ណាពី​យេរេមា 41

41
1នៅ​ខែ​ទី​ប្រាំ‌ពីរ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​អេលី‌សាម៉ា ដែល​ជាប់​ពូជ​ស្ដេច ហើយ​ធ្លាប់​កាន់​មុខ​តំណែង​នៅ​ក្នុង​វាំង បាន​មក​ជួប​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម នៅ​មីសប៉ា ដោយ​នាំ​ទាហាន​ដប់​នាក់​មក​ជា​មួយ​ផង។ ពេល​កំពុង​តែ​បរិភោគ​ជា​មួយ​គ្នា 2លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ក្រោក​ឡើង​ជា​មួយ​ទាហាន​របស់​គាត់​ទាំង​ដប់​នាក់ ហើយ​យក​ដាវ​ចាក់​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក។ 3លោក​អ៊ីស្មា‌អែល​ក៏​បាន​សម្លាប់​ជន‌ជាតិ​យូដា​ទាំង​អស់ ព្រម​ទាំង​ទាហាន​ជាតិ​ខាល់ដេ​ដែល​នៅ​ជា​មួយ​លោក​កេដា‌លា នៅ​មីសប៉ា​ដែរ។
4ពេល​នោះ គ្មាន​នរណា​ដឹង​អំពី​ការ​ធ្វើ​ឃាត​លោក​កេដា‌លា​ទេ។ នៅ​ថ្ងៃ​បន្ទាប់ 5មាន​ប្រជា‌ជន​ប៉ែត‌សិប​នាក់​ធ្វើ​ដំណើរ​ពី​ភូមិ​ស៊ី‌គែម ពី​ស៊ីឡូ និង​ពី​ក្រុង​សាម៉ារី មក​ដល់​ទាំង​កោរ​ពុក​ចង្កា និង​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​ឆូត​សាច់​ខ្លួន​ឯង​ផង។ ពួក​គេ​កាន់​ជំនូន និង​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​ជូន​នៅ​ក្នុង​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា6លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ចេញ​ពី​មីសប៉ា ដើរ​ទៅ​រក​ពួក​គេ​ទាំង​យំ​ផង។ ពេល​ជួប​ពួក​គេ​ហើយ​គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ផ្ទះ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម​សិន»។ 7ពេល​ទៅ​ដល់​កណ្ដាល​ទីក្រុង លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា បាន​សម្លាប់​ពួក​គេ រួច​បោះ​សាក‌សព​ទៅ​ក្នុង​អណ្ដូង ដោយ​មាន​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ជួយ​ផង។ 8ប៉ុន្តែ ក្នុង​ចំណោម​ពួក​គេ មាន​ដប់​នាក់​ពោល​ទៅ​កាន់​លោក​អ៊ីស្មា‌អែល​ថា៖ «សូម​កុំ​សម្លាប់​យើង​ខ្ញុំ​អី យើង​ខ្ញុំ​មាន​ស្បៀង​អាហារ​លាក់​ទុក​នៅ​ក្នុង​ចម្ការ គឺ​មាន​ស្រូវ មាន​អង្ករ ប្រេង និង​ទឹក​ឃ្មុំ»។ លោក​អ៊ីស្មា‌អែល​ក៏​ទុក​ជីវិត​ឲ្យ​អ្នក​ទាំង​ដប់​នោះ។ 9រីឯ​អណ្ដូង​ដែល​លោក​អ៊ីស្មា‌អែល​បោះ​សាក‌សព​អ្នក​ដែល​គាត់​បាន​សម្លាប់ ជា​អណ្ដូង​ដែល​ស្តេច​អេសា ជា​ស្ដេច​ស្រុក​យូដា​បាន​ជីក នៅ​គ្រា​ធ្វើ​សឹក​ជា​មួយ​ស្តេច​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល។ លោក​អ៊ីស្មា‌អែល​បោះ​សាក‌សព​ពេញ​ក្នុង​អណ្ដូង​នោះ។ 10លោក​អ៊ីស្មា‌អែល​ចាប់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នៅ​មីសប៉ា ព្រម​ទាំង​ពួក​បុត្រី​របស់​ស្ដេច និង​អស់​អ្នក​ដែល​រស់​នៅ​មីសប៉ា គឺ​អស់​អ្នក​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ ផ្ទុក‌ផ្ដាក់​ទៅ​ឲ្យ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មើល​ខុស​ត្រូវ នាំ​ទៅ​ជា​ឈ្លើយ។ លោក​អ៊ីស្មា‌អែល​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ​នាំ​ទៅ​ស្រុក​អាំម៉ូន។
11កាល​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ដឹង​ពី​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា​បាន​ប្រព្រឹត្ត 12ពួក​គេ​ក៏​នាំ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ចេញ​ទៅ​តាម​វាយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ពួក​គេ​តាម​គាត់​ទាន់​នៅ​បឹង​គីបៀន។ 13ប្រជា‌ជន​ដែល​លោក​អ៊ីស្មា‌អែល​ចាប់​នាំ​មក​ជា​មួយ ឃើញ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​លោក គេ​ត្រេក‌អរ​យ៉ាង​ខ្លាំង។ 14ពេល​នោះ ប្រជា‌ជន ដែល​លោក​អ៊ីស្មា‌អែល​ចាប់​ទៅ​ជា​ឈ្លើយ នាំ​គ្នា​បក​ក្រោយ ចូល​ដៃ​ជា​មួយ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា។ 15រីឯ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា និង​បក្ស‌ពួក​របស់​គាត់​ប្រាំ​បី​នាក់ បាន​គេច​ខ្លួន​រួច ហើយ​រត់​ទៅ​ដល់​ស្រុក​អាំម៉ូន។ 16លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ព្រម​ទាំង​ពួក​មេ​ទាហាន​នៅ​ជា​មួយ​បាន​នាំ​ប្រជា‌ជន ដែល​គាត់​រំដោះ​ពី​លោក​អ៊ីស្មា‌អែល​នៅ​គីបៀន​មក​វិញ គឺ​ទាំង​ទាហាន ទាំង​ស្ត្រី ទាំង​ក្មេងៗ ទាំង​មហា‌តលិក​ដែល​នៅ​សេស‌សល់ ហើយ​ត្រូវ​លោក​អ៊ីស្មា‌អែល​ចាប់​ពី​មីសប៉ា ក្រោយ​បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម។ 17ពួក​គេ​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឈប់​នៅ​ផ្ទះ​សំណាក់​គីមហាំ ជិត​ភូមិ​បេថ្លេ‌ហិម បម្រុង​នឹង​បន្ត​ដំណើរ​ទៅ​ស្រុក​អេស៊ីប 18ដើម្បី​គេច​ពី​ពួក​ខាល់ដេ ព្រោះ​ពួក​គេ​នឹក​ខ្លាច ដោយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក។

ទើបបានជ្រើសរើសហើយ៖

ណាពី​យេរេមា 41: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល