ណាពី​ហូសេ 4

4
អុលឡោះ​ចោទ​ប្រកាន់​ប្រជា‌រាស្ត្រ​របស់​ទ្រង់
1ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ចូរ​ស្ដាប់
បន្ទូល​របស់អុលឡោះ‌តាអាឡា!
អុលឡោះ‌តាអាឡា​កំពុង​តែ​ប្ដឹង​នឹង​អ្នក​ស្រុក​នេះ
ដ្បិត​នៅ​ក្នុង​ស្រុក​នេះ គ្មាន​ការ​ស្មោះ​ត្រង់ គ្មាន​ភក្ដី‌ភាព
ហើយ​ក៏​គ្មាន​នរណា​ស្គាល់​អុលឡោះ​ដែរ។
2ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ដាក់​បណ្ដាសា​គ្នា
ការ​បោក​ប្រាស់​គ្នា សម្លាប់​គ្នា
អំពើ​ចោរ‌កម្ម និង​ការ​ផិត​ក្បត់
ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ និង​ឃាត‌កម្ម
ជា​បន្ត​បន្ទាប់​គ្នា។
3ហេតុ​នេះ ស្រុក​របស់​ពួក​គេ​នឹង​រាំង​ស្ងួត
អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង
សត្វ​ព្រៃ និង​បក្សា‌បក្សី ធ្លាក់​ទន់​ខ្សោយ
សូម្បី​តែ​ត្រី​នៅ​ក្នុង​សមុទ្រ​ក៏​ត្រូវ​វិនាស​សូន្យ
ជា​មួយ​ពួក​គេ​ដែរ។
បន្ទូល​ប្រឆាំង​នឹង​អ៊ីមុាំ
4ប៉ុន្តែ មិន​ត្រូវ​ឲ្យ​នរណា​ជំទាស់ ឬ​ស្ដី​បន្ទោស​នរណា​ម្នាក់​ទៀត​ឡើយ ដ្បិត​ប្រជា‌ជន​របស់​អ្នក​ប្រៀប​ដូច​ជា​មនុស្ស​ដែល​ជំទាស់​នឹង​អ៊ីមុាំ។
5នៅ​ពេល​ថ្ងៃ អ្នក​នឹង​ជំពប់​ដួល
នៅ​ពេល​យប់ ណាពី​ជំពប់​ដួល​ជា​មួយ​អ្នក
ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ម្ដាយ​របស់​អ្នក
ត្រូវ​វិនាស​ដែរ។
6ប្រជា‌ជន​របស់​យើង​វិនាស
ព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។
ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើង
យើង​នឹង​បណ្ដេញ​អ្នក​មិន​ឲ្យ​បំពេញ​មុខ‌ងារ
ជា​អ៊ីមុាំ​បម្រើ​យើង​ទៀត​ដែរ។
ដោយ​អ្នក​បាន​បំភ្លេច​ហ៊ូកុំ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក
យើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។
7ពួក​អ៊ីមុាំ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ប្រព្រឹត្ត
អំពើ​បាប​ប្រឆាំង​នឹង​យើង
យើង​នឹង​ដូរ​កិត្តិយស​របស់​ពួក​គេ
ឲ្យ​ទៅ​ជា​ភាព​អាម៉ាស់។
8អ្នក​ទាំង​នោះ​បំប៉ន​ខ្លួន​ឲ្យ​ធំ​ធាត់ ដោយ‌សារ
ជំនូន​លោះ​បាប​នៃ​ប្រជា‌ជន​របស់​យើង
ហើយ​សប្បាយ​ចិត្ត
ដោយ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់។
9អ៊ីមុាំ​ក៏​ដូច​ជា​ប្រជា‌ជន​ដែរ
យើង​នឹង​ដាក់​ទោស​ពួក​គេ
តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត
គឺ​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ណា
យើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​នោះ​ដែរ។
10ពួក​គេ​បរិភោគ តែ​មិន​ចេះ​ឆ្អែត
ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
តែ​មិន​បាន​ចំរុង‌ចំរើន​ទេ
ដ្បិត​ពួក​គេ​បោះ​បង់​ចោល​យើង
ដែល​ជាអុលឡោះ‌តាអាឡា ទៅ​ប្រព្រឹត្ត
11អំពើ​ពេស្យា‌ចារ។
ចិត្ត​ប្រាថ្នា​ចង់​បាន​ស្រា​ចាស់ និង​ស្រា​ថ្មី
បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង។
12ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ
ឲ្យ​ទស្សន៍‌ទាយ
ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង!
គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង
ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
ដោយ​ងាក​ចេញ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន។
13ពួក​គេ​តែងតែ​ធ្វើ​គូរបាន​នៅ​តាម​កំពូល​ភ្នំ
ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ទួល​ខ្ពស់
នៅ​ក្រោម​ដើម​ជ្រៃ ក្រោម​ដើម​ពោធិ
និង​ក្រោម​ដើម​ម៉ៃ‌សាក់
ដែល​មាន​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ!
ហេតុ​នេះ កូន​ស្រី​របស់​អ្នក​រាល់​គ្នា
ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា
ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។
14យើង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
ហើយ​ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់
អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ផិត​ក្បត់​របស់​គេ​ដែរ
ដ្បិត​អ្នក​រាល់​គ្នា​ផ្ទាល់​បាន​ដក​ខ្លួន
ទៅ​ជា​មួយ​ស្រី​ពេស្យា
និង​ធ្វើ​យញ្ញ‌បូជា​រួម​ជា​មួយ​ស្រី​ពេស្យា​នៃ​វិហារ​ព្រះ​ក្លែង‌ក្លាយ។
ប្រជា‌ជន​ដែល​មិន​ចេះ​គិត​ពិចារណា​បែប​នេះ
រមែង​បោះ​ជំហាន​ទៅ​រក​សេចក្ដី​វិនាស។
15អ៊ីស្រ‌អែល​អើយ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត
អំពើ​ពេស្យា‌ចារ​ដូច្នេះ
មិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេ
កុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេន
ឬ​ក៏​ស្បថ​ក្នុង​នាម
អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប​ដែរ។
16អ៊ីស្រ‌អែល​មាន​ចិត្ត​រឹង‌រូស​ដូច​គោ​ញី​កៀច ហេតុ​អ្វី​បាន​ជាអុលឡោះ‌តាអាឡា​ត្រូវ​ឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​ដ៏​ទូលំ‌ទូលាយ​ដូច្នេះ? 17បើ​អេប្រាអ៊ីម​ចូល​រួម​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ទុក​ឲ្យ​គេ​ចូល​រួម​ទៅ! 18ពួក​គេ​ផឹក​ស្រា​មិន​ទាន់​អស់​ចិត្ត​ផង នោះ​ពួក​គេ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។ មេ​ដឹក​នាំ​របស់​ពួក​គេ​ចូល​ចិត្ត​អំពើ​ដ៏​អាម៉ាស់។ 19ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​គូរបាន​របស់​ខ្លួន។

ទើបបានជ្រើសរើសហើយ៖

ណាពី​ហូសេ 4: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល