កំណើត​ពិភព​លោក 21

21
កំណើត​របស់​ណាពី​អ៊ីសា‌ហាក់
1 អុលឡោះ‌តាអាឡា​បាន​ប្រោស​ប្រណី​សារ៉ា ស្រប​តាម​សេចក្តី​ដែល​ទ្រង់​មាន​បន្ទូល​ទុក គឺ​ប្រព្រឹត្ត​ចំពោះ​គាត់ ស្រប​តាម​បន្ទូល​របស់​ទ្រង់។ 2សារ៉ា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ជូន​អ៊ីព្រហ៊ីម ក្នុង​ពេល​គាត់​មាន​វ័យ​ចាស់​ជរា ត្រូវ​តាម​ពេល​កំណត់​ដែល​អុលឡោះ​មាន​បន្ទូល​ប្រាប់​គាត់។ 3គាត់​ដាក់​ឈ្មោះ​កូន​ដែល​កើត​មក​នោះ គឺ​កូន​ដែល​សារ៉ា​បាន​បង្កើត​ជូន​គាត់​ថា “អ៊ីសា‌ហាក់”។ 4ពេល​អ៊ីសា‌ហាក់ ជា​កូន កើត​បាន​ប្រាំ​បី​ថ្ងៃ អ៊ីព្រហ៊ីម​ខតាន់​ឲ្យ ស្រប​តាម​ហ៊ូកុំ​របស់​អុលឡោះ។ 5ពេល​អ៊ីសា‌ហាក់ ជា​កូន កើត​មក​នោះ អ៊ីព្រហ៊ីម​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ។ 6ពេល​នោះ សារ៉ា​ពោល​ថា៖ «អុលឡោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​អស់​សំណើច​ពី​ខ្ញុំ គឺ​អ្នក​ណា​ដឹង​រឿង​ខ្ញុំ គេ​មុខ​ជា​សើច​មិន​ខាន»។ 7គាត់​ពោល​ទៀត​ថា៖ «តើ​នរណា​អាច​នឹក​ភ្នក​និយាយ​ទៅ​អ៊ីព្រហ៊ីម​ថា “ថ្ងៃ​មួយ សារ៉ា​ត្រូវ​បំបៅ​កូន”? ក៏​ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​គាត់ ក្នុង​គ្រា​ដែល​គាត់​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ»។
សាទី​ហាជើរ និង​ណាពី​អ៊ីស្មាអែល នៅ​វាល​រហោ‌ស្ថាន
8លុះ​អ៊ីសា‌ហាក់​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្តាច់​ដោះ អ៊ីព្រហ៊ីម​រៀប​ពិធី​ជប់​លាង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្តាច់​ដោះ​នោះ។ 9សារ៉ា​ឃើញ​អ៊ីស្មា‌អែល ជា​កូន​ដែល​ហាជើរ ស្ត្រី​សាសន៍​អេស៊ីប​បង្កើត​ជូន​អ៊ីព្រហ៊ីម​កំពុង​តែ​សើច​លេង 10គាត់​ជម្រាប​អ៊ីព្រហ៊ីម​ថា៖ «សូម​បណ្តេញ​ស្រី​បម្រើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​មិន​ត្រូវ​ឲ្យ​កូន​របស់​ស្រី​បម្រើ​នេះ ទទួល​មត៌ក​រួម​ជា​មួយ​អ៊ីសា‌ហាក់ កូន​របស់​ខ្ញុំ​ឡើយ»។ 11ពាក្យ​នេះ​ធ្វើ​ឲ្យ​អ៊ីព្រហ៊ីម​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អ៊ីស្មា‌អែល​ក៏​ជា​កូន​របស់​គាត់​ដែរ។ 12ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​មក​កាន់​អ៊ីព្រហ៊ីម​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសា‌ហាក់​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​ឲ្យ​អ្នក។ 13រីឯ​កូន​ប្រុស​របស់​ស្រី​បម្រើ​នោះ​វិញ យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ ដ្បិត​វា​ក៏​ជា​ពូជ‌ពង្ស​របស់​អ្នក​ដែរ»។
14ស្អែក​ឡើង អ៊ីព្រហ៊ីម​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក​មក​ប្រគល់​ឲ្យ​ហាជើរ ហើយ​លើក​កូន​ដាក់​លើ-ក​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ ហាជើរ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល​វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរសេ‌បា។ 15ពេល​អស់​ទឹក​ពី​បំពង់​ហើយ នាង​ទុក​កូន​ចោល​នៅ​ក្រោម​ដើម​ឈើ​តូច​មួយ 16រួច​នាង​ទៅ​អង្គុយ​ដាច់​ឡែក​ពី​កូន ចម្ងាយ​ប្រមាណ​មួយ​សន្ទុះ​ព្រួញ ដ្បិត​នាង​ពោល​ថា៖ «ខ្ញុំ​មិន​ចង់​ឃើញ​កូន​ស្លាប់​នៅ​មុខ​ខ្ញុំ​ឡើយ!»។ ដូច្នេះ នាង​ក៏​អង្គុយ​ដាច់​ឡែក​ពី​កូន ហើយ​ចាប់​ផ្តើម​ទ្រហោ​យំ។ 17អុលឡោះ​ឮ​សំរែក​របស់​ក្មេង​នោះ ហើយ​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ហៅ​ហាជើរ ពី​លើ​មេឃ​មក​ថា៖ «ហាជើរ​អើយ តើ​នាង​មាន​រឿង​អ្វី? កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ដ្បិត​អុលឡោះ​ឮ​សំរែក​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។ 18ចូរ​ក្រោក​ឡើង ទៅ​យក​កូន​ប្រុស​នាង ហើយ​ចាប់​ដៃ​វា​លើក​ឡើង ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ»។ 19អុលឡោះ​បាន​ប្រោស​ឲ្យ​នាង​ឃើញ​អណ្តូង​មួយ​ដែល​មាន​ទឹក នាង​ក៏​ដាក់​ទឹក​ពេញ​បំពង់ រួច​យក​ទៅ​ឲ្យ​កូន​ផឹក។
20អុលឡោះ​នៅ​ជា​មួយ​ក្មេង​នោះ វា​មាន​វ័យ​ចំរើន​ឡើង ហើយ​រស់​នៅ​តាម​វាល​រហោ‌ស្ថាន និង​ពូកែ​បាញ់​ធ្នូ។ 21អ៊ីស្មា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស្រុក​ប៉ារ៉ាន ហើយ​ម្តាយ​ក៏​ដណ្តឹង​កូន​ស្រី​ជាតិ​អេស៊ីប​ម្នាក់ មក​ឲ្យ​ធ្វើ​ជា​ភរិយា។
អ៊ីព្រហ៊ីម​ចង​សម្ពន្ធ​មេត្រី​ជា​មួយ​ស្តេច​អប៊ីម៉ាឡិច
22នៅ​គ្រា​នោះ ស្តេច​អប៊ីម៉ា‌ឡិច​មក​ជួប​អ៊ីព្រហ៊ីម ដោយ​មាន​ភីកុល ជា​មេ‌ទ័ព​របស់​គាត់​មក​ជា​មួយ​ដែរ។ ស្តេច​មាន​ប្រសាសន៍​ទៅ​គាត់​ដូច​តទៅ៖ «អុលឡោះ​នៅ​ជា​មួយ​អ្នក​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ។ 23ដូច្នេះ សូម​អ្នក​ស្បថ​ជា​មួយ​ខ្ញុំ​នៅ​ពេល​នេះ ដោយ​មាន​អុលឡោះ​ជា​សាក្សី​នៅ​ទី​នេះ ថា​អ្នក​នឹង​មិន​ក្បត់​ខ្ញុំ កូន​ចៅ​ខ្ញុំ ឬ​ពូជ‌ពង្ស​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​យ៉ាង​ណា សូម​អ្នក​មាន​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ និង​ទឹក​ដី​ដែល​អ្នក​ស្នាក់​នៅ​នេះ យ៉ាង​នោះ​ដែរ»។ 24អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ថា៖ «ខ្ញុំ​សូម​ស្បថ​ដូច្នេះ!»។ 25ប៉ុន្តែ អ៊ីព្រហ៊ីម​ប្តឹង​ស្តេច​អប៊ីម៉ា‌ឡិច ស្តី​អំពី​អណ្តូង​ទឹក​ដែល​ប្រជា‌រាស្ត្រ​របស់​ស្តេច​អប៊ីម៉ា‌ឡិច​បាន​ដណ្តើម​យក​ពី​គាត់។ 26ស្តេច​អប៊ីម៉ា‌ឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នរណា​បាន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​អ្នក​ពុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង គឺ​ខ្ញុំ​ទើប​តែ​ដឹង​នៅ​ពេល​នេះ​ប៉ុណ្ណោះ»។
27អ៊ីព្រហ៊ីម​បាន​យក​ចៀម និង​គោ មក​ជូន​ស្តេច​អប៊ីម៉ា‌ឡិច រួច​គាត់​ទាំង​ពីរ​ចង​សម្ពន្ធ​មេត្រី​ជា​មួយ​គ្នា។ 28អ៊ីព្រហ៊ីម​ញែក​ចៀម​ញី​ស្ទាវៗ​ប្រាំ​ពីរ​ក្បាល ទុក​ដោយ​ឡែក។ 29ស្តេច​អប៊ីម៉ា‌ឡិច​សួរ​គាត់​ថា៖ «អ្នក​ញែក​ចៀម​ប្រាំ​ពីរ​ក្បាល​នេះ​ទុក​សម្រាប់​ធ្វើ​អ្វី?»។ 30គាត់​តប​ថា៖ «សូម​មេត្តា​ទទួល​យក​ចៀម​ទាំង​ប្រាំ​ពីរ​នេះ ពី​ដៃ​ខ្ញុំ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​បាន​ជីក​អណ្តូង​ទឹក​នោះ​មែន»។ 31ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរសេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ ដែល​គាត់​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា ទៅ​វិញ​ទៅ​មក។ 32ដូច្នេះ អ្នក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​នៅ​បៀរសេ‌បា។ រួច​ហើយ​ស្តេច​អប៊ីម៉ា‌ឡិច​ក៏​ចេញ​ដំណើរ​ជា​មួយ​ភីកុល មេ‌ទ័ព​របស់​ស្តេច វិល​ត្រឡប់​ទៅ​ស្រុក​ភីលី‌ស្ទីន​វិញ។ 33អ៊ីព្រហ៊ីម​បាន​ដាំ​ដើម​អំពិល​មួយ​ដើម​នៅ​បៀរសេ‌បា ហើយ​គាត់​គោរព​បម្រើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដោយ​ហៅ​ថា អុលឡោះ‌តាអាឡា34អ៊ីព្រហ៊ីម​ស្នាក់​នៅ​ស្រុក​ភីលី‌ស្ទីន អស់​រយៈ​ពេល​យ៉ាង​យូរ។

ទើបបានជ្រើសរើសហើយ៖

កំណើត​ពិភព​លោក 21: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល