ណាពីហូសេ 12
12
ទោសរបស់កូនចៅណាពីយ៉ាកកូប
1«អេប្រាអ៊ីមចេះតែនាំគ្នាបោក
បញ្ឆោតយើង
កូនចៅអ៊ីស្រអែលចេះតែបោកប្រាស់យើង»
ហើយយូដាមិនស្ថិតនៅជាប់នឹងអុលឡោះទេ
គេមិនស្មោះត្រង់នឹងម្ចាស់ដ៏វិសុទ្ធ។
2អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការ
គឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។
រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់
និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើនឡើងៗ។
អេប្រាអ៊ីមចងសម្ពន្ធមិត្តជាមួយស្រុកអាស្ស៊ីរី
ហើយយកប្រេងទៅចងមិត្តភាពជាមួយ
ស្រុកអេស៊ីប។
3 អុលឡោះតាអាឡាក៏មានសំណុំរឿងជាមួយយូដាដែរ
ទ្រង់នឹងដាក់ទោសកូនចៅយ៉ាកកូប
ព្រោះតែមារយាទអាក្រក់របស់ពួកគេ
ទ្រង់តបស្នងទៅពួកគេវិញ
តាមអំពើដែលខ្លួនប្រព្រឹត្ត។
4ពេលនៅក្នុងផ្ទៃម្ដាយ
យ៉ាកកូបបានតោងកែងជើងបងរបស់ខ្លួន
លុះដល់ពេលធំពេញវ័យ
គាត់បានតស៊ូជាមួយអុលឡោះ។
5គាត់បានតស៊ូជាមួយម៉ាឡាអ៊ីកាត់
គាត់បានឈ្នះម៉ាឡាអ៊ីកាត់នោះ
រួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។
គាត់បានជួបអុលឡោះនៅបេតអែល
គឺនៅទីនោះហើយដែលទ្រង់មានបន្ទូល
មកកាន់គាត់។
6ទ្រង់ជាម្ចាស់នៃពិភពទាំងមូល
នាមរបស់ទ្រង់ គឺអុលឡោះតាអាឡា។
7ចំពោះអ្នកវិញ ចូរវិលមករកម្ចាស់របស់អ្នក
ចូរកាន់ចិត្តសុចរិត និងយុត្តិធម៌
ចូរសង្ឃឹមទុកចិត្តលើទ្រង់រហូតតទៅ។
8ប្រជាជនកាន់ជញ្ជីងមិនត្រឹមត្រូវនៅដៃ
ដូចអ្នកជំនួញដែរ
គេចូលចិត្តកេងប្រវ័ញ្ចអ្នកផ្សេង។
9អេប្រាអ៊ីមពោលថា:
“ខ្ញុំរកស៊ីមានបាន ខ្ញុំមានធនធាន
ដោយសារកម្លាំងញើសរបស់ខ្ញុំទាំងស្រុង
គឺខ្ញុំគ្មានធ្វើអ្វីខុសឡើយ”។
10«ប៉ុន្តែ យើងជាអុលឡោះតាអាឡា
យើងជាម្ចាស់របស់អ្នកតាំងពីស្រុកអេស៊ីបមក។
យើងនឹងនាំអ្នកឲ្យទៅរស់នៅតាមខ្ទម
សាជាថ្មី ដូចគ្រាពិធីបុណ្យដ៏សំខាន់។
11យើងបាននិយាយទៅកាន់ពួកណាពី
យើងបានសំដែងនិមិត្តហេតុដ៏អស្ចារ្យជាច្រើន
ហើយយើងក៏បានចោទជាប្រស្នា
តាមរយៈពួកណាពីដែរ»។
12អ្នកស្រុកកាឡាដសុទ្ធតែជាជនទុច្ចរិត
ដូច្នេះ ហើយបានជាពួកគេវិនាសសូន្យ។
ពួកគេចេះតែយកគោមកធ្វើគូរបាន
នៅគីលកាល
ហេតុនេះ អាសនៈរបស់ពួកគេនឹងក្លាយទៅជា
គំនរឥដ្ឋនៅរាត់រាយតាមចម្ការដែលគេភ្ជួរ។
13យ៉ាកកូបភៀសខ្លួនទៅនៅស្រុកអើរ៉ាម
អ៊ីស្រអែលបម្រើគេ
ព្រោះចង់បានប្រពន្ធ
គាត់មើលថែទាំហ្វូងសត្វ ដើម្បីបានប្រពន្ធ។
14 អុលឡោះតាអាឡាបានប្រើណាពីមួយនាក់ឲ្យនាំ
ជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប
ហើយទ្រង់ប្រើណាពីឲ្យមើលថែទាំ
ប្រជារាស្ត្ររបស់ទ្រង់។
15អេប្រាអ៊ីមបានធ្វើឲ្យអុលឡោះតាអាឡា
ខកចិត្តយ៉ាងខ្លាំង
ម្ចាស់របស់គេនឹងដាក់ទោសគេ
ព្រោះគេបានបង្ហូរឈាម។
ទ្រង់ដាក់ទោសគេ
ព្រោះគេព្រហើនដាក់ទ្រង់។
ទើបបានជ្រើសរើសហើយ៖
ណាពីហូសេ 12: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.