2ពោលថា៖ «សូមអាណិតមេត្តាយើងខ្ញុំ ហើយទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក សូមទ្រង់ប្រណីសន្ដោសដល់យើងខ្ញុំ ដែលនៅសេសសល់ផង! ពីមុន យើងមានគ្នាច្រើន តែឥឡូវនេះ យើងនៅសល់តែបន្តិចបន្តួច ដូចអ្នកឃើញស្រាប់ហើយ។ 3សូមអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បង្ហាញឲ្យយើងខ្ញុំស្គាល់ផ្លូវដែលយើងខ្ញុំត្រូវដើរ និងអំពើដែលយើងខ្ញុំត្រូវប្រព្រឹត្ត»។ 4ណាពីយេរេមាតបទៅពួកគេវិញថា៖ «ខ្ញុំយល់ព្រមហើយ ខ្ញុំនឹងទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា តាមសំណូមពររបស់អ្នករាល់គ្នា រួចហើយ ខ្ញុំនឹងជម្រាបឲ្យអ្នករាល់គ្នាដឹង នូវបន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាឆ្លើយមកអ្នករាល់គ្នាវិញ ឥតលាក់លៀមត្រង់ណាឡើយ»។ 5ពួកគេពោលមកកាន់យេរេមាថា៖ «សូមអុលឡោះតាអាឡាធ្វើជាសាក្សីដ៏ពិតប្រាកដ និងដោយស្មោះត្រង់! ប្រសិនបើយើងខ្ញុំមិនធ្វើតាមបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បង្គាប់មកយើងខ្ញុំតាមរយៈអ្នកទេនោះ សូមទ្រង់ដាក់ទោសយើងខ្ញុំចុះ! 6យើងខ្ញុំបានសូមឲ្យអ្នកទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់យើង។ យើងខ្ញុំសុខចិត្តធ្វើតាមបន្ទូលរបស់ទ្រង់ ទោះបីយើងខ្ញុំពេញចិត្ត ឬមិនពេញចិត្តក្ដី។ ដូច្នេះ យើងខ្ញុំនឹងមានសេចក្ដីសុខ ដោយធ្វើតាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ»។
7ដប់ថ្ងៃកន្លងមក អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមា 8ហើយគាត់ក៏ហៅលោកយ៉ូហាណាន និងពួកមេទ័ពទាំងអស់ដែលនៅជាមួយគាត់ ព្រមទាំងប្រជាជនទាំងអស់ តាំងពីអ្នកតូចរហូតដល់អ្នកធំ។ 9គាត់មានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលដូចតទៅ:
10ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ
តទៅទៀត
យើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នា
គឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។
យើងនឹងដាំអ្នករាល់គ្នា
គឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។
យើងនឹងនឹកស្ដាយ
ដោយបានដាក់ទោសអ្នករាល់គ្នា។
11កុំខ្លាចស្ដេចស្រុកបាប៊ីឡូន
ដូចអ្នករាល់គ្នាកំពុងតែខ្លាចនេះធ្វើអ្វី
កុំខ្លាចឲ្យសោះ
-នេះជាបន្ទូលរបស់អុលឡោះតាអាឡា-
ដ្បិតយើងស្ថិតនៅជាមួយអ្នករាល់គ្នា
ដើម្បីសង្គ្រោះ និងរំដោះអ្នករាល់គ្នា
ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចនោះ។
12យើងនឹងធ្វើឲ្យស្ដេចស្រុកបាប៊ីឡូន
អាណិតមេត្តាដល់អ្នករាល់គ្នា
ហើយស្ដេចនោះក៏អាណិតមេត្តាអ្នករាល់គ្នា
ព្រមទាំងឲ្យអ្នករាល់គ្នាវិលមក
រស់នៅលើទឹកដីរបស់អ្នករាល់គ្នាវិញ។
13ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំមិនចង់រស់នៅក្នុងស្រុកនេះទេ!” គឺអ្នករាល់គ្នាមិនព្រមស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា 14ហើយប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំនឹងទៅរស់នៅក្នុងស្រុកអេស៊ីប ដើម្បីកុំឲ្យឃើញសង្គ្រាម កុំឲ្យឮសំឡេងត្រែ កុំឲ្យខ្វះអាហារបរិភោគ!” 15ជនជាតិយូដាដែលនៅសេសសល់អើយ បើអ្នករាល់គ្នាគិតដូច្នោះមែន ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា:
ប្រសិនបើអ្នករាល់គ្នាសម្រេចចិត្ត
ភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមែននោះ
16មុខដាវដែលអ្នករាល់គ្នាខ្លាច
នឹងទៅតាមអ្នករាល់គ្នានៅស្រុកអេស៊ីប
ទុរ្ភិក្សដែលអ្នករាល់គ្នានឹកបារម្ភ
នឹងតាមអ្នករាល់គ្នាជាប់
រហូតដល់ស្រុកអេស៊ីប
ហើយអ្នករាល់គ្នានឹងស្លាប់នៅទីនោះ។
17អស់អ្នកដែលសម្រេចចិត្តភៀសខ្លួន
ទៅរស់នៅស្រុកអេស៊ីប
មុខជាត្រូវស្លាប់ ដោយមុខដាវ
ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ
គឺគ្មាននរណាម្នាក់រួចជីវិត
ឬគេចផុតពីគ្រោះកាចដែលយើងនឹង
ធ្វើឲ្យកើតមានដល់ពួកគេឡើយ។
18 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។ 19ជនជាតិយូដាដែលនៅសេសសល់អើយ អុលឡោះតាអាឡាមានបន្ទូលមកអ្នករាល់គ្នាថា កុំទៅស្រុកអេស៊ីបឡើយ! ចូរដឹងឲ្យច្បាស់ថា ថ្ងៃនេះ ខ្ញុំនិយាយយ៉ាងដាច់អហង្ការជាមួយអ្នករាល់គ្នា។ 20អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំឲ្យទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ទាំងពោលថា “សូមទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំឲ្យយើងខ្ញុំផង អ្វីៗដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ មានបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។ 21ខ្ញុំក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ តែអ្នករាល់គ្នាពុំព្រមស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ហើយក៏ពុំស្ដាប់សេចក្ដីទាំងប៉ុន្មានដែលទ្រង់បង្គាប់ឲ្យខ្ញុំនាំមកប្រាប់អ្នករាល់គ្នាដែរ។ 22ឥឡូវនេះ ចូរដឹងឲ្យច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស ឬដោយជំងឺអាសន្នរោគ ក្នុងស្រុកដែលអ្នករាល់គ្នាចង់ទៅរស់នៅ»។
ទើបបានជ្រើសរើសហើយ៖
ណាពីយេរេមា 42: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.